ភ្នំពេញៈ ក្រុមហ៊ុន Swedfund បានបោះទុនវិនិយោគ ១០លានដុល្លារនៅក្នុងមូលនិធិទីផ្សារកំពុងលូតលាស់នៅក្នុងតំបន់អាស៊ាន (AFMF) គឺប្រទេសកម្ពុជា និងឡាវ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងរួមចំណែកដល់ការបង្កើតការងារ និងការអភិវឌ្ឍ រួមទាំងតាមរយៈការលើកកម្ពស់ សមភាពយេនឌ័រ ភាពធន់នឹងអាកាសធាតុ ស្តង់ដា ESG និងបរិយាប័ណ្ណហិរញ្ញវត្ថុផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានពី Swedfund ដែលជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (A.B.) ដែលគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាលស៊ុយអែត នៅថ្ងៃទី២៧ ខែមីនា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។
ក្រុមហ៊ុននេះលើកឡើងថា៖«នេះគឺជាការវិនិយោគដំបូងរបស់ Swedfund នៅក្នុងមូលនិធិដែលផ្តោតលើប្រទេសកម្ពុជា និងឡាវ។ AFMF នឹងត្រូវបានគ្រប់គ្រងដោយ Emerging Markets Investment Advisers (EMIA) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដោយប្រទេសសិង្ហបុរីផ្តោតលើបណ្តាប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់»។
ប្រទេសកម្ពុជា និងឡាវ គឺជាឧទាហរណ៍ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលយោងទៅតាមបញ្ជីរបស់អង្គការ OECD/DAC ស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ AFMF ផ្តល់ដើមទុនដើម្បីពង្រឹង និងពង្រីកសហគ្រាសធុនតូច និងមធ្យមដែលតម្រង់ទិសដោយកំណើនក្នុងតំបន់ ដែលជាតួអង្គសំខាន់ក្នុងវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រី Sofia Gedeon ប្រធានផ្នែកនិរន្តរភាពសហគ្រាសរបស់ Swedfund បានឱ្យដឹងថា ការវិនិយោគនេះនឹងបង្កើតការចូលរួមរបស់ពួកគេជាមួយសហគ្រាសធុនតូច និងមធ្យមនៅក្នុងAFMF និងធ្វើឱ្យអាជីវកម្មប្រសើរឡើង និងការបង្កើតការងាររបស់ពួកគេ។
លោកស្រីថ្លែងថា៖«ការវិនិយោគលើ AFMF គឺជាមធ្យោបាយមួយសម្រាប់ពួកយើងដើម្បីឈានទៅដល់ក្រុមហ៊ុនតូចៗជាច្រើនទៀត ដែលអាចវិនិយោគ និងបង្កើតការងារដែលមានសារៈសំខាន់បំផុត នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ វាគឺជាបរិបទដ៏លំបាកមួយ ដែលមានន័យថា ប្រទេសទាំង២ត្រូវបានកំណត់ដោយភាពក្រីក្រខ្ពស់ និងតម្រូវការដ៏ធំធេង សម្រាប់ការវិនិយោគដើម្បីបង្កើតការងារជាមួយនឹងលក្ខខណ្ឌការងារសមរម្យ»។
មុនពេលការរីករាលដាលជំងឺកូវីដ១៩ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុត ក្នុងពិភពលោក។ ទោះជាយ៉ាងណា ប្រទេសនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ ហើយកំណើនសេដ្ឋកិច្ចបានជាប់គាំងជាមួយនឹងសក្តានុពលដើម្បីផ្លាស់ប្តូរការកែលម្អថ្មីៗនៅក្នុងភាពក្រីក្រ។
Swedfund បានឱ្យដឹងថា ប្រទេសនេះបានងើបចេញយ៉ាងល្អពីអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ហើយទោះបីជានៅតែជាបរិយាកាសប្រកួតប្រជែង រួមទាំងស្ថានភាពសិទ្ធិមនុស្សក៏ដោយ ការព្យាករកំណើនបានបន្តឡើងវិញផ្តល់នូវឱកាសថ្មីសម្រាប់មូលនិធិ និងក្រុមហ៊ុនរបស់ខ្លួនក្នុងការដោះស្រាយភាពក្រីក្រ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសមធម៌។
ជាមួយនឹងការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។
ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងដោយរដ្ឋ (SME Bank) ដែលបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទានជាមួយស្ថាប័នហិរញ្ញវត្ថុ (PFI) ចូលរួមចំនួន ៣៣ នាពេលបច្ចុប្បន្ន។
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ធនាគារមួយនេះ បានផ្តល់ប្រាក់កម្ចីជាង ៤៣២ លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមយ៉ាងហោចណាស់ចំនួន ៣ ២៦០ ដើម្បីកុំឱ្យពួកគេបិទទ្វារក្នុងអំឡុងពេលមានវិបត្តិការរីករាលដាលជំងឺកូវីដ១៩ ហើយជាបន្តបន្ទាប់ដើម្បីជួយពួកគេឱ្យបើកដំណើរឡើងវិញ និងពង្រីកក្រោយការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមលោក លឹម អូន អគ្គនាយកបានប្រាប់ ភ្នំពេញប៉ុស្តិ៍ កាលពីចុងខែធ្នូ៕