ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាល សាធារណជន ម្ចាស់អាជីវកម្ម និងវិស័យឯកជនបន្តរួមគ្នាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ដើម្បីចូលរួមកាត់បន្ថយដុល្លារូបនីយកម្ម ជាពិសេសការអនុវត្តនយោបាយរូបិយវត្ថុសំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកស្រី ជា សិរី ទេសាភិបាលរងនៃ NBC បានថ្លែងនៅក្នុងខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញនៅថ្ងៃទី ២០ ខែមីនាថា ចាប់ពីឆ្នាំ ១៩៩៨ មកអត្រាប្តូរប្រាក់មានកម្រិតមធ្យម គឺ ៤ ០៣៦ រៀល ក្នុង ១ ដុល្លារ ដោយប្រែប្រួលក្នុងរង្វង់ ១ ភាគរយក្នុង ១ ឆ្នាំ។ ស្ថិរភាពតម្លៃប្រាក់រៀលបានបង្ហាញពីសុខភាពល្អនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍដ៏រឹងមាំ ដែលធ្វើឱ្យប្រជាជន និងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបន្តថា ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅទូទាំងប្រទេស។
លោកស្រីនិយាយថា៖ «ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព ពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ ប្រាក់រៀល គឺជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូច្នេះការចូលរួមប្រើប្រាស់ប្រាក់រៀល ពិតជាបានរួមចំណែកដោយផ្ទាល់ និងប្រយោលដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសង្គម»។
លោកស្រីបន្តថា កម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជាបានដាក់កំហិតដល់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដោយសារ NBC អាចមានឥទ្ធិពលតែទៅលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈប្រាក់ដុល្លារស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក។
លោកស្រីលើកឡើងថា៖ «ខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន/សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាក់រៀលដែលជារូបិយវត្ថុជាតិរបស់យើង»។
លោក ស្រ៊ុន សុភ័ក្ត្រ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើបទបង្ហាញក្នុងកម្មវិធីនោះថា ប្រទេសកម្ពុជា មានបញ្ហាពិសេសមួយ គឺការប្រើរូបិយប័ណ្ណ ២ គឺប្រាក់រៀល និងដុល្លារអាមេរិកដែលដំណើរការស្របគ្នាក្នុងចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម រយៈពេលជិត ៣ ទសវត្សរ៍មកហើយ។ លោកបន្តថា សេដ្ឋកិច្ចដែលគ្រប់គ្រងដោយប្រាក់ដុល្លារជាបន្ត អាចប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់កម្ពុជា ដើម្បីដាក់ចេញនូវគោលនយោបាយរូបិយវត្ថុដែលមានមូលដ្ឋានទូលំទូលាយ ខណៈជោគវាសនាដុល្លារពឹងផ្អែកលើធនាគារកណ្តាលអាមេរិក។
លោកបានថ្លែងថា៖ «ឥឡូវនេះអាចជាពេលវេលាអំណោយផលក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងរបៀបវារៈរបស់រដ្ឋាភិបាល ខណៈប៉ារ៉ាម៉ែត្រម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញថា ទីផ្សារបច្ចុប្បន្ន គឺត្រៀមខ្លួនជាស្រេចសម្រាប់រូបិយប័ណ្ណជាតិដើម្បីធ្វើជាមធ្យោបាយចម្បងក្នុងការទូទាត់»៕