ភ្នំពេញៈ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី១កន្លែងនៅព្រែកព្នៅ និងជាឈ្មួញកណ្តាលប្រមូលទិញផលវារីវប្បកម្មពីកសិករ បានលើកឡើងថា បច្ចុប្បន្នការចិញ្ចឹមត្រីរំអិល (ត្រីអត់ស្រកា) មានចំនួនច្រើនដោយអាចផ្គត់ផ្គង់ក្នុងស្រុកបាន ១០០ ភាគរយ ហើយថែមទាំងអាចឈានដល់ការនាំចេញទៀតផង ខណៈការចិញ្ចឹមត្រីមានស្រកាក្នុងស្រុកមានប្រមាណត្រឹម១០ភាគរយប៉ុណ្ណោះ។
លោក យន់ សុវណ្ណារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី១កន្លែងនៅព្រែកព្នៅ បានឱ្យដឹងថា ដោយសារការតែការផ្គត់ផ្គង់ត្រីមានស្រកានៅមានកម្រិតដូច្នេះហើយ ទើបកម្ពុជានាំចូលប្រភេទត្រីមានស្រកាបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ។ បញ្ហានេះបានធ្វើឱ្យក្លាយជាឱកាសសម្រាប់កសិករ ឬវារីវប្បករ បង្កើនការចិញ្ចឹមត្រីមានស្រកាដើម្បីបំពេញតម្រូវការទីផ្សារ និងអាចកាត់បន្ថយការនាំចូលបាន។
លោកបានបញ្ជាក់ថា៖ «ត្រីរំអិល (ត្រីអត់ស្រកា) បើធៀបនឹងត្រីមានស្រកា គឺត្រីរំអិល មានទីផ្សារធំជាង,តម្លៃថោកជាង,ងាយផលិតជាង និងតម្លៃដើមផលិតទាបជាង។ ដោយឡែកត្រីស្រកា ជាប្រភេទត្រី ដែលពិបាកផលិត ពិបាកចិញ្ចឹម ដោយសារវាត្រូវការអុកស៊ីហ្ស៊ែនខ្ពស់ ដែលធ្វើឱ្យតម្លៃផលិតខ្ពស់ ដូចនេះការលក់ចេញទៅក៏ខ្ពស់ដែរ ហើយទីផ្សារនៅតូចជាងត្រីរំអិលទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវផ្តោតលើនោះ គឺការផលិតត្រីស្រកានេះ ដោយសារតែយើងផលិតមិនទាន់បាន ហើយនាំចូលពីក្រៅ»។
លោក យន់ សុវណ្ណារិទ្ធ បានបន្តថា ការផលិតត្រីស្រកានៅកម្ពុជាមានកម្រិតនេះ ដោយសារតែកត្តាមួយចំនួនដូចជា បញ្ហាបច្ចេកទេសក្នុងការផលិតពូជ និងបច្ចេកទេសក្នុងការចិញ្ចឹមខ្ពស់។ នៅកម្ពុជា ការចិញ្ចឹមត្រីស្រកាស្ថិតនៅកម្រិតទី២ ខណៈកម្រិតទី៣ ផ្ដោតលើប្រភេទបង្គា បង្កង ជាដើម ដែលការចិញ្ចឹមត្រូវការទំនើបកម្មខ្ពស់ ទើបទទួលបានទិន្នផលច្រើន សម្រាប់បំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូលបាន។
លោកសុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងដែរថា ត្រីស្រកាមានតម្លៃថ្លៃជាងត្រីរំអិលតាំងពីដើមមក ដោយសារតែការចិញ្ចឹមត្រូវការចំណាយច្រើនជាង និងបច្ចេកទេសចិញ្ចឹមខ្ពស់ជាងទើបវារីវប្បករភាគច្រើនចូលចិត្តចិញ្ចឹមត្រីរំអិលច្រើនជាងត្រីស្រកា។
លោកបានបញ្ជាក់ថា៖«ប្រភេទត្រីស្រកា ដូចជា ត្រីឆ្តោ ត្រីរ៉ស់ ត្រីដៀប ត្រីឆ្ពិន ត្រីទីឡាប់ព្យ៉ា សុទ្ធតែថ្លៃជាងត្រីប្រា ត្រីអណ្តែង ព្រោះត្រីស្រកានេះពិបាកចិញ្ចឹម ចិញ្ចឹមមិនងាយនឹងធំ ហើយចំណីក៏ថ្លៃជាងត្រីរំអិលដែរ ទើបគេមិនសូវចិញ្ចឹម។ ត្រីស្រកានេះ អ្នកលក់រាយអាចលក់បានថ្លៃ ប៉ុន្តែអ្នកលក់បោះដុំមិនសូវជាចំណេញច្រើនទេ»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងកសិកម្មថ្មីៗនេះ បានលើកឡើងដែរថា ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពត្រូវបានជំរុញដើម្បីធានាបានការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សាបានតុល្យភាពតម្លៃទីផ្សារ។
លោកបានបញ្ជាក់ថា៖«កាលពីឆ្នាំ២០២២ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង៨៦២ពាន់តោន កើនឡើង០,៦៨ភាគរយ ធៀបនឹងឆ្នាំ២០២១»។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលបានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ការចិញ្ចឹមត្រីអនុវត្តបាន៣៣០ ៦០០តោន ស្មើនឹងជាង៩១ភាគរយនៃផែនការ និងថយចុះ ១៧ ៧៥០តោន បើធៀបនឹងឆ្នាំ២០២១៕