
រូបភាពកម្មករដូងប្រេងម៉ាឡេស៊ីកំពុងប្រមូលផលដូងប្រេងក្នុងចំម្ការដូងប្រេងមួយ។ ហ្វេសប៊ុក
ម៉ាឡេស៊ីនិងចិន សហការគ្នាក្នុងនាមជាដៃគូដើម្បីធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ប្រេងដូងមានស្ថិរភាព។នេះបើតាមការចុះផ្សាយរបស់អង្គភាពព័ត៌មានCNAដែលបានដកស្រង់ប្រភពពី ម៉ាឡេស៊ី ដែលបានលើកឡើងថា ម៉ាឡេស៊ី និងចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមពាណិជ្ជកម្មដែលគាំទ្រដោយរដ្ឋាភិបាលចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ពាណិជ្ជកម្មប្រេងដូង។
ក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី បាននិយាយថា ភាពជាដៃគូជាមួយសភាពាណិជ្ជកម្មចិន នឹងជួយម៉ាឡេស៊ីទទួលបានចំណែកទីផ្សារឡើងវិញនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ។
ប្រភពដដែលបន្តថា ប្រទេសម៉ាឡេស៊ីជាប្រទេសផលិតដូងប្រេងធំជាងគេទី២របស់ពិភពលោក ចំណែកឯប្រទេសចិនគឺជាអ្នកទិញដូងប្រេងធំជាងគេទី២ របស់ពិភពលោក ដូច្នេះកិច្ចសហការគ្នានោះ នឹងអាចរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រេងដូងរបស់ម៉ាឡេស៊ីនៅក្នុងប្រទេសចិនប្រកបដោយនិរន្តរភាព។កិច្ចសហការគ្នានោះ នឹងអាចជួយឱ្យម៉ាឡេ ស៊ីអាចមានប្រភពធនធានថ្មីៗរាប់តាំងពីបច្ចេកវិទ្យាផង ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មដូងប្រេងរបស់ខ្លួន។
ក្រុមប្រឹក្សាភិបាលដូងប្រេងរបស់ម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសចិនមានបំណងចង់ធ្វើការជាមួយម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ប្រេងដូង។ អនុស្សរណៈនោះនឹងជួយឱ្យពាណិជ្ជករចិនមានទំនុកចិត្តចំពោះប្រេងដូងម៉ាឡេស៊ី»។
ប្រភពដដែលបន្ថែមថា កិច្ចព្រមព្រៀងរវាងភាគីទាំង២ នឹងជួយសម្រួលដល់ការចូលរួមរបស់ប្រទេសចិន លើការប្រើប្រាស់បច្ចេកវិជ្ជានៅក្នុងចង្វាក់ផលិតកម្មដូងប្រេងនៅប្រទេសម៉ាឡេស៊ី ដែលការណ៍នេះនឹងជួយបង្កើនផលិតភាព និងកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្សនៅក្នុងចម្ការទៀតផង។
ប្រទេសម៉ាឡេស៊ីបាននាំចេញប្រេងដូង និងផលិតផលដូងចំនួនជាង៣លានតោន(៣,១៤លានតោន) ទៅកាន់ប្រទេសចិន ដែលធ្វើឱ្យ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ីបន្ទាប់ពីឥណ្ឌា៕