ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់នឹងពេលនេះ ក្រសួងកសិកម្ម បានជួយសម្របសម្រួល រវាងរោងម៉ាស៊ីនកិនស្រូវចំនួន ៧ និងសហគមន៍កសិកម្មចំនួន ២៣ ហើយ ក្នុងការចុះកិច្ចសន្យាកសិកម្ម នៅក្នុងខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កំពង់ឆ្នាំង និងព្រៃវែង ខណៈដែលក្រសួងគ្រោងនឹងជំរុញឱ្យមានការចុះកិច្ចសន្យាឱ្យបាន ១៣ ខេត្ត ក្នុងឆ្នាំ ២០២៣ នេះ។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ខែមីនាថា កាលពីថ្ងៃទី ២៧ ខែមីនា លោកនិងក្រុមការងារក្រសួងកសិកម្ម ទើបតែបានចូលរួមជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផ្គត់ផ្គង់ស្រូវចំណី រវាងសហគមន៍កសិកម្ម និងរោងម៉ាស៊ីន ដោយភាគីទាំង ២ បានចុះកិច្ចសន្យាកសិកម្មចំនួន ១៦ ក្នុងនោះ ១ ជាកិច្ចសន្យាផលិតពូជ ត្រូវបានព្រៀមព្រៀងចុះហត្ថលេខារវាងរោងម៉ាស៊ីន ចំនួន ៥ និងសហគមន៍កសិកម្មផលិតស្រូវចំនួន ១៦។
លោក យ៉ង សាំង កុមារ បានឱ្យដឹងទៀតថា កិច្ចសន្យាទាំងនេះគ្របដណ្ដប់លើ ១៦ សហគមន៍ ដែលមានកសិករផលិតចំនួន ៨០៦ គ្រួសារមានផ្ទៃដី ១ ៤៦៥ ហិកតា និងបរិមាណស្រូវ ៥ ៨០៥ តោន។
ក្រសួងតែងតែណែនាំឱ្យអ្នកពាក់ព័ន្ធគោរពលក្ខខណ្ឌនៃកិច្ចសន្យា និងមានភាពស្មោះត្រង់ ដើម្បីឱ្យការអនុវត្តកិច្ចសន្យានេះប្រកបដោយជោគជ័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបន្ថែម នៅរដូវខាងមុខបន្ត។
លោក យ៉ង សាំង កុមារ ថ្លែងថា លើសពីនេះ ភាគីទាំងអស់ រួមទាំងមន្ទីរកសិកម្មផង ត្រូវបន្តការសហការ ចុះពិនិត្យតាមដាន លើដំណើរផលិតកម្ម និងការអនុវត្តកិច្ចសន្យានេះ។
លោកបានបញ្ជាក់ថា៖ «ក្រៅពីទទួលបានស្រូវដែលមានគុណភាពល្អ និងតម្លៃសមរម្យ ទាំងរោងម៉ាស៊ីន និងសហគមន៍ នឹងអាចទទួលបានការគាំទ្រទុនកម្ចីដែលមានការប្រាក់ទាបផងដែរ។ យើងនឹងខិតខំជំរុញការងារកិច្ចសន្យាកសិកម្មនេះ ឱ្យរួចរាល់បានមុនរដូវច្រូតកាត់មកដល់ យ៉ាងយូរបំផុតត្រឹមខែ ៤ នេះ សម្រេចឱ្យបាន ១៣ ខេត្ត ដែលមានរោងម៉ាស៊ីនកិនស្រូវចំនួន ៤១ បានចុះឈ្មោះចូលរួម»។
លោក យ៉ង សាំង កុមារ បានបន្តថា នៅក្នុងឆ្នាំ ២០២៣ នេះ គ្រាន់តែធ្វើក្នុងលក្ខណៈទ្រង់ទ្រាយតូច ដើម្បីសិក្សាមើលពីប្រសិទ្ធភាពនៃការធ្វើកសិកម្មតាមកិច្ចសន្យានេះ ដោយសារតែវាអាស្រ័យទៅលើពូជហើយចាប់ពីឆ្នាំ ២០២៤ និង ២០២៥ ទៅ ការផលិតពូជសុទ្ធមានច្រើន ដែលនឹងជំរុញឱ្យធ្វើកិច្ចសន្យាកសិកម្មបានកាន់តែច្រើនផងដែរ។
ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ ខេត្តព្រៃវែង លោក ឃុន សាឯម បានប្រាប់ឱ្យដឹងថា នៅក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផ្គត់ផ្គង់ស្រូវចំណី រវាងសហគមន៍កសិកម្ម និងរោងម៉ាស៊ីន កាលពីពេលថ្មីៗនេះ សហគមន៍របស់លោក បានចុះកិច្ចសន្យាចំនួន ២ ក្នុងនោះមានកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវផង និងសហគមន៍កសិកម្មដូចគ្នាផង។
លោកបានបន្ថែមថា ការចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ តម្រូវឱ្យសហគមន៍ផ្គត់ផ្គង់ស្រូវ ២ ប្រភេទ គឺប្រភេទ OM ៥៤,៥១ ក្នុងបរិមាណជិត ៣០០ តោន និង IR ៥០៤ ជាង ២០០ តោន ទៅកាន់រោងម៉ាស៊ីន។ ចំណែកកិច្ចសន្យាជាមួយសហគមន៍ សហគមន៍គេផលិតពូជ ដើម្បីផ្គត់ផ្គង់ពូជមកសហគមន៍របស់លោក ដើម្បីកែច្នៃវិញ ដោយពូជនោះសម្រាប់ផ្ទៃដី ៨ ហិកតា ដែលស្មើនឹង ៦ គ្រួសារ។
លោក ឃុន សាឯម បានបញ្ជាក់ទៀតថា៖ «ការចុះកិច្ចសន្យាកសិកម្មនេះ មានសារៈសំខាន់ណាស់ សម្រាប់រោងម៉ាស៊ីន និងសហគមន៍ ដោយសារតែនៅពេលដែលមានកិច្ចសន្យានេះ រោងម៉ាស៊ីនងាយស្រួលក្នុងការប្រមូលទិញស្រូវដែលមានគុណភាពល្អ ខណៈដែលសហគមន៍នឹងមានទីផ្សារនឹងថ្កល់មួយ ដែលមានការកំណត់តម្លៃច្បាស់លាស់នៅក្នុងកិច្ចសន្យា»។
លោកបានថ្លែងថា៖ «តែយ៉ាងណាក៏ដោយក៏នៅមានរោងម៉ាស៊ីនកិនស្រូវខ្លះមិនគោរពតាមកិច្ចសន្យា ដែលបញ្ហានេះ វាទាមទារឱ្យក្រសួងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យរោងម៉ាស៊ីនគោរពតាមកិច្ចសន្យាដែលចុះ»។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការរៀបចំកិច្ចសន្យាកសិកម្មនេះ គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយគុណភាព និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយនាំអង្ករចេញ ក្នុងបរិមាណ ១ លានតោន ក្នុង ១ ឆ្នាំ៕