ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីការនាំចេញទំនិញទៅចក្រភពអង់គ្លេសតាមរយៈការទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ និងវិធានដើមកំណើតទំនិញងាយបំពេញជាងមុន។
ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅកម្ពុជា (UK''s Developing Countries Trading Schemes in Cambodia) ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Himawari កាលពីថ្ងៃទី ២៨ ខែមីនា លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាននិយាយថា ចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា ខណៈកម្ពុជា គឺជាប្រទេសមួយដែលទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាបន្តបន្ទាប់ពីចក្រភពអង់គ្លេស ទោះបីប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។
លោកបន្តថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញដែលងាយបំពេញជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង ៩៥។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះនឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅចក្រភពអង់គ្លេសបានកាន់តែច្រើនថែមទៀត»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា បើទោះបីអង់គ្លេសចាកចេញសហភាពអឺរ៉ុប ប៉ុន្តែអង់គ្លេសនៅតែជាទីផ្សារទទួលទិញទំនិញពីកម្ពុជាច្រើនរៀងរាល់ឆ្នាំ ដោយភាគច្រើននៃទំនិញដែលអង់គ្លេសទិញពីកម្ពុជា គឺជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់។ ការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជានឹងជួយឱ្យកម្ពុជាមានទីផ្សារកាន់តែច្រើន ដោយតាមរយៈចក្រភពអង់គ្លេសទំនិញមួយចំនួនក៏អាចហូរបន្តទៅប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។
លោកប្រាប់ទៀតថា កំណើនទំនិញដែលកម្ពុជានាំទៅអង់គ្លេសក៏ដោយសារទំនិញកម្ពុជាមានគុណភាពស្របតាមការចង់បានរបស់គេផងដែរ។
លោកថ្លែងថា៖ «ប្រព័ន្ធអនុគ្រោះពន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការជួយធ្វើឱ្យផលិតផលកម្ពុជាកាន់តែឧត្តមភាពក្នុងការប្រកួតប្រជែងជាមួយផលតផលពីប្រទេសនាំចូលផ្សេងៗទៀត»។
លោកប្រាប់ទៀតថា សម្រាប់ទំនិញដែលកម្ពុជានាំពីចក្រភពអង់គ្លេសវិញ រួមមាន រថយន្ត គ្រឿងម៉ាស៊ីន ស្រា/ភេសជ្ជៈ និងផលិតផលមួយចំនួន។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា ចក្រភពអង់គ្លេស មានប្រជាជនច្រើន និងសេដ្ឋកិច្ចធំ ដូច្នេះបើកម្ពុជាអាចបង្កើនសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបើករោងចក្រ ដើម្បីផលិតនាំទៅចក្រភពអង់គ្លេសគឺជាការល្អ ខណៈកម្ពុជាសម្បូរកម្លាំងពលកម្ម និងមានច្បាប់វិនិយោគផ្តល់ភាពអនុគ្រោះច្រើន។
លោកថ្លែងថា៖ «ប្រព័ន្ធអនុគ្រោះពន្ធនឹងជួយទាក់ទាញអ្នក-វិនិយោគច្រើនបន្ថែមទៀតឱ្យមកវិនិយោគនៅកម្ពុជា»។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២២ ចក្រភពអង់គ្លេសស្ថិតនៅលេខរៀងទី ១១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃសរុបជិត ៩៧៧,៤៤ លានដុល្លារ កើន ២៣,៩៨ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមាន ៧៨៨,៦៥ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជា ៨៨៦,៤២៤ លានដុល្លារ កើនឡើង ២១,១ ភាគរយ និងការនាំចូលពីចក្រភពអង់គ្លេស មាន ៩១,០១៦ លានដុល្លារ៕