
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទីនៃក្រុមហ៊ុន FWD Cambodia។ រូបថត ហុង មិនា
ការយកអតិថិជនជាគោលគឺជាការប្ដេជ្ញាចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថលមួយនេះ ចាប់តាំងពីពេលដែលខ្លួនឈានជើងចូលក្នុងវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជាដែលជាវិស័យកំពុងតែរីកចម្រើនយ៉ាងរហ័សមួយ។ ឆ្នាំ ២០២៣ នេះជាឆ្នាំដ៏សំខាន់មួយដែលក្រុមហ៊ុន FWD Group ប្រារព្ធខួប ១០ ឆ្នាំនៃការគាំទ្រឱ្យក្រុមគ្រួសារក្នុងតំបន់អាស៊ី រស់នៅដោយភាពរីករាយ។
ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន FWD Cambodia បានកសាងមូលដ្ឋានគ្រឹះនិងទំនុកចិត្តដ៏រឹងមាំសម្រាប់អតិថិជន និងក្នុងវិស័យធានារ៉ាប់រងអាយុជីវិតដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនេះប្ដេជ្ញាចិត្តបន្តផ្ដល់នូវបទពិសោធន៍ថ្មី និងសម្រេចឱ្យបានសមិទ្ធផលកាន់តែល្អបន្ថែមទៀតក្នុងឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់។
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖«អតិថិជនរបស់យើង គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។»
«នៅក្រុមហ៊ុន FWD ទាំងមូលទំនុកចិត្តគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងប្រតិបត្តិ ដូច្នេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅដល់អតិថិជនរបស់យើងទាំងអស់ដែលបានផ្ដល់នូវការជឿជាក់ក្នុងដំណើរជាមួយយើងរហូតមកដល់ពេលនេះ ដោយអនុញ្ញាតឲ្យយើងផ្តល់ការការពារជូនពួកគាត់ និងក្រុមគ្រួសារ។»

ជាមួយកម្មវិធីE-Gen Kid កូនៗរបស់អតិថិជនបានចូលរួមក្នុងកម្មវិធីអប់រំ និងកម្សាន្តបែបឌីជីថលនិង រៀនសរសេរកូដ។ Supplied
«នេះមិនមែនគ្រាន់តែជាដំណើរសម្រាប់ក្រុមហ៊ុន FWD Cambodia អតិថិជន និងក្រុមការងាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តន៍សំខាន់មួយសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។ ហេតុដូច្នេះហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះនិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងតាំងពីដើមមក។»
ថ្វីបើក្រុមហ៊ុន FWD ទើបតែចូលមកព្រះរាជាណាចក្រកម្ពុជារយៈពេលជិត ២ ឆ្នាំក្តី ក្រុមហ៊ុនបានចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងនៅលើផ្នែកសំខាន់ៗជាច្រើន ជាពិសេសនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត។
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ cloud-based ១០០% របស់យើង និងបទពិសោធន៍អតិថិជនតាមបែបឌីជីថលយ៉ាងពេញលេញ ក្រុមហ៊ុនបាននិងកំពុងផ្ដល់នូវគុណតម្លៃវិជ្ជមានជាច្រើនជូនអតិថិជន ក្រុមការងារក្រុមគ្រួសារកម្ពុជាក៏ដូចជាវិស័យធានារ៉ាប់រងទាំងមូលផងដែរ។
