ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំមន្ត្រីឱ្យយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍ និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែចង្វាក់ផលិតកម្មតាំងពីអ្នកផលិតរហូតដល់ទីផ្សារ។
ក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យាព្រោះការងារនេះនឹងជួយដល់កសិករ ដែលមិនទាន់មានទីផ្សារនិងគ្មានខ្សែបណ្តាញ។ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២១ មីនា។
សម្រាប់កិច្ចពិភាក្សា លោករដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោតលើការអភិវឌ្ឍធនធានទាំងក្នុងនិងក្រៅក្រសួងដើម្បីទទួលបានធនធានប្រកបដោយសក្តានុពលពិតប្រាកដ។ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយបង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។
លើសពីនេះលោក ឌិត ទីណា បញ្ជាក់ថា៖ «ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែចង្វាក់ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានរំឭកនិងលើកទឹកចិត្តដល់អង្គសន្និបាតប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ដើម្បីពិភាក្សាប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។
លោកថា សន្និបាត គឺជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍សហគមន៍ កសិកររួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែជាការបូកសរុបនោះទេ ហើយការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។ បើតាមលោក ឌិតទីណា គោលនយោបាយកសិកម្មនឹងជួយឱ្យវិស័យឯកជនដឹងពីអ្វីដែលត្រូវធ្វើ ត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការដែលត្រូវអនុវត្តនិងគោលដៅដែលត្រូវសម្រេច។
បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួលនិងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង។
ចំណែកការកសាងផែនការសម្រាប់ឆ្នាំ ២០២៤ នាពេលខាងមុខ លោករដ្ឋមន្ត្រី បានណែនាំពីអាទិភាពសំខាន់របស់ក្រសួងគឺនៅតែបន្តផ្តោតលើសន្តិសុខស្បៀង ដោយរកបានចំណូល មានចំណេញ និងបន្តការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកគឺមានលទ្ធភាពគ្រប់គ្រងក្នុងខ្សែចង្វាក់ផលិតកម្មទាំងមូល។
មួយវិញទៀត គឺនិរន្តរភាពគឺការពិនិត្យថែរក្សាធនធានដែលមានស្រាប់ ដូចជាធនធានដី ការប្រើប្រាស់នូវវិទ្យាសាស្ត្រដើម្បីបន្ថយចំណាយ បង្កើនតម្លៃបន្ថែម និងប្រសិទ្ធភាពសេដ្ឋកិច្ច៕