ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជារកចំណូលបានប្រមាណ ១ ៨៥៣ ពាន់លានរៀលនៅក្នុងខែមករា ឆ្នាំ ២០២៣ ដែលស្មើនឹង ៧,១៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិសម្រេចបាន ១ ០៨៨ ពាន់លានរៀល ស្មើ ៣,១៣ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣។ សេដ្ឋវិទូបានលើកឡើងថា ចំណូល និងចំណាយកំពុងឆ្លុះបញ្ចាំងអំពីការជំរុញសកម្មភាពសេដ្ឋកិច្ច ចំពេលភាពតានតឹងផ្នែកសេដ្ឋកិច្ចសកល និងក្នុងតំបន់។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ការអនុវត្តថវិកាថ្នាក់ជាតិ ទទួលបានអតិរេកសរុប ៧៦៥ ពាន់លានរៀល។ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិមានចំនួន ១ ៨៥៣ ពាន់លានរៀល ស្មើ ៧,១៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើន ១១,២០ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ដែលក្នុងនោះចំណូលសារពើពន្ធ បាន ១ ៧៥៤ ពាន់លានរៀល ស្មើ ៧,៤៩ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ កើន ៨,៦៧ ភាគរយ។
ខណៈចំណូលមិនមែនសារពើពន្ធសម្រេចបាន ១០០ ពាន់លានរៀល ស្មើ ៤,៦៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើន ៨៨,៦៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ១ ០៨៨ ពាន់លានរៀល ស្មើនឹង ៣,១៣ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ដែលក្នុងនោះ ចំណាយមូលពន្ធ សម្រេចបាន ២៩៧ ពាន់លានរៀល ថយចុះ ៥៤,៩០ ភាគរយ រីឯចំណាយចរន្ត សម្រេចបាន ៧៩១ ពាន់លានរៀល កើនឡើង ៨៣១ ភាគរយបើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ ២០២២។
«ជារួមការអនុវត្តចំណាយសម្រាប់ឆ្នាំ ២០២២ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម បន្តដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលបន្តភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។
ជាក់ស្តែងការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបាន ១៤១ ពាន់លានរៀល ស្មើ ២,២ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាលសរុបមាន ៣៣ ពាន់លានរៀល»។ នេះបើយោងតាមក្រសួង។
លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Co Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២២ ខែមីនាថា ល្បឿននៃការបង្កើនការប្រមូលចំណូលពន្ធក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះដែលមានភាពល្អប្រសើរនឹងត្រូវប្រឈមនឹងបញ្ហានៅឆ្នាំ ២០២៣ នេះដែលរដ្ឋាភិបាលបានព្យាករសេណារីយោនេះតាំងពីចុងឆ្នាំ ២០២២។
ទោះយ៉ាងណាលោកអះអាងថា ការប្រមូលចំណូលពន្ធបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារការអនុវត្តរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការបំពេញចំណូលពន្ធជាតិបានយ៉ាងល្អ ពិសេសចំណូលមិនមែនសារពើពន្ធកំពុងកើនឡើង ដែលជាធម្មតាគឺចំណូលតែងតែពឹងផ្អែកយ៉ាងខ្លាំងទៅលើចំណូលពន្ធនៅក្នុងថវិកាចំណូលជាតិ៕