ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានថ្លែងថា ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាប នឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់ នៅក្នុងវិស័យកសិកម្ម។
លោកថ្លែងថា៖ «ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គ ទាំងឡាយដល់ការអនុវត្តការច្រងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទានប្រមាណ ៣៨០ លានដុល្លារអាមេរិករួចហើយដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្មដល់ជាង ៦០ ភាគរយ នៃឥណទាននេះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ ទៅ ៥,៥ ភាគរយប៉ុណ្ណោះ»។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងពិធីសម្ពោធបើកសាខាថ្មីរបស់លោក នៅខេត្តបាត់ដំបង ធ្លាប់បានលើកឡើងថា ក្នុងគោលបំណងផ្តល់សេវាធនាគារពេញលេញតាមបណ្តាខេត្ត ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ឱ្យកាន់តែងាយស្រួលជាងមុន ក្នុងការទទួលបានឥណទានមានការប្រាក់ទាប។
លោកថ្លែងថា៖ «ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការជាការិយាល័យចល័តចំនួន ១៥ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឱ្យទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានភាពរីកចម្រើន»។
លោក កៅ ថាច បានបន្តថា លើសពីនេះ ដើម្បីពង្រីកវិសាលភាពការទូទាត់អន្តរធនាគារ ធនាគារ ARDB បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ចូលជាសមាជិកប្រព័ន្ធបាគង ដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤៦ ជាសមាជិក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ឱ្យដឹងដែរថា អត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ ទៅ ៥,៥ភាគរយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនាពេលបច្ចុប្បន្ននេះ ជាអត្រាការប្រាក់មួយស្ថិតនៅក្នុងកម្រិតមធ្យម ដែលអាចទទួលយកបាន ខុសពីធនាគារពាណិជ្ជផ្សេងៗទៀត ដែលមានអត្រាការប្រាក់ខ្ពស់។
លោកថ្លែងថា បច្ចុប្បន្ននេះ ការទទួលប្រាក់បញ្ញើផ្សេងៗពីអតិថិជន គឺធនាគារបានដំឡើងអត្រាការប្រាក់ដល់ជាង ៨ ភាគរយទៅហើយ ដែលនេះជាក្តីបារម្ភមួយសម្រាប់អ្នកដែលត្រូវការទុន។
លោកបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ទុនដល់ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ជួយដល់វិស័យកសិកម្មនេះ គឺរឿងនេះល្អណាស់ ដែលអាចរុញការអភិវឌ្ឍដល់វិស័យកសិកម្មទំនើប ហើយការធ្វើកសិកម្មទំនើបនេះ យើងត្រូវការតាំងពីទុន បច្ចេកវិទ្យា ធនធានមនុស្ស»។
លោក លឹម ហេង ថ្លែងថា រដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគ នៅក្នុងវិស័យកសិកម្មនេះ តាមរយៈអ្នកមានក្នុងស្រុក និងអ្នកវិនិយោគពីក្រៅប្រទេសតាមរយៈការលើកលែងពន្ធផ្សេងៗឱ្យបាន ខណៈកន្លងទៅនៅក្នុងច្បាប់វិនិយោគថ្មី ការលើកទឹកចិត្តផ្នែកពន្ធចំពោះវិស័យនេះនៅមានកម្រិតនៅឡើយ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា ក្នុងឆ្នាំ ២០២២ កន្លងទៅ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៤,៧១ លានតោន ក្នុងនោះ ដំណាំស្រូវចំនួន ១១,៦២ លានតោន ដោយមានអតិរេក ៦,២៩ លានតោន ដំណាំសាកវប្បកម្មចំនួន ៤,៤២ លានតោន និងដំណាំឧស្សាហកម្មចំនួន ១៨,៦៧ លានតោន។ កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដែលមានតម្លៃសរុបប្រមាណជិត ៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨,៦ លានតោន ទៅកាន់ទិសដៅ ៧៤ ប្រទេស កើនឡើង ៧,៨ ភាគរយ ធៀបឆ្នាំ ២០២១៕