កញ្ញា សុច័ន្ទណា បានលើកឡើងផងដែរថា បទពិសោធន៍ដែលអតិថិជនទទួលបានគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD ក្នុងការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។
«សមិទ្ធផលដែលយើងសម្រេចបាន ត្រូវបានដឹកនាំដោយយុទ្ធសាស្ត្រយកអតិថិជនជាគោល។ យើងត្រូវបានដឹកនាំដោយអតិថិជន យើងស្តាប់ពួកគាត់ និងផ្តល់នូវអ្វីដែលយើងបានសន្យាជូនពួកគាត់»។
«យើងស្តាប់នូវយោបល់ និងមតិកែលម្អរបស់អតិថិជន ទាំងមុននិងក្រោយពេលបង្កើតផលិតផលណាមួយ»។
កញ្ញា សុច័ន្ទណា បន្ថែមថា៖«យើងតែងតែខិតខំពង្រឹងគ្រប់ផ្នែកនៃប្រតិបត្តិការអាជីវកម្មរបស់យើងដើម្បីឲ្យមានភាពងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការអតិថិជន ពោលគឺមានតម្លៃសមរម្យ ងាយស្រួលយល់ងាយស្រួលទិញ ងាយស្រួលទទួលសំណងងាយស្រួលទំនាក់ទំនងនិងងាយស្រួលទទួលការស្រលាញ់ពីអតិថិជន»។
ហើយការផ្តោតសំខាន់លើអតិថិជននេះ បានពង្រីកដល់កូនៗរបស់អតិថិជនតាមរយៈកម្មវិធីដែលមានឈ្មោះថា “E-Gen Kid” ដែលរួមបញ្ចូលថ្នាក់រៀនសរសេរកូដ អំណានគូររូប និងនិទានរឿងនៅការិយាល័យកណ្ដាលក្រុមហ៊ុន FWD Cambodiaរៀងរាល់ថ្ងៃសៅរ៍។

«ជាមួយកម្មវិធី E-Gen Kid យើងបានអញ្ជើញកូនៗរបស់អតិថិជន ឱ្យចូលរួមក្នុងកម្មវិធីអប់រំ និងកម្សាន្តបែបឌីជីថលរបស់យើង ដើម្បីរៀនសរសេរកូដ ដែលមានកុមារប្រហែល១០០នាក់បានចូលរួម ហើយពួកយើងទើបតែចាប់ផ្ដើមថ្នាក់ជំនាន់ទី ៣កាលពីពេលថ្មីៗនេះ»។
«នេះគឺជាកម្មវិធីមួយដែលយើងបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ថ្មីបែបឌីជីថលហើយអតិថិជនរបស់យើងពេញចិត្តនឹងកម្មវិធីនេះជាខ្លាំង»។
«ក្រុមហ៊ុន FWD នៅគ្រប់ទីផ្សារទាំងអស់ ប្តេជ្ញាចិត្តដើម្បីភាពរីកចម្រើនរួមគ្នាជាមួយសហគមន៍ ដោយក្រុមហ៊ុនបានបង្កើតកម្មវិធីមួយឈ្មោះថា «Community Care» នៅគ្រប់ទីផ្សារក្នុងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ»។
«កម្មវិធី Community Care របស់ក្រុមហ៊ុន FWD Cambodia បានចាប់ផ្តើមតាំងពីថ្ងៃដំបូងនៃប្រតិបត្តិការអាជីវកម្ម ដោយយើងផ្តោតលើ ៤ ផ្នែកសំខាន់ៗរួមមាន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការអប់រំទៅលើបច្ចេកវិទ្យាឌីជីថលសុខភាព និងបរិស្ថាន»។
កញ្ញា សុច័ន្ទណា បានមានប្រសាសន៍ថា៖«យើងបានបរិច្ចាគអំពូលសូឡាជាង ១ ពាន់ដើម ដល់អង្គការមូលនិធិកុមារកម្ពុជា និងដល់សហគមន៍នានាដូចជានៅខេត្តកំពត តាកែវ មណ្ឌលគិរី កំពង់ស្ពឺ ត្បូងឃ្មុំ និងតំបន់ជាច្រើនទៀត»។
«ការចាប់ដៃគូអាជីវកម្មជាយុទ្ធសាស្ត្រសំខាន់មួយទៀតរបស់យើង។ យើងជឿជាក់ថាកិច្ចសហការដែលគួរឱ្យទុកចិត្តជាមួយដៃគូអាជីវកម្មរឹងរាំនឹងអាចជួយយើងឱ្យសម្រេចបានសមិទ្ធផលកាន់តែច្រើន»។
«ការសហការជាមួយដៃគូអាជីវកម្មដែលមានគោលដៅរួមគ្នា ជាកត្តានាំមកនូវភាពជោគជ័យដ៏សំខាន់ទាំងដៃគូអន្តរជាតិ និងក្នុងស្រុក»។
