ភ្នំពេញៈ រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានអឺរ៉ូសម្រាប់ប្រទេសកម្ពុជា សម្រាប់ការគាំទ្រក្នុងការផ្លាស់ប្តូរកាបូនទាបដើម្បីធ្វើឱ្យកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មក្នុងតំបន់ និងសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការគ្រប់គ្រងទឹកដោយនិរន្តរភាព។
គម្រោងនេះបានចុះហត្ថលេខាកាលពីថ្ងៃទី ២៩ ខែមីនា រវាង លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Cyrille Bellier ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី នៅទីស្នាក់ការកណ្តាលរបស់ AFD នៅទីក្រុងប៉ារីស។
ការចុះហត្ថលេខានេះបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក វិសុទ្ធ ទៅកាន់ AFD ជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៦ ដើម្បីពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្ររបស់ AFD នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នៅថ្ងៃទី ៣០ ខែមីនា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានេះ AFD បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា តាមរយៈការសន្យាផ្តល់ហិរញ្ញប្បទានរហូតដល់ ៤០០ លានអឺរ៉ូនៃគម្រោងសម្រាប់ឆ្នាំ ២០២៣-២០២៤ ជាមួយនឹងអាទិភាពលើវិស័យទឹក អនាម័យ កសិកម្ម ថាមពល និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ។
យុទ្ធសាស្ត្រនេះឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងមានរួមបញ្ចូលបញ្ហាសំខាន់ដូចជានវានុវត្តន៍ យេនឌ័រ ការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល និងវិធីសាស្ត្រ «សុខភាពតែមួយ»។
នាយក AFD ប្រចាំប្រទេសកម្ពុជា លោកស្រី Sandrine Boucher ឱ្យដឹងថា ការប្តេជ្ញាចិត្តនៃហិរញ្ញប្បទានកំពុងឆ្លុះបញ្ចាំងពីភាពជាដៃគូរយៈពេលវែងរវាងបារាំង និងកម្ពុជា។
លោកស្រីថ្លែងថា៖ «ក្នុងឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃ AFD នៅកម្ពុជា យើងមានក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ដៃគូកម្ពុជារបស់យើងមកកាន់ទីស្នាក់ការកណ្តាលរបស់ AFD។ គោលបំណងនៃការបង្កើនការប្តេជ្ញាចិត្តថ្មីរបស់យើងទ្វេដងចំពោះកម្ពុជាគឺរហូតដល់ ចំនួន ៤០០ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរបស់យើង ដោយ AFD ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាអាទិភាព ដែលបង្ហាញដោយព្រះរាជាណាចក្រកម្ពុជា។
លោក វង្ស៊ី វិសុទ្ធ បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះពិតជាឆ្លើយតប និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាព។
លោកថ្លែងថា៖ «យើងមានក្តីសោមនស្សរីករាយដែលបានឃើញការពង្រីកប្រតិបត្តិការរបស់ AFD នៅកម្ពុជា។ នៅពេលដែលយើងផ្លាស់ប្តូរទៅកាន់ដំណាក់កាលមួយទៀត នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យើងកំពុងមើលឃើញឱកាសសហការជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមជាបន្ត និងអនាគតរួមគ្នា។ យើងក៏មានក្តីសោមនស្សរីករាយផងដែរ ដែលកត់សម្គាល់ស្របគ្នានឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗខ្លួន និងវិស័យអាទិភាព ពិសេសលើវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ»៕