ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំក្រសួងកសិកម្មឱ្យជំរុញបន្ថែមការផលិតពូជសុទ្ធស្រូវផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ហើយលោកក៏បានប្រកាសផ្ដល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿងដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជផងដែរ។
នៅក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៤ ខែមីនា លោក ហ៊ុន សែន បានថ្លែងថា៖ «ចំពោះការផលិតពូជស្រូវខ្ញុំសូមណែនាំឱ្យជំរុញបន្ថែមការផលិតពូជសុទ្ធផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ ដូច្នេះការងារនេះខ្ញុំសូមផ្ដល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿងដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ»។
លោកថ្លែងថា ដោយសារកត្តាពូជស្រូវនេះសំខាន់ ទើបម៉ាស៊ីនស្ទូងស្រូវទាំង ១០០ គ្រឿងនេះត្រូវដាក់ទៅកាន់តំបន់ផលិតពូជស្រូវដើម្បីបើកទូលាយឱ្យប្រជាពលរដ្ឋអាចដាំដុះ។ ពូជស្រូវនេះមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែនៅក្រៅស្រុកក៏មានតម្រូវការផងដែរ ហើយត្រូវបន្តនៅក្នុងដំណើរផលិតពូជស្រូវនេះ។
លោក ហ៊ុន សែន លើកឡើងថា ការអភិវឌ្ឍពូជសុទ្ធទាំងរុក្ខជាតិនិងសត្វដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិតភាពខ្ពស់គឺជាកត្តាចាំបាច់ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគ។
ពាក់ព័ន្ធការស្រាវជ្រាវពូជល្អៗ លោកបានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់ និងជំរុញការអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិស័យឯកជន ហើយត្រូវផ្តល់ការលើកទឹកចិត្តតាមរយៈការចុះបញ្ជីពូជឱ្យបានទាន់ពេលវេលា។
ក្រៅពីនេះ លោក ហ៊ុន សែន បានណែនាំមន្ត្រីពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងចីរភាពព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុហើយថា ការអភិវឌ្ឍកសិកម្មត្រូវតែមានផែនការច្បាស់លាស់ដែលឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។
លោកថ្លែងថា ក្រសួងពាណិជ្ជកម្មត្រូវជួយវាយតម្លៃជាប្រចាំនូវតម្រូវការទីផ្សារ និងសហការសម្របសម្រួលទីផ្សារសម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេស។ លោកថា ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់អាទិភាពទៅលើគ្រួសារក្រីក្រឱ្យទទួលបានលទ្ធភាពក្នុងការប្រកបមុខរបរកសិកម្មប្រកបដោយស្ថិរភាពតាមបែបប្រពលវប្បកម្ម។
ចំពោះចីរភាព លោកណែនាំឱ្យក្រសួងកសិកម្មបន្តយកចិត្តទុកដាក់លើការថែរក្សាគុណភាពដី និងសន្សំសំចៃការប្រើប្រាស់ទឹកដោយប្រើប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពខ្ពស់ផ្នែកថាមពល។
ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ លោកហ៊ុន សែន ណែនាំដល់ក្រសួងធនធានទឹកនិងឧតុនិយមត្រូវរៀបចំផែនការថែរក្សាទឹកសម្រាប់រដូវប្រាំង និងព្យាករទឹកជំនន់ឱ្យបានទាន់ពេល។ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យពន្លឿនការរៀបចំផែនការ និងការអនុវត្តគំនិតផ្ដួចផ្ដើមប៉ូលសេដ្ឋកិច្ចទី ៤ នៅភាគពាយព្យដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផល វារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
លោក ហ៊ុន សែន បានណែនាំមន្ត្រីថា៖ «ត្រូវរៀបចំឱ្យបានហ្មត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំសង្កាត់នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។ ដើម្បីស្របគោលដៅនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តការងារប្រកបដោយសហថាមពលពោលគឺត្រូវស្ថិតក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងក្នុងពិធីនោះថា ក្នុងឆ្នាំ ២០២២ កន្លងទៅ ផលិតកម្មដំណាំសម្រេចបាន ៣៤ លានតោន ក្នុងនោះដំណាំស្រូវជាង ១១ លានតោនដែលមានអតិរេក ៦ លានតោន។ សម្រាប់ដំណាំសាកវប្បកម្មវិញ ផលិតបាន ៤,៤ លានតោន និងដំណាំឧស្សាហកម្ម ១៨ លានតោន។
លោកបានបន្តថា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញជាផ្លូវការផលិតផលកសិកម្មដែលមានតម្លៃសរុបប្រមាណជិត ៥ ០០០ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨,៦ លានតោនទៅកាន់ទិសដៅ ៧៤ ប្រទេសដែលកើនឡើង ៧,៨ ភាគរយធៀបនឹងឆ្នាំ ២០២១។ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣ ៧០០០ តោនកើនឡើង ៣,២៣ ភាគរយធៀបនឹងឆ្នាំ ២០២១ និងកសិផលក្រៅពីអង្ករបាន ៥,៧៨ លានតោនកើនឡើង ១១,៦ ភាគរយធៀបនឹងឆ្នាំ ២០២១។
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២,២ ភាគរយក្នុងផលិតផលសរុបក្នុងស្រុក។ ក្រសួងបានបញ្ចេញពូជស្រូវថ្មី ២ ប្រភេទ គឺចំប៉ីស ៧០ និងកង្រីដែលទើបបង្កាត់បាន។ ពូជចំប៉ីស ៧០ គឺជាប្រភេទពូជស្រូវស្រាលដែលមានអាយុកាល ៩៣ ដល់ ៩៧ ថ្ងៃ មានគ្រាប់អង្ករសថ្លា និងក្លិនក្រអូបឈ្ងុយ និងផ្ដល់ទិន្នផលជាមធ្យមពី ៣,២ ដល់ ៤,៩ តោនក្នុង ១ ហិកតា។
លោកបន្ថែមថា៖ «ឯពូជកង្រីកាន់តែមានប្រភេទស្រាលជាងនេះទៅទៀតដែលមានអាយុកាលខ្លីបំផុតគឺត្រឹម ៧៨ ដល់ ៨៤ ថ្ងៃប៉ុណ្ណោះ ជាស្រូវមិនប្រកាន់រដូវ ផ្តល់ទិន្នផលមធ្យម ៤,៣ ដល់ ៧,១ តោនក្នុង ១ ហិកតា»៕