ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សា​ធា​រណការ​និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បាន​ព្រមាន​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ ប្រសិនបើ​ក្រុមហ៊ុន​សាងសង់​មិន​គោរព​កិច្ចសន្យា​។ ​ការ​ព្រ​មាន​បែបនេះ​ធ្វើឡើង​ក្នុងពេលដែល​លោក​រដ្ឋមន្ត្រី​ចុះ​ពិ​និត្យនៅ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​និង​ថៃ ​(​ស្ទឹង​បត់​បា​ណង​អៀន​)​ នៅ​ថ្ងៃទី​ ២០ ខែមីនា​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​អះអាងថា លោក​សង្ឃឹម​តិច​ណាស់ដែ​ល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​បា​ណង​អៀន អាច​រួចរាល់​ក្នុង​ខែ​ ៥​។​ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ បាន​ពិនិត្យ​រួចហើយ ឃើញថា ទោះជា​ក្រុមហ៊ុន​សាងសង់​ទទួលបាន​ថវិកា​គ្រប់​ចំនួន សម្រាប់​ការសាងសង់​ក៏ដោយ ក៏​លោក​មិន​មានការ​ជឿជាក់ថា ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​និង​ថៃ​មួយ​នេះ អាច​បញ្ចប់​តាម​ការកំណត់​ដែរ ដោយសារ​ក្រុមហ៊ុន​សាងសង់​ធ្លាប់បាន​ពន្យារពេល​៣​លើក​មកហើយ ដែល​គម្រោង​ត្រូវ​បញ្ចប់​តាំងពី​ ១ ​ឆ្នាំកន្លះ​មុន​មក​ម្ល៉េះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រ​​សិន​បើ​ក្រុមហ៊ុន​នៅ​បន្ត​ពន្យារ​​ពេល​បន្ថែម​លើស​រយៈ​ពេលដែល​ក្រសួង​បានកំណត់ នឹង​ទទួល​ការផាកពិន័យ​។ ដោយ​សារ​យើង​យោគយល់​បញ្ហា​កូ​វីដ ​១៩ ទើប​យើង​ឯកភាព​ជូន​គាត់ ដោយ​ពន្យារ​ដល់​ខែ​ ៥ ហើយ​យើង​ចាំ​មើលថា ខែ​៥​នេះ​ខាង​ក្រុមហ៊ុន​ធ្វើបាន​ប៉ុន្មាន​ភាគរយ​។​ប៉ុន្តែ​សូមជម្រាបថា​ឥឡូវនេះ​រថយន្ត​ទាំងអស់​ត្រូវ​ឆ្លងកាត់​ច្រក​នេះ​ជា​បណ្តោះ​អាសន្ន​វិញ ដោយសារ​ច្រក​ប៉ោយប៉ែត​មាន​អគ្គិភ័យ​។ គោលដៅ​ធំ​ក្នុងការ​សាងសង់​ស្ពាន​នៅ​ច្រក​ស្ទឹង​បត់​នេះ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​ ៥ ​នេះ គឺ​ដើម្បី​បញ្ចៀស​ការកកស្ទះ​នៅ​ប៉ោយប៉ែត មានន័យថា ទំនិញ​ត្រូវ​ចូល​តាម​ច្រក​ស្ទឹង​បត់​បា​ណង​អៀន ហើយ​អ្នកដំណើរ​ចូល​តាម ច្រក​ប៉ោយប៉ែត​»​។​

​លោក​បន្តថា កន្លងទៅ ភាគី​កម្ពុជា​បាន​ទទូច​ជា​យូរ​មកហើយ ដោយ​ស្នើ​សុំឱ្យ​ភាគី​ថៃ​បើក​ច្រក​នេះ​បណ្តោះអាសន្ន​សិន បើទោះបីជា​មិនទាន់​បញ្ចប់​ការសាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៃ​ប្រទេស​ទាំង​ ២ ​ក៏ដោយ ប៉ុន្តែ​ស្ពាន​បាន​សាងសង់​រួចរាល់​ហើយ ដោយមាន​ការគាំទ្រ​ពី ​JICA ផង ប៉ុន្តែ​ភាគី​ថៃ​មានការ​លំបាក​ច្រើន​លើ​ការអនុវត្ត​នីតិវិធី​។

