ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទទៅតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម ចុះថ្ងៃទី២២ ខែមីនា បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីបានណែនាំថា “សូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួង ទេសចរណ៍ ចូលរួមជាមួយគា្នដើម្បីដាក់ជាតម្លៃកុំឱ្យពិបាកសួរ។
យោងតាមអនុសាសន៍នេះ ក្រសួង ពាណិជ្ជកម្ម បានជូនដំណឹងដល់មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តទាំងអស់ ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់នូវចំណុចត្រូវអនុវត្តមួយចំនួនដូចជា គ្រប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រកាសចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។
ប្រកាសកាលពីឆ្នាំ ២០១៧ នោះគឺស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទដែលមានអត្ថន័យដូចជា៖ ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ, ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាត ដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត, លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយៈពេល ១ឆ្នាំ។ លិខិតអនុញ្ញាតដែល ហួសសុពលភាព ចាំបាច់ត្រូវសុំការអនុញ្ញាតសាជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
ក្រៅពីនោះ ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាត បិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ, ការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទី៣ នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម, ស្ថានីយ/ ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬ កន្លែងងាយមើលឃើញចម្ងាយប្រមាណជា ២០០ម៉ែត្រ, នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។
លើសពីនោះក្រសួងបានបញ្ជាក់ថា៖ «គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន»៕