ក្តីបារម្ភនិងការរំពឹងសម្រាប់បច្ចុប្បន្ននិងអនាគតពិភពលោកថា តើអ្វីទៅជាចំណោទបញ្ហាសកលដែលយើងគ្រប់គ្នាកំពុងប្រឈម និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង? ដូចនេះយើងត្រូវធ្វើការថ្លឹងថ្លែងរវាងការរីកលូតលាស់នៃពាណិជ្ជកម្ម និងកត្តាបរិស្ថាន។
យ៉ាងណាមិញ កិច្ចការពារបរិស្ថានជាការងារដែលស្ថិតក្នុងចំណោមការងារអាទិភាពចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាបានចូលរួមចំណែកត្រឹមតែ ០,០២% ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលក៏ដោយ ក៏ប្រទេសនេះជាប្រទេសដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងផងដែរ។ ប្រទេសកម្ពុជាអាចជួបប្រទះគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលមានផលប៉ះពាល់ចំពោះផលិតកម្មស្បៀងអាហារ ជាពិសេសដំណាំស្រូវ។
នៅក្នុងខែមីនា ឆ្នាំ ២០១៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង (National Policy on Green Growth) ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលបំភាយកាបូនទាប។ ដោយមានគោលនយោបាយរបស់រាជរដ្ឋាភិបាលដ៏សមស្រប ទីផ្សារមូលធនពិតជាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលមូលធនឯកជន សម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព។
ទោះបីជាទីផ្សារភាគហ៊ុនស្ថិតនៅដំណាក់កាលចាប់ផ្តើមនៃទីផ្សារសញ្ញាបណ្ណសាជីវកម្ម ដោយមានសញ្ញាបណ្ណចុះបញ្ជី និងវិនិយោគិនចូលរួមក្នុងទីផ្សារនៅមានទំហំតិចតួចនៅឡើយ ផ្សារមូលបត្រកម្ពុជានៅតែបន្តបេសកកម្មផ្សព្វផ្សាយ និងលើកទឹកចិត្តទៅដល់ក្រុមហ៊ុនសក្តានុពលទាំងឡាយ អាចពិចារណាដោយជ្រើសរើសនូវប្រភពហិរញ្ញប្បទានថ្មីនេះក្នុងការធ្វើពិពិធកម្មមូលធនរបស់ខ្លួន។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឱ្យចូលក្នុងទីផ្សារមូលធន។ សំខាន់ជាងនេះទៀត អត្ថប្រយោជន៍ពន្ធផ្សេងទៀតអាច នឹងទទួលបាន ប្រសិនបើទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយ ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍបែបបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាការអភិវឌ្ឍនៅក្នុងវិស័យ អាទិភាពណាមួយផងដែរ។
ជាមួយគ្នានេះដែរ និយ័តករមូលបត្រកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី បានដាក់ចេញនូវគោលការណ៍ណែនាំ លម្អិតសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងកាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ នេះ ដើម្បីជាជំនួយដល់ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងក្រុមការងារបោះផ្សាយឱ្យយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និងចំណុចពិចារណាគន្លឹះសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងផងដែរ។ សញ្ញាបណ្ណបៃតង និងឧបកណ៍ហិរញ្ញវត្ថុនិរន្តរភាពដទៃទៀត កំពុងតែ មានតម្រូវការកើនឡើងយ៉ាងខ្លាំង។
សាច់ប្រាក់ដែលបានពីការកៀរគរទុននៃសញ្ញាបណ្ណបៃតងត្រូវចំណាយទៅលើគម្រោងបៃតង និងពង្រីកគម្រោងថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ទៅបរិស្ថាន និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ភាពជាបៃតង អាចរួមបញ្ចូលថាមពលកកើតឡើងវិញ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ការអភិរក្ស ការដឹកជញ្ជូនមិនបង្កកង្វក់បរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងសេដ្ឋកិច្ចបៃតង កំណើនការងារ និងប្រាក់ចំណូលត្រូវបានជំរុញដោយការ វិនិយោគ សាធារណៈ និងឯកជនទៅក្នុងសកម្មភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិដែលកាត់បន្ថយការបញ្ចេញ កាបូន និងការបំពុល ការបង្កើនប្រសិទ្ធភាពថាមពល និងធនធាន ព្រមទាំងការទប់ស្កាត់ការ បាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
សញ្ញាបណ្ណបៃតង គឺសំដៅទៅលើការបោះផ្សាយ មូលបត្របំណុល ឬសញ្ញាបណ្ណ ជាលក្ខណៈបៃតង ដែលក្រុមហ៊ុនបោះផ្សាយអាចធ្វើការជ្រើសរើសនូវក្របខ័ណ្ឌមួយក្នុងចំណោម ៤ ក្របខ័ណ្ឌខុសៗគ្នារួមមានក្របខ័ណ្ឌសហភាពអឺរ៉ុប (NextGenerationEU Green Bond framework), គោលការណ៍សញ្ញាបណ្ណបៃតង (Green Bond Principles), ស្តង់ដា សញ្ញាបណ្ណបៃតងអាស៊ាន (ASEAN Green Bonds Standard) and គំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ (Climate Bonds Initiative)។
ក្របខ័ណ្ឌទាំងនេះ ចែងពីការកំណត់អត្តសញ្ញាណ និងលក្ខខណ្ឌបែបណាដែលហៅថា អាជីវកម្មបៃតងដែលអាចធ្វើការបោះផ្សាយ និងចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជាបាន ដើម្បីដើរស្របទៅនឹងផែនការ បរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម (ESG)។ ជាមួយសមិទ្ធផលថ្មីនេះ ផ្សារមូលបត្រកម្ពុជាបានចូលរួម និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានចូលរួមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាពផងដែរ។
ដូច្នេះ ក្រុមហ៊ុនសក្តានុពលអាចធ្វើការកៀរគរទុនពីសាធារណជនក្នុងទម្រង់ជាសញ្ញាបណ្ណ បៃតង ជាមួយនឹងវិនិយោគិនស្ថាប័នអាចចាប់ផ្តើមបញ្ចូលកត្តា ESG ទៅក្នុងការសម្រេចចិត្តធ្វើការវិនិយោគរបស់ពួកគេ ដើម្បីចូលរួមលើកស្ទួយបរិស្ថាន និងជួយដល់ប្រទេសកម្ពុជាក្នុងការផ្លាស់ ប្តូរទៅកាន់សេដ្ឋកិច្ចដែលមានការបំភាយកាបូនទាប និងមានភាពធន់នឹងអាកាសធាតុ៕
រៀបរៀងដោយ៖ ផ្សារមូលបត្រកម្ពុជា នាយកដ្ឋាន ចុះបញ្ជី និងផ្តល់ព័ត៌មាន
អ៊ីមែល៖ listing@csx.com.kh ទូរស័ព្ទ៖ 023 95 88 88/ 023 95 88 85
សេចក្តីប្រកាស៖ អត្ថបទនេះត្រូវ បានចងក្រងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងការអប់រំប៉ុណ្ណោះដោយមិនផ្តល់អនុសាសន៍ណាមួយ ទាក់ទងនឹងការវិនិយោគទេ។ ផ្សារមូលបត្រកម្ពុជាមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់អត្ថបទនេះឡើយ។