នៅ​ចុងខែ​មីនានេះ តម្លៃ​មាស​បាន​កើនឡើង​ជិតដល់តម្លៃ ២ ០៧៤ ដុល្លារ (ក្នុង​ ១​ អោនស៍​) ដែលជា​តម្លៃ​ខ្ពស់បំផុត​ ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​មាស និង​បាន​កើន​ឡើង​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​ក្នុងឆ្នាំ​ ២០២០​។

ស្ថិតក្នុង​ស្ថានភាព​វិបត្ដិ​សេដ្ឋកិច្ចពិភពលោក ស្រប​ពេលដែល​ធនាគារ​មួយចំនួន​របស់​សហរដ្ឋ​អាមេរិក​ បាន​ដួលរលំ ហើយ​ថ្មីៗ​នេះ ធនាគារ Credit Suisse កំពុងមាន​បញ្ហា​ទុន ដោយ​អតិថិជន​បាន​ដក​ប្រាក់​ចំនួន ១២៣ ពាន់​លាន​​ហ្រ្វង់ស្វ៊ីស (១៣៣ ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​ ២០២២ ដែល​ទើបនឹង​រាយការណ៍​ នៅ​ខែកុម្ភៈ​នេះ ជាមួយ​ការខាតបង់​សុទ្ធ​ប្រចាំឆ្នាំ​ជិត ៧,៣ ពាន់​លាន​ហ្រ្វង់ស្វ៊ីស (៧,៩ ពាន់​លាន​ដុល្លារ​អាមេរិក​) ដែលជា​ការខាតបង់​ធំ​​បំផុត​ចាប់​តាំងពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​ ២០០៨ មក។

​មន្ត្រី​អាមេរិក និង​អឺរ៉ុប ​បាន​ព្រមាន​កាលពី​ចុង​សប្តាហ៍​មុន​ថា វិស័យ​ធនាគារ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ចំពោះ​សញ្ញាណ​មួយ​នៃ​វិបត្តិ​ឥណទាន ​ដែល​អាច​កើន​មាន​។ ប្រភព​ចុងក្រោយ​នៃ​ការព្រួយបារម្ភ​ទីផ្សារ​បានមកពី​ធនាគារ Deutsche Bank AG (ETR:DBKGn) ដែល​ភាគហ៊ុន​របស់​ពួកគេ​បាន​ធ្លាក់ចុះ​សប្តាហ៍​មុន បន្ទាប់ពី​តម្លៃ​ធានារ៉ាប់រង​បំណុល​របស់​ធនាគារ ​ស​ម្រា​ប់​ប្រឆាំងនឹង​ភាពមិនប្រក្រតី កើន​ឡើងដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ​៥ ឆ្នាំ​។​

ផ្អែកលើ​បញ្ហា​ទាក់ទង​នឹង​សេដ្ឋកិច្ច​សកល​ផ្សេងទៀត​ដូចជា​៖ បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​រ៉ាំរ៉ៃ​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ ជាដើម វា​ធ្វើឱ្យ​មាស​មានឱកាស​កើនឡើង​កាន់តែច្រើនដែល​អាច​បំបែក​តម្លៃ​ខ្ពស់​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​វា​បាន​៕