ភ្នំពេញៈ សមាគមតំណាងវិស័យស្រូវអង្ករ និងអ្នកនាំចេញបានសាទរចំពោះផែនការរបស់រាជរដ្ឋាភិបាលក្នុងការទម្លាក់ទុន ១០០ លានដុល្លារនាពេលខាងមុខក្នុងទិសដៅជំរុញការផលិត និងការប្រមូលទិញស្រូវដើម្បីជំរុញការនាំចេញ។
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជានឹងទម្លាក់ទុន ១០០ លានដុល្លារដល់វិស័យស្រូវដើម្បីបង្កើតផលិតភាព និងទីផ្សារ។ លោកបន្តថា វិស័យកសិកម្មបានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀងដែលបណ្តាលមកពីវិបត្តិកូវីដ ១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញជាបន្តបន្ទាប់ក្នុងការកែច្នៃស្រូវអង្ករ និងពង្រីកទីផ្សារនៅលើពិភពលោក។
បើទោះបីពិភពលោកជួបនូវការប្រែប្រួលយ៉ាងណា ក៏កម្ពុជាមិនមានការខ្វះខាតស្បៀងឡើយ ដោយក្នុង១ឆ្នាំកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។
លោកថ្លែងថា៖ «យើងនឹងទម្លាក់ទុនសម្រាប់បញ្ហាស្រូវ ១០០ លានដុល្លារ នៅពេលខាងមុខនេះ។ យើងនឹងទម្លាក់ទុន ១០០ លានសម្រាប់ទីផ្សារស្រូវ»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងក្នុងពិធីនោះថា ក្រសួងនឹងបន្តការអនុវត្តនៃការផ្តល់ឥណទានការប្រាក់ទាប ដែលត្រូវប្រើប្រាស់ជាមធ្យោបាយលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយដែលចង់ចងក្រងជាបណ្តាញពីកសិករដល់ទីផ្សារ និងអនុវត្តផលិតកម្មតាមកិច្ចសន្យា។ លោកបន្តថា ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាបនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឥណទានប្រមាណ ៣៨០ លានដុល្លាររួចហើយដល់កសិករនៅក្នុងឆ្នាំ ២០២២ ទាំងកសិករ ទាំងអ្នកកែច្នៃ ដែល ៦០ ភាគរយនៃឥណទានមានការប្រាក់ទាបប្រចាំឆ្នាំក្នុងរង្វង់តែ ៥ ទៅ ៥,៥ ភាគរយប៉ុណ្ណោះ។
លោកថ្លែងថា៖ «ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាបនឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់»។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមីនា ថា ក្រសួងរបស់លោកបានត្រៀមកញ្ចប់ថវិកានេះរួចហើយដើម្បីផ្តល់ទៅឱ្យវិស័យស្រូវអង្ករធ្វើជាទុនបង្វិល។
លោកប្រាប់ថា៖ «សម្រាប់កញ្ចប់ថវិកានេះគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រៀមរួចរាល់អស់ហើយ។ ដូច្នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងធ្វើការលើការងារចាត់ចែងថវិកានេះ»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបញ្ចេញទុនបន្ថែមរបស់រដ្ឋាភិបាល គឺជាការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលលើវិស័យស្រូវអង្ករ ពិសេសទុននេះនឹងជួយរក្សាបាននូវនិរន្តរភាពថ្លៃ និងផ្តល់លទ្ធភាពបន្ថែមដល់ផ្នែកឯកជនក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃទីផ្សារដើម្បីជំរុញការនាំចេញអង្ករ។
លោកនិយាយថា៖ «ទុនហ្នឹង គឺពិតជាមានសារៈសំខាន់ណាស់ដល់ផ្នែកឯកជនដែលជាអ្នកផលិត និងនាំចេញ ព្រោះបញ្ហាកង្វះទុនក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋបានធ្វើឱ្យតម្លៃស្រូវមិនមានស្ថិរភាព ដូច្នេះទុនដែលរដ្ឋាភិបាលគ្រោងទម្លាក់នេះគឺពិតជាសំខាន់ខ្លាំងណាស់ដែលនឹងធ្វើឱ្យកសិផលមានតម្លៃល្អ និងមានស្ថិរភាព។ ទុននេះគឺជាសញ្ញាមួយពិសេសដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការជួយលើកកម្ពស់វិស័យនេះកាន់តែខ្លាំងថែមទៀត ជាពិសេសការនាំចេញនឹងកាន់តែមានកំណើន»។
បើយោងតាមលោក សុឃាំង គិតមកដល់ពេលនេះការនាំចេញអង្ករកម្ពុជានៅបន្តរក្សាបានកំណើន ខណៈតម្រូវការក៏កើនឡើងដែរ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice យល់ឃើញថា ទុននឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុននាំចេញដែលតែងមានបញ្ហាកង្វះទុននៅពេលរដូវប្រមូលផល អាចបង្កើនការទិញស្រូវពីប្រជាកសិករយកមកស្តុកទុក និងកិនដើម្បីនាំចេញ។
លោកប្រាប់ថា៖ «យើងសង្កេតឃើញថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ក្នុងការជួយលើកកម្ពស់វិស័យស្រូវអង្ករ ដោយសារកន្លងមកយើងតែងជួបបញ្ហាកង្វះទុនដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដែលធ្វើឱ្យមានការកកស្ទះ និង តម្លៃក៏ចុះថោក។ កន្លងមកផ្នែកឯកជនក៏បានរួមគ្នាធ្វើការជាមួយក្រសួងកសិកម្មដើម្បីជួយកសិករ។ ទុនដែលរដ្ឋាភិបាលគ្រោងបញ្ចេញនេះនឹងជួយលើកកម្ពស់វិស័យនេះថែមទៀត ពិសេសរក្សាបានស្ថិរភាពថ្លៃជូនប្រជាពលរដ្ឋ»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ២ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាតាមរយៈក្រុមហ៊ុននាំចេញអង្ករ ៤០ បាននាំចេញអង្ករជិត ១០ ម៉ឺនតោន គិតជាប្រាក់ ៧២,៦៧ លានដុល្លារទៅកាន់ទីផ្សារចំនួន ៣៨ ប្រទេស៕