ភ្នំពេញៈ ក្រុមហ៊ុន CamGSM ឬ Cellcard ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង គ្រោងនឹងធ្វើការកៀរគរមូលនិធិប្រមាណ ២០ លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា (CSX) នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីទទួលការអនុញ្ញាតជាគោលការណ៍ពីទីផ្សារ។
មន្ត្រីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា (SERC) និងផ្សារមូលបត្រកម្ពុជា (CSX) យល់ឃើញថា វត្តមានរបស់ក្រុមហ៊ុន CAMGSM ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត Cellcard លើទីផ្សារមូលបត្រកម្ពុជានឹងបង្កើនទំនុកចិត្ត ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនសាធារណៈកាន់តែច្រើនលើភាពរីកចម្រើននៃទីផ្សារមូលបត្រ ដែលក្លាយជាប្រភពទុនថ្មីមួយទៀតរបស់ក្រុមហ៊ុននានា។
យោងតាមសេចក្តីជូនដំណឹង CSX កាលពីថ្ងៃទី ២៩ ខែមីនា គឺ CSX បានឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេមជ្ជីអេសអេម ម.ក នៅក្នុងថ្ងៃទី ២៩ ខែមីនា។
CSX ឱ្យដឹងថា៖ «ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាក្រុមហ៊ុនទី ២ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅ CSX ក្នុងឆ្នាំ ២០២៣ ហើយក៏ជាក្រុមហ៊ុនទី ៩ ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ CSX ផងដែរ»។
លោក ហុង សុហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែមីនា ក្រុមហ៊ុននឹងកៀរគរនូវទំហំទឹកប្រាក់ប្រហាក់ប្រហែលនឹងទឹកប្រាក់ដែលក្រុមហ៊ុនមួយចំនួនដែលបានកៀរគរធំបំផុតកន្លងមកគឺក្នុងចន្លោះពី ១០ លានដុល្លារទៅ ២០ លានដុល្លារ ប៉ុន្តែក្រុមហ៊ុនត្រូវទទួលការសម្រេចចុងក្រោយពីនិយតករមូលបត្រកម្ពុជា។
លោក សុហួរ លើកឡើងថា៖ «បើតាមការវាយតម្លៃត្រួសៗ ក្រុមហ៊ុន Cellcard នឹងក្លាយជាក្រុមហ៊ុនមានតម្លៃលើសពី ១ ពាន់លានដុល្លារ ដូច្នេះការចូលរួមរបស់ក្រុមហ៊ុនជាសញ្ញាវិជ្ជមានបន្ថែមទៀតដែលទីផ្សាររបស់យើងទទួលបានការចាប់អារម្មណ៍ពីម្ចាស់អាជីវកម្មកាន់តែច្រើន ទាំងតូច ទាំងធំ»។
លោកបន្ថែមថា៖ «ខ្ញុំរំពឹងថា ក្រុមហ៊ុនអាចត្រៀមខ្លួននឹងមកបោះផ្សាយមូលបត្របានជោគជ័យ និងអាចចុះបញ្ជីនៅលើទីផ្សាររបស់យើងនៅខែឧសភាខាងមុខនេះ»។
អគ្គនាយក SERC លោក ស៊ូ សុជាតិ បាននិយាយថា ជាគោលការណ៍បន្ទាប់ពី CSX អនុម័តជាគោលការណ៍ពីលទ្ធភាពចុះបញ្ជីរួចហើយនោះ ក្រុមហ៊ុនត្រូវទទួលបានអនុញ្ញាតពី SERC ទើបចុះបញ្ជីបាន។
លោកបន្តថា SERC កំពុងពិនិត្យមើលឯកសារចុះបញ្ជីនេះ ហើយដើម្បីឈានទៅដល់ការអនុម័ត គឺត្រូវរង់ចាំការសម្រេចជារួមពីកិច្ចប្រជុំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
លោកថ្លែងថា៖ «ជាទស្សនវិស័យដែលខ្ញុំមើលឃើញគឺការចូលរួមរបស់ CAMGSM ក្នុងទីផ្សារមូលបត្រកម្ពុជា នឹងជួយយើងកាន់តែធំ ដែលចំណុចនេះខ្ញុំក៏អំពាវនាវយូរដែរហើយថាបើចង់ឱ្យទីផ្សារមូលបត្រយើងកាន់តែធំ គឺក្រុមហ៊ុនយើងទាំងអស់នាំគ្នាចុះបញ្ជីនៅលើទីផ្សារហ៊ុន ដែលជាការបង្ហាញសក្តានុពលសេដ្ឋកិច្ចយើងទៅក្រៅប្រទេស។ ការណ៍នេះនឹងទាក់ទាញអ្នកវិនិយោគពីខាងក្រៅចូលមកក្នុងប្រទេសយើង»៕