
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យបើកការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ខណៈរដ្ឋាភិបាល មានផែនការលើកកម្ពស់វិស័យដឹកជញ្ជូន និងទេសចរណ៍រវាងប៉ូលសេដ្ឋកិច្ចទាំង ២ ឱ្យមានសកម្មភាពកាន់តែខ្លាំង។
លិខិតក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចុះហត្ថលេខា ដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ឱ្យដឹងថា ក្រុមហ៊ុន CRBC នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ការសិក្សានេះនឹងធ្វើឡើងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។
លិខិតបានបញ្ជាក់ថា៖ «ក្នុងន័យនេះក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅក្នុងដែនសមត្ថកិច្ចដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន លើដំណើរការសិក្សាពីគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឱ្យបានរលូន។ ដំណើរការសិក្សានឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែមីនាថា ក្នុងនាមវិស័យទេសចរណ៍លោកពិតជាចង់ឃើញមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ព្រោះតាមរយៈបទពិសោធន៍ផ្លូវល្បឿនលឿនទី ១ (ភ្នំពេញ-ក្រុងព្រះសីហនុ) គឺលោកសង្កេតឃើញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍រវាងប៉ូលសេដ្ឋកិច្ចទាំង ២ មានការផ្លាស់ប្តូរយ៉ាងច្រើនបន្ទាប់ពីផ្លូវនេះបើកដំណើរការកាលពីចុងឆ្នាំមុន។ ផ្លូវល្បឿនលឿន មិនត្រឹមតែមានសុវត្ថិភាព និងចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរំលែកចរាចរណ៍ពីផ្លូវជាតិបានច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «បើមានផ្លូវល្បឿនលឿននេះខ្ញុំមានជំនឿថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ខណៈវិស័យទេសចរណ៍បានរួមចំណែកយ៉ាងច្រើនសម្រាប់ចំណូលគ្រួសារ និងសេដ្ឋកិច្ចជាតិ។ នៅពេលផ្លូវធ្វើដំណើរងាយស្រួល ចរាចរណ៍ទំនិញនិងមនុស្សក៏នឹងកើនឡើងដែរ»។
ចំណែកប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា ប្រាសាទអង្គរវត្ត (សៀមរាប) ជាគោលដៅទេសចរណ៍កំពូលរបស់ភ្ញៀវទេសចរពីគ្រប់ទិសទី ដូច្នេះពេលមានផ្លូវល្បឿនលឿន ខេត្តសៀមរាបនឹងទទួលបានភ្ញៀវកាន់តែច្រើន ខណៈភ្ញៀវចេញពីសៀមរាបមកភ្នំពេញក៏មានកាន់តែច្រើន។ លោកបន្ថែមថា ការបង្កើតឱ្យមានផ្លូវកាន់តែច្រើន គឺជាការផ្តល់នូវជម្រើសសម្រាប់អ្នកទេសចរ រួមទាំងការដឹកទំនិញ។
លោកបានប្រាប់ទៀតថា ជាការពិតផ្លូវល្បឿនលឿននឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ ប៉ុន្តែសម្រាប់វិស័យដឹកជញ្ជូនក៏មានផលចំណេញដែរ ព្រោះពេលភ្ញៀវធ្វើដំណើរទៅកន្លែងណាច្រើន ការដឹកជញ្ជូនទំនិញ រួមទាំងម្ហូបអាហារទៅទីនោះក៏មានច្រើនដែរ។
លោកបញ្ជាក់ថា៖ «ក្នុងនាមអ្នកនៅក្នុងវិស័យដឹកជញ្ជូន ខ្ញុំពិតជារីករាយដែលរដ្ឋាភិបាលដាក់ចេញនូវផែនការបង្កើននូវប្រសិទ្ធភាពនៃការដឹកជញ្ជូនជាបន្តបន្ទាប់។ ផ្លូវកាន់តែច្រើន នឹងជួយឱ្យការចំណាយកាន់តែតិចជាងមុន»។
ប្រទេសកម្ពុជា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២២ បានបើកឱ្យដំណើរការជាផ្លូវការផ្លូវល្បឿនលឿនទី ១ របស់ខ្លួនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលផ្លូវខាងលើបានចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារ ខណៈផ្លូវល្បឿនលឿនទី ២ ដែលចេញពីរាជធានីភ្នំពេញ ទៅក្រុងបាវិត គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗ (ឆ្នាំ ២០២៣) ក្រោមទុនវិនិយោគប្រមាណ ១ ៧០០ លានដុល្លារ។ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប រាជរដ្ឋាភិបាលក៏មានផែនការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ផងដែរ៕