ភ្នំពេញៈ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ព្រមានថា នឹងធ្វើការផាកពិន័យចំពោះម្ចាស់អាជីវកម្មដែលមិនបិទស្លាកតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួន តាមការណែនាំរបស់អាជ្ញាធរ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយក្រើនរំឭកដល់អាជីវករ សេវាករ និងពាណិជ្ជករទាំងអស់ ឱ្យបិទស្លាកតម្លៃលើទំនិញ ឬសេវាកម្មគ្រប់ប្រភេទកាលពីសប្ដាហ៍មុន។ លោកថា ម្ចាស់អាជីវកម្មដែលមិនគោរពតាមការណែនាំអាចនឹងរងការផាកពិន័យជាទឹកប្រាក់ពី ៥ ម៉ឺនរៀល ដល់ ៥ សែនរៀល។
លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកន្លងទៅ គឺជាការដាស់តឿនក្រើនរំឭកបន្ថែម ដល់ អាជីវករ សេវាករ និងពាណិជ្ជករទាំងអស់ត្រូវបិទស្លាកតម្លៃលើទំនិញ និងសេវាកម្មគ្រប់ប្រភេទដែលបានដាក់លក់នៅតាមហាងឬអគារលក់ទំនិញរបស់ខ្លួន។ ប្រកាសនោះ គឺណែនាំឱ្យអាជីវករ នៅហាងធំៗ ដូចជាផ្សារទំនើប និងបណ្តាផ្សារធំនានាផ្សេងទៀត ត្រូវបិទស្លាកតម្លៃលើទំនិញនិងសេវាកម្មគ្រប់ប្រភេទ ដែលបានដាក់លក់នៅតាមហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល ហើយអាចបិទជាប្រាក់ដុល្លារនៅខាងក្រោមបានដោយអត្រាការប្រាក់កំណត់ដោយធនាគារជាតិនៃកម្ពុជា។
លោកបញ្ជាក់ថា៖ «ការធ្វើបែបនេះក្នុងគោលដៅការពារកេរ្តិ៍ឈ្មោះកម្ពុជា នៅពេលដែលមានភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ឃើញពីស្លាកតម្លៃជាក់លាក់លើផលិតផល ឬសេវាកម្ម អាចបង្កលក្ខណៈងាយស្រួលដល់អតិថិជន។ ម្យ៉ាងវិញទៀត វាក៏ជាការលើកស្ទួយភាពត្រឹមត្រូវ និងតម្លាភាពរបស់ធុរកិច្ចកម្ពុជា និងលើកស្ទួយប្រាក់រៀលយើងផងដែរ»។
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ឱ្យដឹងថា កបប ចេញសេចក្តីណែនាំដល់ប្រធានសាខា ក.ប.ប. រាជធានី ខេត្តទាំងអស់ អនុវត្តនូវសកម្មភាពមួយចំនួនដូចជា ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងណែនាំដល់ពាណិជ្ជករ អាជីវករ សេវាករ នៅតាមបណ្តាផ្សារ ផ្សារទំនើប ផ្ទះលក់ទំនិញ អំពីការបិទស្លាកតម្លៃលើមុខទំនិញនិងសេវារបស់ខ្លួនឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ និងប្រកាសចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧។ ប្រធានសាខា ក.ប.ប រាជធានី ខេត្តទាំងអស់ នឹងថតចម្លង សេចក្តីជូនដំណឹង និងប្រកាសនេះ ចែកជូនដល់ពាណិជ្ជករ អាជីវករ សេវាករទាំងនោះផងដែរ។
លោកព្រមានថា៖ «ក្នុងករណីទទួលបានការណែនាំម្តងហើយ នៅតែមិនគោរពតាមត្រូវណែនាំនិងធ្វើកិច្ចសន្យាឱ្យអនុវត្តតាមសេចក្តីជូនដំណឹង និងប្រកាសរបស់ក្រសួងពាណិជ្ជកម្មជាដាច់ខាត។ ក្នុងករណីធ្វើកិច្ចសន្យាហើយ នៅតែមិនគោរពតាមសូមអនុវត្តវិធានការពិន័យអន្តរការណ៍ តាមនីតិវិធីច្បាប់ ដោយមិនលើកលែង»។
លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន អិមជីផេស៊ីហ្វិកឯ.ក ដែលជាក្រុមហ៊ុនផលិតក្រដាសពីផលិតផលពាក់កណ្ដាលសម្រេច ថ្លែងថា ការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការបិទស្លាកតម្លៃជាប្រាក់រៀល ទៅលើទំនិញ ឬសេវាកម្មនានានោះ នឹងបង្កភាពងាយស្រួលដល់អតិថិជន ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិតែម្តងខណៈដែលកន្លងទៅ លោកហាក់មានភាពមន្ទិលច្រើនលើការដាក់ស្លាកតម្លៃជាប្រាក់ដុល្លារ ដោយសារតែបញ្ហាអត្រាប្តូរប្រាក់។
លោកថា៖ «ដោយសារតែអត្រាប្តូរមិនមានភាពទៀងទាត់ ពេលខ្លះធ្វើឱ្យអ្នកទិញមានបញ្ហាច្រើន នៅពេលដែលផលិតផលនោះដាក់លក់ជាប្រាក់ដុល្លារ។ ខ្ញុំពិតជាគាំទ្រគំនិតផ្តួចផ្តើមនេះខ្លាំងណាស់ ព្រោះវាមិនត្រឹមតែបង្កភាពងាយស្រួលដល់អ្នកទិញទេ ថែមទាំងអាចលើកស្ទួយប្រាក់រៀលខ្មែរឱ្យមានការចរាចរកាន់តែច្រើនទៀតផង»៕