គណៈ​កម្មាធិការ​បច្ចេកទេស​អន្តរ​ក្រសួង បានបើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន ដើម្បី​តាក់តែងលិខិត​បទដ្ឋាន​គតិយុត្ត គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិ​សម្រាប់​គ្រប់គ្រង និងអភិវឌ្ឍ ​យានយន្ត​អគ្គិសនី (គ.ល.គ.យ.អ) និង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពីផែនទី​បង្ហាញផ្លូវ​សម្រាប់​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជា​ប្រធាន​គណៈ​កម្មាធិការ​បច្ចេកទេស​អន្តរក្រសួង​ដើម្បី​តាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិសម្រាប់​គ្រប់គ្រង និងអភិវឌ្ឍ​យានយន្ត​អគ្គិសនី (គ.ល.គ.យ.អ) លោក ស៊ុន ចាន់ថុល ដែលបាន​អញ្ជើញ​ជាអធិបតី​ដឹកនាំ​កិច្ចប្រជុំ​នោះបាន​ជំរុញ​លើក​ទឹកចិត្ត​សមាជិក​គណៈ​កម្មាធិការ​បច្ចេកទេស​អន្តរ​ក្រសួង​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ពង្រីក​ស្ថានីយ​ឱ្យបាន​កាន់តែ​ច្រើននៅ​តាមបណ្ដា​ខេត្ត​រៀងៗខ្លួន។ លោកបន្ត​ថា៖«ត្រូវ​រិះរក​គ្រប់​មធ្យោបាយ ព្រម​ទាំង​យន្តការនានា សម្រាប់​គាំទ្រ​ការលើក​ទឹកចិត្ត​ផ្សេងៗ ដល់​អ្នកប្រើប្រាស់​យានយន្ត​អគ្គិសនី ដើម្បី​បង្កលក្ខណៈ​កាន់តែ​មានភាព​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង»។

លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​អំពី​ទិដ្ឋភាព​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​បច្ចុប្បន្ន​មាន​ចំនួន ១៣ កន្លែង ដោយ ៤ កន្លែង​នៅក្នុង​បរិវេណ​ទីស្ដី​ការក្រសួងសាធារណការ និងដឹកជញ្ជូន នៅខេត្ត​ព្រះសីហនុ ១ កន្លែង ខេត្ត​សៀមរាប ១ កន្លែង នៅខេត្ត​បាត់ដំបង ១ កន្លែង និង​ស្ថានីយ​ឯកជន​មាន​ចំនួន ៦ កន្លែង​បន្ថែមទៀត។

សូមជម្រាប​ថា កិច្ចប្រជុំ​នេះ​បានផ្ដោត​ជាសំខាន់​លើ​របៀបវារៈ​មួយចំនួន​រួមមាន ១ បើក​កិច្ចពិភាក្សា​ដំបូង​របស់ គ.ល.គ.យ.អ ទី២ ផ្សព្វផ្សាយ​អនុក្រឹត្យ និង​សេចក្ដី​សម្រេច​នៃ​ការបង្កើត គ.ល.គ.យ.អ និងទី៣ ពិភាក្សា​ស្វែងរក​ធាតុចូល​សំខាន់ៗ​ដើម្បី​ប្រមូល​ទិន្នន័យ និងយោបល់​ចូលរួម​ពីសំណាក់​អង្គ​ប្រជុំ ក្នុងគោល​បំណង​ជំរុញ​ការអភិវឌ្ឍ​យានយន្ត​អគ្គិសនី និង​ពង្រឹង​កិច្ចសហការរវាង​ស្ថាប័ន​ពាក់ព័ន្ធ។

បន្ថែមពីលើ​នេះ ក្នុងកិច្ច​ប្រជុំ​លើក​ដំបូង ក៏មាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដី​ពីផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ដើម្បី​ពិនិត្យ​និងស្វែងរក​ធាតុចូល​បន្ថែម​ឱ្យមាន​ន័យកាន់​តែស៊ី​ជម្រៅ និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ផែន​ទីបង្ហាញ​ផ្លូវ​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ដែលគាំទ្រ​ដោយ UNDP Cambodia៕