ភ្នំពេញៈក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់បណ្ដាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ឱ្យចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ The 20th China-ASEAN Expo ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣០ ខែមីនា បានបញ្ជាក់ថា ដោយទទួលបានជោគជ័យជាបន្តបន្ទាប់លើការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានចំនួន១៩លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០«The 20th China-ASEAN Expo»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងបានឱ្យដឹងទៀតថា ពិព័រណ៍ចិន-អាស៊ានជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិក អាស៊ាន និងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ គឺស្របពេលនៃការបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិន និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០នៃភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន និងជាខួបគម្រប់២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២ ខែមេសាថា ដើម្បីស្ដារនិងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ១៩ ក្រសួងពាណិជ្ជកម្ម ក្នុងនាមដៃគូសហការរៀបចំបានអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជាដែលមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន ក្នុងការរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដើម្បីជំរុញការទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាដៃគូរបស់កម្ពុជា។
លោកបានឱ្យដឹងទៀតថា គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលរួមមាន អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិកាធុរកិច្ច វិនិយោគ ទេសចរណ៍កម្ពុជា-ចិន និងវេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ាន ជាដើម។
លោកប៉ែន សុវិជាតិ បានបញ្ជាក់ថា៖«កម្ពុជា មានទំនាក់ទំនងយ៉ាងល្អ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ជាមួយប្រទេសចិន ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ខណៈដែលកម្ពុជាក៏ជាសមាជិកអាស៊ានដែរ។ ដូចនេះ ពិព័រណ៍នេះ នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត រវាងវិស័យឯកជននិងវិស័យឯកជន ដែលពាណិជ្ជករ ក៏ដូចជាធុរជន យើងមិនគួរមើលរំលង»។
ចំណែកលោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីក៏បានប្រាប់ដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្ត ទៅនៅខែកញ្ញា គឺជាឱកាសសម្រាប់សហគ្រិន ធរុជននៅកម្ពុជា ទាំងពង្រីកសក្តានុពលទីផ្សារផលិតផលទៅកាន់បណ្តាប្រទេសដទៃទៀត ទាំងក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារប្រទេសចិន។
លោកស្រីបានថ្លែងថា៖«ព្រឹត្តការណ៍ពិព័រណ៍នានា តែងតែបង្កើតឱកាសឱ្យអ្នកវិនិយោគមកពីបណ្តានានាក្នុងការពង្រីកដៃគូសហការ និងផ្សព្វផ្សាយពីផលិតផល និងសេវា ដែលខ្លួនមាន។វិស័យឯកជន តែងតែរីករាយសហការជាមួយរដ្ឋាភិបាលដោយធ្វើយ៉ាងណា ជំរុញការសហការរវាងឯកជន និងឯកជន ស្របតាមគោលនយោបាយរបស់រដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ច»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនៅអាស៊ាន ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុបជាង១៦ពាន់លានដុល្លារ កើនឡើងតិចតួច បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយចំនួននេះ គឺស្មើនឹងជិត១/៣នៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា។ ដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចបានជាង ១ ៧០០លានដុល្លារ ថយចុះជាង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