ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តនូវគម្រោងវិនិយោគចំនួន ៣ មានទឹកប្រាក់ជាង ១៦ លានដុល្លារទៅលើវិស័យរោងចក្រកាត់ដេរ និងស្បែកជើង សម្រាប់សប្តាហ៍ទី៣ នៃខែមីនានេះ ដែលបង្កើតការងារថ្មីជិត ៣ ពាន់កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២០ ខែមីនាថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៣ ដូចជា ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD សម្រប់គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗ ទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៤១ កន្លែង ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៨ កន្លែង និងក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមីនាថា កត្តាអំណោយផលផ្នែកសេដ្ឋកិច្ច ជាពិសេសភាពអនុគ្រោះពន្ធដែលកម្ពុជាទទួលបាន រួមជាមួយការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង គឺជាកត្តាទាក់ទាញវិនិយោគិនថ្មីចូល មកកម្ពុជាស្ទើរគ្រប់វិស័យ រួមទាំងវិស័យកាត់ដេរផងដែរ។
លោកបានថ្លែងថា៖ «ថ្មីៗនេះយើងបានអនុវត្តនូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងសេរីជាមួយចិន និងកូរ៉េខាងត្បូង ដែលអនុញ្ញាតឱ្យយើងអាចធ្វើការនាំចេញនូវផលិតផលរាប់ពាន់មុខទំនិញដោយរួចពន្ធ។ លើសពីនោះទៅទៀត យើងក៏នៅតែបន្តការអនុគ្រោះពន្ធនៅទីផ្សារអឺរ៉ុប និងអាមេរិក ដូច្នេះប្រទេស យើងនៅតែជាគោលដៅវិនិយោគមួយក្នុងតំបន់»។
លោកបានលើកឡើងថា ទោះបីជាបញ្ហាជំងឺកូវីដ ១៩ នៅពុំទាន់ត្រូវបានគ្រប់គ្រងបានទាំងស្រុង និងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែមិនទាន់បានបញ្ចប់ កម្ពុជាបានកំពុងបន្តអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចបានយ៉ាងល្អ ដោយរក្សាបាននូវកំណើនជាលំដាប់។
រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគឯកជនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ១៩៨,២លានដុល្លារ និងបង្កើតការងារបាន ៣៩ ៩១៤កន្លែង នារយៈពេល ២ខែដំបូងឆ្នាំ២០២៣ ដោយក្នុងនោះ ១៩ ស្ថិតក្នុងវិស័យវាយនភណ្ឌ។
យោងតាមការគណនារបស់ភ្នំពេញប៉ុស្តិ៍ដោយផ្អែកលើព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ CDC គឺក្នុងខែមករា-កុម្ភៈ ឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ២៧ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យវិនិយោគ ដែលមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់, កាបូប, ស្បែកជើង, សម្ភារកីឡា, កេសកាតុង, សម្ភារការិយាល័យ, អំពូលភ្លើង, ឧបករណ៍អគ្គិសនី, និងគ្រឿងសង្ហារិម ជាដើម។
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយបើធៀបនឹងឆ្នាំ២០២០។
ក្នុងនោះវិស័យហិរញ្ញវត្ថុ មានចំនួន ៩,៤ ពាន់លានដុល្លារ ស្មើនឹង ២២,៩ ភាគរយ, កម្មន្តសាល ៨,៥ ពាន់លានដុល្លារ ស្មើ ២០,៨ ភាគរយ, អចលនទ្រព្យ ៤,៩ ពាន់លានដុល្លារ ស្មើ ១២ ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ ស្មើនឹង ១០,៧ ភាគរយ, កសិកម្ម ៤,២ ពាន់លានដុល្លារ ស្មើ ១០,៣ ភាគរយ, អគ្គិសនី ២,៦ ពាន់លានដុល្លារ ស្មើនឹង ៦,២ ភាគរយ, សំណង់ ១,៦ ពាន់លានដុល្លារ ស្មើនឹង ៤,១ ភាគរយ និងផ្នែកផ្សេងៗ មានចំនួន ៥,៣ ពាន់លានដុល្លារ ស្មើនឹង ១៣ ភាគរយ៕