ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies កាលពីថ្ងៃទី ២០ ខែមីនា បានស្នើដល់ក្រុមហ៊ុននេះ ពិនិត្យលទ្ធភាពនាំចូលកសិផលកម្ពុជា ដែលអាចនាំចូលទៅទីផ្សារប្រទេសអ៊ីស្រាអែលបាន និងមានទីផ្សារជាក់លាក់ តម្លៃខ្ពស់ ចំណេញច្រើន និងមាននិរន្តរភាពសេដ្ឋកិច្ច ដូចជាដំណាំប៊័រ មណ្ឌលគិរី ដែលត្រូវមានការសិក្សាទាំងលើប្រព័ន្ធស្រោចស្រព និងគោលដៅទីផ្សារ។
លោកថ្លែងថា៖ «ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម និងតម្លៃនៃប្រទេសទាំង ២ ពិសេសឱកាសទីផ្សារទាំងការនាំចេញ និងនាំចូល ហើយសម្រាប់ក្រសួងស្វាគមន៍រាល់ការវិនិយោគកសិកម្មមកកាន់កម្ពុជា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀង ធានាបាននូវស្ថិរភាពផ្គត់ផ្គង់ក្នុងស្រុក និងលទ្ធភាពសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជាជប៉ុនជាដើម»។
ក្រៅពីការស្នើឱ្យក្រុមហ៊ុនអ៊ីស្រាអែលនាំចូលកសិផលកម្ពុជាហើយ លោក ឌិត ទីណា ក៏បានស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្មនេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង ដោយសារតែ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល ១១ ខែ នៅប្រទេសអ៊ីស្រាអែល។
លោករដ្ឋមន្ត្រី បានថ្លែងណែនាំឱ្យមានការយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់និស្សិតហាត់ការ ព្រមទាំងជំរុញនិស្សិតឱ្យចាប់យកជំនាញភាសាបរទេសពិសេសភាសាអង់គ្លេស ដើម្បីពង្រីកការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ រួមទាំងបច្ចេកទេសផលិតកម្មដំណាំ ការសិក្សាពីប្រព័ន្ធស្រោចស្រពនៅអ៊ីស្រាអែល ដែលអាចយកមកសិក្សាបន្ថែមពីលទ្ធភាពនៅកម្ពុជា ដើម្បីឈានទៅដល់ការធ្វើកសិកម្មវៃឆ្លាត (Smart Farm)។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២១ ខែមីនា ថា វិស័យឯកជនក្នុងស្រុកមានការគាំទ្រចំពោះបច្ចេកវិទ្យាថ្មី មកពីប្រទេសអ៊ីស្រាអែល ដោយកន្លងមកក៏មានក្រុមហ៊ុនមួយចំនួន បានមកវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាផ្នែកកសិកម្មនេះដែរ។
លោកហេង បានបញ្ជាក់ថា៖ «កន្លងមកសូម្បីតែចម្ការរបស់ខ្ញុំ ក៏បានប្រើប្រាស់បច្ចេកវិទ្យាកសិកម្មមកពីអ៊ីស្រាអែលដែរ ដោយមិនត្រឹមមានការរៀបចំប្រព័ន្ធស្រោចស្រពនោះទេ តែក៏មានបច្ចេកវិទ្យាលើការធ្វើរង ការដាក់ជីកសិកម្ម និងការបង្កាត់ពូជថ្មីៗជាដើម»។
លោក លឹម ហេង បានបន្តថា៖ «យើងរំពឹងថា នឹងមានការវិនិយោគបន្ថែមទៀតពីខាងអ៊ីស្រាអែល ជាពិសេសក្រោយពីមានការសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអ៊ីស្រាអែល។ម្យ៉ាងវិញទៀតការអភិវឌ្ឍធនធានមនុស្សក៏រឹតតែសំខាន់ បើសិនជាសិស្សនិស្សិតកសិកម្មយើង ទៅសិក្សារៀនសូត្រនៅអ៊ីស្រាអែលបានច្រើន ខ្ញុំជឿថា វិស័យកសិកម្មកម្ពុជា នឹងកាន់តែរីកចម្រើន»។
បើតាមក្រសួងកសិកម្ម កម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល ១១ ខែ នៅប្រទេសអ៊ីស្រាអែល ផ្តោតលើការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្ម បានចាប់ផ្តើមឡើងនៅឆ្នាំ ២០០៨ មកដល់បច្ចុប្បន្ន ហើយគិតត្រឹមឆ្នាំ ២០២៣ នេះ និស្សិត មាន ១៥ ជំនាន់ហើយ ដែលមាននិស្សិតបានចូលរួមកម្មវិធីហាត់ការសរុបចំនួន ១ ៧១៩ នាក់។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ខាងមុខនេះ នឹងមាននិស្សិតចំនួន ២០០ នាក់បន្ថែមទៀតចូលរួមក្នុងកម្មវិធីនេះ។
លោក ដែង តារា អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល នៅថ្ងៃទី ២១ ខែមីនា បានថ្លែងថា កន្លងទៅ សមាគមបានធ្វើការងារមួយចំនួន ក្នុងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងឯកជន របស់កម្ពុជា និងអ៊ីស្រាអែល ដោយបច្ចុប្បន្ន កំពុងជំរុញការផ្សព្វផ្សាយពីវិនិយោគពីកម្ពុជាទៅកាន់អ៊ីស្រាអែល។
លោក តារា បានថ្លែងថា៖ «យើងក៏បានភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋនៃប្រទេសទាំង ២ ដែលនឹងនាំទៅដល់ការចុះអនុស្សរណៈផ្សេងៗផងដែរ ជាក់ស្តែងយើងក៏កំពុងធ្វើការជាមួយក្រសួងអប់រំដើម្បីមានលទ្ធភាពបញ្ជូននិស្សិតកម្ពុជាទៅអ៊ីស្រាអែលដើម្បីទទួលបាននូវការអប់រំស្តង់ដា អាចជាលក្ខណៈអាហារូបករណ៍ ឬបង់ថ្លៃ»។
លោក ដែង តារា បានបន្ថែមថា ខាងសមាគម រង់ចាំកិច្ចសហការជានិច្ច ជាពិសេសជាមួយក្រសួងកសិកម្ម ក្នុងការជំរុញធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា និងអ៊ីស្រាអែល មានទំនាក់ទំនងកាន់តែប្រសើរលើការផ្លាស់ប្តូរបទពិសោធន៍ការងារកសិកម្ម។
លោក តារា ថ្លែងថា ជាពិសេសការនាំចូលបច្ចេកវិទ្យាទំនើប មកប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាទាក់ទាញអ្នកវិនិយោគពីអ៊ីស្រាអែលមកកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះកម្ពុជាមានសក្តានុពលជាច្រើនដូចជា កត្តាធនធានមនុស្ស ទីតាំងភូមិសាស្ត្រ និងការគ្រប់គ្រងដ៏ល្អរបស់រាជរដ្ឋាភិបាលជាដើម៕