ភ្នំពេញៈ កម្ពុជាមានផែនការវិនិយោគលើការដាំដុះស្រូវនៅប្រទេសគុយបា ដើម្បីជួយពង្រីកការចែកចាយអង្ករកម្ពុជា និងផ្តល់លទ្ធភាពដល់ប្រទេសនេះក្នុងការពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជា។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងផែនការនេះក្នុងពិធីបិទសន្និបាតក្រសួងកាលពីថ្ងៃទី ២៤ ខែមីនា។
លោកបានឱ្យដឹងថា ក្រសួងកំពុងសិក្សាពីលទ្ធភាពក្នុងការជំរុញឱកាសវិនិយោគ និងការនាំចេញនៅនឹងកន្លែង ក្រៅពីការនាំចេញនៅនឹងកន្លែងជូនចំពោះអ្នកទេសចរ មានន័យថាកម្ពុជានឹងវិនិយោគនៅក្នុងប្រទេសមួយចំនួនជាដំណាំស្រូវ និងលក់នៅក្នុងទីផ្សារប្រទេសនោះតែម្តង។
លោកថ្លែងថា៖ «គោលដៅដំបូងគឺនឹងកំណត់នៅប្រទេសគុយបា ដែលយើងនឹងយកពូជស្រូវដែលមានអាយុទាបដើម្បីពង្រឹងសន្តិសុខស្បៀងនៅប្រទេសនេះ។ ជាមួយគ្នានេះប្រទេសកូតឌីវ័រក៏ចាប់អារម្មណ៍ពូជស្រូវកម្ពុជាយើងដែរ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែមីនាថា ផែនការនឹងមានការចាប់អារម្មណ៍ពីបណ្តារោងម៉ាស៊ីនកិនស្រូវ និងនាំចេញក្នុងស្រុក ដែលវាជាឱកាសថ្មីមួយទៀតសម្រាប់វិស័យនេះ ខណៈគុយបាក៏ជាប្រទេសនាំចូលអង្ករច្រើនផងដែរក្នុង ១ ឆ្នាំៗ។
លោកនិយាយថា៖ «ខ្ញុំមិនបានដឹងច្បាស់ពីស្ថានភាពស្រូវអង្ករនៅប្រទេសគុយបាទេ ប៉ុន្តែខ្ញុំដឹងថា ប្រទេសគុយបាបាននាំចូលអង្ករពីប្រទេសនានាច្រើនដែរ។ ខ្ញុំយល់ឃើញថា វាក៏ជាឱកាសសម្រាប់វិនិយោគិនយើងក្នុងការទៅបង្កើតរោងចក្រវេចខ្ចប់ និងចែកចាយនៅទីនោះ ដោយយើងអាចធ្វើការដឹកអង្ករពីយើងទៅវេចខ្ចប់ និងចែកចាយ នៅទីនោះ»។
លោក ឡាយ ឈុនហ៊ួរ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd ដែលជាក្រុមហ៊ុនមានរោងម៉ាស៊ីនកិនស្រូវធំនៅខេត្តបាត់ដំបងបាននិយាយថា លោកធ្លាប់បានជួបប្រជុំជាមួយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងធ្លាប់បានឮអំពីការដាំដុះស្រូវនៅប្រទេសគុយបា ប៉ុន្តែលោកក៏ពុំទាន់ទទួលព័ត៌មានបន្ថែមលើរឿងនេះទេ។
លោកប្រាប់ថា៖ «ខ្ញុំធ្លាប់ជួបប្រជុំជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីដែលគាត់បានលើកពីប្រទេសគុយបា និងជំរុញលើកទឹកចិត្តដល់កម្ពុជាយើងទៅដាំដុះ និងមានទីផ្សារស្រាប់នៅទីនោះ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនធ្លាប់មានបទពិសោធន៍នៅទីនោះទេដូចជាស្ថានភាពដី និងអាកាសធាតុជាដើម។ នេះគឺជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យកសិកម្ម បើយើងទៅសិក្សានៅទីនោះ ដោយសារខាងរដ្ឋាភិបាលគុយបាមានទីផ្សារស្រាប់ដូច្នេះយើងគ្រាន់តែទៅវិនិយោគដាំដុះ កិន និងចែកចាយ។ បើតាមខ្ញុំដឹងទីផ្សារគុយបាបាននាំចូលអង្ករច្រើន ប៉ុន្តែខ្ញុំពុំដែលបានសិក្សាពីឱកាសវិនិយោគនៅទីនោះទេ។ ខ្ញុំដឹងថា លោករដ្ឋមន្ត្រីគាត់ធ្លាប់ទៅទស្សនកិច្ចនៅទីនោះ ដូច្នេះវាក៏ជាឱកាសដែរ ប្រសិនវិនិយោគិនយើងអាចទៅសិក្សាបន្ថែមព្រោះខាងរដ្ឋាភិបាលគុយបាអាចនឹងផ្តល់ការអនុគ្រោះនានាសម្រាប់ការវិនិយោគ»។
កាលពីដើមខែធ្នូឆ្នាំ ២០២២ លោក ឌិត ទីណា ក៏បានជួបប្រជុំជាមួយលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជា ដែលក្នុងជំនួបនោះភាគីគុយបាបានស្នើសុំដល់លោករដ្ឋមន្ត្រីក្នុងការបញ្ជូនអ្នកជំនាញកសិកម្មដើម្បីទៅចែករំលែកចំណេះដឹង និងបទពិសោធន៍ផែ្នកកសិកម្មជាពិសេសការដាំដុះស្រូវដល់ប្រទេសខ្លួន។
លោករដ្ឋមន្ត្រីក៏បានសន្យាថា នឹងរៀបចំគណៈប្រតិភូ និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្មទៅទស្សនកិច្ចនៅប្រទេសគុយបាក្នុងការចែករំលែកបទពិសោធន៍ និងស្តាប់នូវធាតុចូលនានាក្នុងការអភិវឌ្ឍវិស័យកសិកម្មជាពិសេសការដាំដុះស្រូវនៅប្រទេសគុយបាតែម្តង៕