កញ្ញាបន្ថែមថា៖ «យើងមានមោទនភាពដែលបានធ្វើការជាមួយដៃគូរបស់យើង ដូចជាធនាគារដៃគូទាំង២របស់យើង គឺធនាគារ ជីប ម៉ុង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ក៏ដូចជាក្រុមហ៊ុនអ អិមអេ ខេមបូឌា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» ស្ថាប័នសុខាភិបាលសាលារៀន និងដៃគូអាជីវកម្មជាច្រើនទៀត»។
ក្រុមហ៊ុន FWD Cambodia ទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មី ដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ឆ្នាំ ២០២១» ពីស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។ សមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុននេះក៏បានរួមចំណែកសំខាន់ក្នុងការការពារបរិស្ថានផងដែរ។

ក្រុមការងាររបស់ FWD Cambodia ស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ Community Care របស់ក្រុមហ៊ុន ដើម្បីរួមចំណែកជួយដល់សហគមន៍។
«យើងចង់រួមចំណែកការពារបរិស្ថានប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការប្រើក្រដាសក្នុងបរិមាណតិចតួចបំផុតហើយប្រតិបត្តិការគ្រប់យ៉ាងគឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទាំងអស់»។
«លើសពីនេះ យើងមានកម្មវិធីទូរស័ព្ទដៃ Omne ដែលផ្ទុកព័ត៌មានសំខាន់ៗទាំងអស់ រួមទាំងកិច្ចសន្យាធានារ៉ាប់រងរបស់អតិថិជនផងដែរ។ ដូច្នេះការផ្លាស់ប្តូរព័ត៌មានអ្នកទទួលផល ឬការទាមទារសំណងអាចប្រព្រឹត្តទៅដោយភាពងាយស្រួលបំផុត»។
យោងតាមអ្នកជំនាញដែលមានបទពិសោធន៍ ១៥ ឆ្នាំ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុរូបនេះបានឱ្យដឹងថា កម្មវិធី Omne ផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាព កម្សាន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតដល់អតិថិជន និងសាធារណជន»។
កម្មវិធីទូរស័ព្ទដៃ “Omne by FWD”អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសមាតិកាដូចជា តន្ត្រី ហ្គេម ផតខាស ការកម្សាន្ត និងមុខងារជាច្រើនទៀតស្របតាមតម្រូវការអតិថិជន ឬសាធារណជន។
«ចក្ខុវិស័យរបស់ពួកយើងគឺផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ហើយយើងតែងរក្សាការសន្យារបស់យើងក្នុងការជំរុញការរស់នៅដោយភាពរីករាយដូច្នេះរាល់សកម្មភាពរបស់យើងតែងតែមានបញ្ចូលនូវជីវិតរីករាយ និងសុភមង្គល»។
កញ្ញា សុច័ន្ទណា បន្ថែមថា៖«យើងលើកទឹកចិត្តឲ្យក្រុមគ្រួសារកម្ពុជា គិតថាការធានារ៉ាប់រងអាយុជីវិតមិនមែនជាប្រណីតភាពនោះទេ ប៉ុន្តែជាភាពចាំបាច់របស់យើងម្នាក់ៗ។ ការប្រើប្រាស់ផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុនFWD នាំមកនូវភាពស្ងប់ចិត្ត និងផ្តល់នូវការសាទរជីវិតដើម្បីឱ្យយើងគ្រប់គ្នាអាចរស់នៅប្រកបដោយភាពរីករាយ»៕
