ភ្នំពេញៈ តំណាង​វិស័យ​ទេស​ចរណ៍​កម្ពុជា លើកឡើងថា ការ​​ចុះ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​កម្ពុជា​-​ម៉ា​រ៉ុ​ក គឺជា​ការបើក​ជើង​ហោះ​​ហើរ​ថ្មី​មួយទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេសមួយ​នេះ​ហើយក៏​អាច​នឹង​ក្លាយជា​ទិស​ដៅ​ទាក់ទាញ​ទេសចរ​ពី​បណ្តា​ប្រទេស​នៅ​ប្លុក​អាហ្រ្វិកកាន់តែច្រើន​បន្ថែមទៀត​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​២៧ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រ​​សួង​ការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ នៅ​ប្រទេស​ម៉ា​រ៉ុ​ក កាលពី​ឆ្នាំ ​២០២៣​។ ការចុះ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ភាគី​កម្ពុជា​តំណាង​ដោយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​នៃ​រដ្ឋ​​លេខាធិការដ្ឋាន​អាកាសចរ​ស៊ី​​វិល និង ម៉ា​រ៉ុ​ក តំណាង​ដោយ លោក Nasser BOURITA រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៨ មីនា​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​បើកឱកាស​ឱ្យ​ផ្នែក​ឯកជន​រួមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ក្រុមហ៊ុន​អា​កាស​ចរណ៍​ប្រទេស​ទាំង​ ២ ធ្វើ​ការសិក្សា​ពី​លទ្ធភាព​បើក​ការ​ហោះហើរ​ដឹក​ភ្ញៀវទេសចរ និង​ទំនិញ​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​ថ្លែងថា​៖ «​យើង​ស្វា​​គម​ន៍​ចំពោះ​ការបើក​ឱ្យមាន​ការ​​ហោះហើរ​ថ្មី​ជាមួយនឹង​ប្រទេស​នានា ព្រោះ​វា​មិន​ត្រឹមតែ​បម្រើ​ជា​ប្រយោជន៍​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទាញ​ការវិនិយោគ និង​សម្រួល​ដល់​ការដោះដូរ​ទំនិញ​ផងដែរ​»​។​

​លោក​បន្តថា ប្រសិនបើ​មានការ​ហោះហើរ​ត្រង់នោះ ប្រទេស​ម៉ា​រ៉ុ​ក​ នឹង​ក្លាយទៅជា​ទិសដៅ​ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នៅ​ប្លុក​អាហ្រ្វិក​ផ្សេងៗ​ទៀត​ធ្វើដំណើរ​មក​កម្ពុជា​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​វិស័យ​អាកាស​​ចរណ៍​ស៊ីវិល​ដែល​បង្កើតឱ្យមាន​ការភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ទាំង​មនុស្ស និង​ទំនិញ​។​

​លោក​បញ្ជាក់ថា​៖ «​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​លំហូរ​នៃ​អ្នកដំណើរ​តាម​​រយៈ​ការដឹកជញ្ជូន​ផ្លូវអាកាស ដើម្បី​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត រវាង​ប្រទេស​យើង​ទាំង​ ២ ​បន្ថែមទៀត​»​។​

​ចំពោះ​សេចក្តីព្រាង​នៃ​កិច្ច​ព្រម​​ព្រៀង​នេះ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​នៃ​ប្រទេស​ទាំង ​២ បាន​ជួបពិភាក្សា និង​ឯកភាពគ្នា​លើ​ផ្នែក​បច្ចេកទេស និង​ខ្លឹមសារ​ទាំងស្រុង កាលពី​ថ្ងៃទី​ ២៥ ខែ​​កក្កដា ឆ្នាំ ​២០១៦ នៅ​ទីក្រុង​ Rabat ប្រទេស​ម៉ា​រ៉ុ​ក ហើយ​ខ្លឹមសារ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​នេះ គឺមាន ២២​ មាត្រា ស្របតាម​ការណែនាំ​រប​ស់​អង្គការ​អា​កាស​ចរណ៍​ស៊ីវិល​អន្តរជាតិ ​(ICAO)​ ដើម្បី​នាំមក​ផលប្រយោជន៍​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​លោក ចាន់​សិរី​វុត្ថា​។​

​លោក​បន្តទៀតថា គិត​មកដល់ពេលនេះ កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អា​កាស និង​អនុស្សរណៈ​យោគ​​យល់​ជាមួយ​បណ្តា​ប្រទេស​នានា​បាន ៤៨​ ប្រទេស​៕