ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​រុស្ស៊ី ​ប្រចាំ​កម្ពុជា លោក Anatoly Borovik បាន​អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​សហព័ន្ធ​រុស្ស៊ី​ក្នុង​វិស័យ​ជាច្រើន​នៅតែ​បន្ត​លើក​កម្ពស់ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផ្ទាល់​លើក​ដំបូង​ជាមួយ​អ្នកសារ​ព័ត៌មាន​នៅ​កម្ពុជា​នៅថ្ងៃ​ទី៣១ ខែមីនា ក្រោម​ប្រធាន​បទ ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កម្ពុជា ព្រមទាំង​ប្រធានបទ​សំខាន់ៗ​នៃគោល​នយោបាយ​ការបរទេស​រុស្ស៊ី ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី បានលើក​ឡើង​នូវ​ទំនាក់ទំនង​ការទូត​ដ៏យូរអង្វែង​ដែល​រហូត​ដល់​ពេលនេះ​មាន​អាយុ ៦៧ ឆ្នាំ លើ​វិស័យ​ជាច្រើន។

លោក Anatoly Borovik បញ្ជាក់​ថា រុស្ស៊ី និង​កម្ពុជា សហការគ្នា​ក្នុង​វិស័យ​ផ្សេងៗ ជាពិសេស ទំនាក់ទំនង​រវាង​មន្ទីរ ក្រសួង​កំពុង​អភិវឌ្ឍ​យ៉ាងសកម្ម ជា​ប្រពៃណី។

លោក​អះអាង​ថា៖"យើង​យក​ចិត្ត​ទុកដាក់​ច្រើន​ចំពោះ​ការអភិវឌ្ឍ​ការសន្ទនា​នយោបាយ ឧទាហរណ៍​រវាង​គណបក្ស​កាន់​អំណាច។ ប្រទេស​របស់​យើង​បន្ត​អន្តរកម្ម​ក្នុង​វិស័យ​ការអប់រំ វប្បធម៌ ការតស៊ូ​ដើម្បី​សន្តិភាព និងសន្តិសុខ រួមទាំង​នៅវេទិកា​អន្តរជាតិ ដោយឡែក អង្គការ​សហប្រជាជាតិ តាមរយៈ​រចនា​សម្ព័ន្ធ​អាស៊ាន"។

លោកបន្ត​ថា ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​យកចិត្ត​ទុកដាក់​ដល់​បទ​ពិសោធន៍​របស់​រុស្ស៊ី​ក្នុង​ការទប់ទល់​នឹង​បញ្ហា​ប្រឈម និងការគំរាម​កំហែង​ថ្មីៗ រួមទាំង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ការជួញដូរ​គ្រឿងញៀន និង ឧក្រិដ្ឋកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន។

ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​ជំរុញ​យ៉ាងខ្លាំង ប៉ុន្តែ​ទណ្ឌកម្ម​ឯកតោ​ភាគី​របស់​សហរដ្ឋអាមេរិក និង​លោកខាង​លិច​បានបង្ក​ភាព​ស្មុគស្មាញ​ដល់​អន្តរកម្ម​ដែលត្រូវ​បានបង្កើត​ពីមុន​មក។ នេះបើតាម​ការលើក​ឡើង​របស់ ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី។

លោក និយាយ​ថា៖"យើង​ចាត់ទុក​ការលើក​កម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ជាកិច្ចការ​ដែលមាន​សារៈសំខាន់​ណាស់។ ទិសដៅ​នេះ គឺមាន​សារៈ​សំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី។ រីឯ​ស្ថាន​ទូត​យើង​ខ្ញុំ​ជួយ​អ្នក​តំណាង​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការបង្កើត​ទំនាក់ទំនង"។

លោក​បន្ថែម​ថា ជាការពិត​ណាស់ ទន្ទឹមនឹង​នេះ ក្រុមហ៊ុន​រុស្ស៊ី​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ដៃគូ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា លើសពី​នេះទៅទៀត​ចំនួន​ដៃគូ​កំពុង​កើន​ឡើង៕

រូបថត រ៉ាន់ រើយ