​តែ​បច្ចុប្បន្ន ភាគី​ថៃ​បានអនុញ្ញាត​ហើយ ក្រោយ​ច្រក​ប៉ោយប៉ែត​មាន​អគ្គិភ័យ​។​លោក​បាន​បញ្ជាក់ទៀតថា​៖ «​បើតាម​មន្ត្រី​ច្រក​ស្ទឹង​បត់​រាយ​ការណ៍​មក​ខ្ញុំ រថយន្ត​ទំនិញ​ចេញ​តាម​ច្រក​នេះ​ងាយស្រួល​ជាង​ច្រក​ប៉ោយប៉ែត ដោយ​ចំណេញ​ពេលវេលា​ដល់​ទៅ​ ៣ ម៉ោង ព្រោះ​គ្មាន​ការកកស្ទះ​ចរាចរណ៍​។ នេះហើយ​ជា​គោលដៅ​ធំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​កិច្ច​សហការ​ជាមួយ​ភាគី​ថៃ បើក​ច្រកទ្វារ​ស្ទឹង​បត់​​បា​ណង​អៀន​នេះ ដើម្បី​បញ្ចៀស​ការកកស្ទះ ដូចនេះ​ច្រក​នេះ​មាន​សារៈសំខាន់​ណាស់​។​បើ​គ្មាន​ច្រក​នេះ​គឺ​នឹងមិន​អាចមាន​ទំនិញ​ចេញចូល​រវាង​កម្ពុជា​-​ថៃ ​(​អារញ្ញ​ប្រាថេត​) ​នោះទេ ព្រោះ​ច្រក​ប៉ោយ​នោះ​មាន​អគ្គិភ័យ​ឆេះ​ទៅហើយ​»​។​

​លោក​អះអាងថា ក្រសួង​នឹង​ខិតខំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ឱ្យ​ជំរុញ​នីតិវិធី​របស់ខ្លួន​ដើម្បី​បើក​ថវិកា​ជូន​អ្នក​សាងសង់​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ជំរុញ​ឱ្យ​ច្រកព្រំដែន​អន្តរជាតិ​បញ្ចប់​ការ​សាងសង់​បាន​ទាន់ពេលវេលា​។​

​ភាគី​ក្រុមហ៊ុន​សាងសង់​បាន​អះអាង​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា ដំណើរការ​សាងសង់​ច្រកទ្វារ​អន្តរជាតិ​នេះ​សម្រេចបាន​ជាង​ ៨០ ភាគរយ​ហើយ ដែល​គ្រោង​នឹង​រួចរាល់​ ១០០ ​ភាគរយ ចុង​ខែឧសភា ខាងមុខ​។​

​ប្រធាន​សមាគម​ភ័ស្តុភា​រកម្ម​កម្ពុជា​លោក ស៊ិន ចន្ទី បាន​ថ្លែងថា ក្រោយ​មានការ​អនុញ្ញាតឱ្យ​បើក​ច្រក​នេះ​ជា​បណ្តោះ​អាសន្ន​មក បានធ្វើឱ្យ​ចរាចរណ៍​ដឹកទំនិញ​រវាង​កម្ពុជា និង​ថៃ​កាន់​តែមាន​ភាពងាយស្រួល លឿន​រហ័ស និង​មិន​មានការ​កកស្ទះ​ដូច​ការដឹក​ទំនិញ​ចេញចូល​តាម​ច្រក​ប៉ោយប៉ែត​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការបើក​ច្រក​ស្ទឹង​បត់​បា​ណង​​អៀន​ជា​បណ្តោះអាសន្ន បានធ្វើឱ្យ​ការដឹកជញ្ជូន​កាន់តែ​ប្រសើរឡើង ហើយ​សកម្មភាព​ដឹកជញ្ជូន​នឹង​លឿន​រហ័ស​ជាង​មុន ចំណេញ​ពេលវេលា និង​ជំរុញ​ឱ្យ​ការដោះដូរ​ទំនិញ​​រវាង​កម្ពុជា និង​ថៃ​កាន់​តែមាន​កំណើន​។ យើង​រំពឹងថា នៅពេល​ច្រក​នេះ​បើក​ដំណើរការ​ជា​ផ្លូវការ លំហូរ​ចេញចូល​ទំនិញ​រវាង​កម្ពុជា និង​ថៃ កាន់​តែមាន​កំណើន​បន្ថែ​ម​ទៀត​»​។​

​តាម​របាយការណ៍ ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ក្នុង​រយៈ ២​ ខែ ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៣​ នេះ សម្រេចបាន​ជិត​ ៦៥៧ ​លាន​ដុល្លារ ថយចុះ​ជិត​ ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២២៕