ភ្នំពេញៈ ផលិតផលកសិកម្មចំនួន ៨,៦ លានតោនដែលស្មើនឹងតម្លៃសរុបជិត ៥ ពាន់លានដុល្លារត្រូវបានកម្ពុជានាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ខណៈវិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា។ នេះបើយោងតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ កាលពីសប្តាហ៍មុន លោក ឌិត ទីណា បានឱ្យដឹងថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ក្រសួងកសិកម្មបានអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការ និងសកម្មភាពការងារដែលបានគ្រោងទុក និងបានជំរុញការអនុវត្តវិធានការចាំបាច់ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
លោកបន្តថា ជាលទ្ធផលផលិតកម្មដំណាំសម្រេចបានចំនួន ៣៤,៧១ លានតោន ក្នុងនោះដំណាំស្រូវ ១១,៦២ លានតោន ដោយមានអតិរេក ៦,២៩ លានតោន ដំណាំសាកវប្បកម្ម ៤,៤២ លានតោន និងដំណាំឧស្សាហកម្មចំនួន ១៨,៦៧ លានតោន។
លោកបានថ្លែងថា៖ «ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញជាផ្លូវការផលិតផលកសិកម្ម ដែលមានតម្លៃសរុបប្រមាណជិត ៥ ពាន់លានដុល្លារ ស្មើ ៨,៦ លានតោនទៅទិសដៅ ៧៤ ប្រទេស កើនឡើង ៧,៨ ភាគរយបើធៀបឆ្នាំ២ ០២១ ដែលមានចំនួន ៧,៩លានតោន។
នៅក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ ពាន់តោន កើន ៣,២៣ ភាគរយធៀបឆ្នាំ ២០២១ និងកសិផលក្រៅពីស្រូវអង្ករចំនួន ៥,៧៨ លានតោនកើនពីចំនួន ៥,០១ លានតោន»។ លោកបន្តទៀតថា៖ «ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២,២ ភាគរយក្នុងផលិតផលសរុបក្នុងស្រុក (GDP)»។
លោកបន្តថា ដើម្បីលើកកម្ពស់សមត្ថភាពបង្កបង្កើនផល និងធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពនៃការអភិវឌ្ឍក្នុងឆ្នាំ ២០២៣ នេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចម្បងៗមួយចំនួនដូចជា ការកាត់បន្ថយថ្លៃដើម (ការប្រើពូជសុទ្ធល្អ បច្ចេកទេសទំនើប និងការសន្សំសំចៃថាមពល), ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម (ផ្តល់កម្ចីអត្រាការប្រាក់ទាប កិច្ចសហការជាមួយដៃគូ) ការធ្វើពាណិជ្ជូបនីយកម្ម (ការចងក្រងជាបណ្តាញរបស់កសិករ និងការធ្វើកិច្ចសន្យាកសិកម្ម) ជាដើម។
អនុប្រធានសមាគមសុវត្ថិភាព បន្លែ ត្រី សាច់ លោក សុខ យ៉ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនការនាំចេញកសិផលបង្ហាញថា ចង្វាក់ផលិតកម្មវិស័យកសិកម្មដោយរាប់បញ្ចូលទាំងការដាំដុះ ថែទាំ ប្រមូលផល សម្អាត និងវេចខ្ចប់កាន់តែមានភាពល្អប្រសើរតាមការចង់បានរបស់ប្រទេសទទួលទិញ។ ប្រសិនបើអាចនាំចេញបានកាន់តែច្រើន នឹងជួយធ្វើឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។
លោកនិយាយថា៖ «ក្រៅពីជួយឱ្យកម្ពុជាទទួលបានប្រាក់ចំណូលច្រើន វាក៏ជាមោទនភាពមួយផងដែរសម្រាប់វិស័យកសិកម្មកម្ពុជា»។
ទោះជាយ៉ាងណាលោកលើកឡើងថា បច្ចុប្បន្នក៏មានផលិតផលកសិកម្មរាប់ទាំងបន្លែ ត្រី សាច់ជាច្រើនត្រូវបានក្រុមឈ្មួញនាំចូលមកកម្ពុជាទាំងស្របច្បាប់ និងគ្មានច្បាប់ផងដែរ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា ដែលជាក្រុមហ៊ុននាំចេញកសិផលកម្ពុជាជាច្រើនប្រភេទទៅទីផ្សារអន្តរជាតិថ្មីៗនេះថា ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីជំរុញផលិតភាពក្នុងស្រុក ពិសេសការធានាបានសន្តិសុខស្បៀង និងឈានទៅការនាំចេញទៅទីផ្សារអន្តរជាតិ បានធ្វើឱ្យផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជាកើនជាបន្តបន្ទាប់។ ទន្ទឹមនឹងគុណភាពកាន់តែល្អ បរិមាណនាំចេញក៏មានកាន់តែច្រើនដែរ។
លោកប្រាប់ទៀតថា កំណើននៃបរិមាណនាំចេញកសិផលទៅទីផ្សារអន្តរជាតិក៏ទទួលបានការចូលរួមគាំទ្រពីវិស័យដឹកជញ្ជូន និងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបើកទីផ្សារថ្មីៗតាមរយៈចំណងការទូត និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសនានា។
លោកនិយាយថា៖ «ស្ថានភាពការនាំចេញកសិផលពីកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វានឹងបន្តភាពវិជ្ជមានបន្ថែមទៀតនាពេលខាងមុខ»។
បើតាមលោក ហ៊ុន ឡាក់ ចំនួនក្រុមហ៊ុនដែលបណ្តាក់ទុនលើវិស័យកសិកម្ម នៅកម្ពុជាក៏កើនឡើងដែរពេលនេះ។
ទិន្នន័យក្រសួងកសិកម្ម កន្លងមកឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាប្រមូលបានប្រាក់ ៣ ៩៥៨ លានដុល្លារពីការនាំចេញកសិផលមានវិញ្ញាបនបត្រ និង ៩៥៩ លានដុល្លារពីការនាំចេញកសិផលដោយគ្មានវិញ្ញាបនបត្រ៕