ភ្នំពេញ៖ ក្រុមហ៊ុន ខេ (ខេមបូឌា) បានដាក់សម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា និងជាការឆ្លើយតបទៅនឹងតម្រូវការកំពុងមានសម្ទុះកើនឡើងផងដែរ។
វត្តមាននៃរោងចក្រដំឡើងរថយន្តម៉ាក ISUZU គឺជារោងចក្រទី៧ហើយ ដែលបើកដំឡើងដោយផ្ទាល់នៅកម្ពុជា។ កាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខរថយន្តម៉ូដែល Ford បានបើករោងចក្រដំឡើងរថយន្ត Ford ដែលមានទឹកប្រាក់វិនិយោគចំនួន ២១ លានដុល្លារ នៅខេត្តពោធិ៍សាត់ បានដាក់ឱ្យដំណើការនៅខេត្តពោធិ៍សាត់ ។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើងគឺបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC លើកឡើងថា៖ «រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ ២០ ឆ្នាំ មុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុន។
វត្តមាននៃគម្រោងវិនិយោគនេះ នៅខេត្តកំពង់ស្ពឺ ក៏ជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រនៅតាមបណ្តាខេត្តផងដែរ។ ជាក់ស្តែង ក្នុងអំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ប្រមាណ ៦០% នៃគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានា ក្រៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ។
បើយោងតាមលោក សុខ ចិន្តាសោភា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្ត ដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong,Soueast, Dongfeng,Ford, និង Toyota ហើយថ្ងៃនេះម៉ាកយីហោដ៏ល្បីមួយទៀត គឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលសបញ្ជាក់ពីជំនឿយ៉ាងមុតមាំពីសក្តានុពលនៃទីផ្សាររថយន្តកម្ពុជា ដែលមានការកើនឡើងជាលំដាប់ស្របនឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រ Ford ថា រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារ ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩ ០០០ គ្រឿង ក្នុង ១ ឆ្នាំ។
លោកបានថ្លែងថា៖«តាមរយៈកំណើនសេដ្ឋកិច្ច និងកម្រិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ការប្រើប្រាស់រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខគេរបស់អតិថិជននៅកម្ពុជា។
លោកសុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៏មានការវិនិយោគក្នុងការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសម្បកកង់រថយន្តចំនួន ២ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ នៅខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ ៨៧១ លានដុល្លារអាមេរិក ដែលនឹងមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជាផងដែរ។
លោកបានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តឱ្យឈានឡើងមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ដោយឡែកច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់នូវវិស័យអាទិភាពនានា ដែលទទួលបានការលើកទឹកចិត្តវិនិយោគ និងការលើកទឹកចិត្តនានា រួមទាំងការលើកទឹកចិត្តសម្រាប់ការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក និងការលើកទឹកចិត្ត ចំពោះសកម្មភាពមួយចំនួន ដូចជាការផ្តល់ការបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតខ្មែរ ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរតាមរយៈការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាព កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ។ល៕