ខេត្ត​បន្ទាយមានជ័យ​ទទួល​ស្វាគមន៍​វត្តមាន​នៃ​សាខាថ្មី​ធនាគារ​វីង ខណៈ​ពេល​ធនាគារ​មួយ​នេះ​ កំពុងតែ​ពង្រីក​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព​នៅទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជា​ធនាគារ​សម្រាប់​ប្រជាជនខ្មែរ​គ្រប់រូប បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ជាមួយនឹង​ការបើក​សម្ពោធ​សាខាថ្មី​មួយបន្ថែមទៀត​ក្នុងទឹកដី​ខេត្ត​បន្ទាយមានជ័យ។

ព្រឹត្តិការណ៍​នៃការបើក​សម្ពោធ​សាខាថ្មី​នេះ គឺជា​ដំណើរ​នៃ​ការវិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​សម្រាប់​ធនាគារ វីង ក្នុងការបន្ត​ផ្តល់​សេវាកម្ម​ធនាគារ​ឌីជីថល ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត និង​គុណភាព​ខ្ពស់ ទៅដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​នៅទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។

ទីតាំង​របស់​ធនាគារ​ វីង សាខា​ខេត្ត​បន្ទាយមានជ័យ ស្ថិតនៅ​ផ្លូវជាតិ​លេខ៥ ភូមិ៣ ​សង្កាត់​ព្រះពន្លា នាក្រុង​សិរីសោភ័ណ។

ពិធី​សម្ពោធ​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ឡើងដោយ​មានវត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការី​ទេសាភិបាល​និង​ជាអគ្គនាយក​ត្រួតពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វីង និង​ជាអគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏ដូចជា​ឥស្សរជន និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូបទៀត។

ការដាក់​ឲ្យដំណើរ​ការសាខាថ្មី​នេះ គឺជា​ផ្នែកមួយ​នៃកិច្ច​ខិតខំ​ប្រឹងប្រែង​និង​ការប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​របស់​ធនាគារ វីង ដើម្បី​បម្រើ​សេវាកម្ម​ជូនដល់​ប្រជាពលរដ្ឋ​គ្រប់រូប មិនថា​នៅទីណា​ក៏អាច​ទទួលបាន​នូវ​សេវាកម្ម​របស់​ធនាគារ​ វីង ដែលនឹង​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរបស់​រូបវន្តបុគ្គល និង​ម្ចាស់​អាជីវកម្ម។

លោក ហាន ប៉េងក្វាង អគ្គនាយក ធនាគារ វីង បានបង្ហាញពី​មោទកភាព​ចំពោះ​ការបើក​សម្ពោធ​សាខាថ្មី​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ។

លោក ហាន ប៉េងក្វាង បានថ្លែង​ថា៖ «យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការ​បើក​ដំណើរការ​សាខាថ្មី​របស់​យើង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ នេះគឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់ ​សម្រាប់​ធនាគារវីង ហើយ​យើងមាន​កិត្តិយស​​ដោយបាន​នាំយក​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​កម្រិតខ្ពស់​របស់​យើង​ជូន​ដល់​ប្រជាជន​បាន​កាន់តែ​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា។ ចក្ខុវិស័យ​របស់​ធនាគារ វីង គឺធ្វើ​យ៉ាងណា​ដើម្បី​បើក​លទ្ធភាព​ដល់​ពលរដ្ឋ​គ្រប់រូប​ទទួលបាន​នូវ​សេវាកម្ម​ធនាគារ​ដែលស្របតាម​ពាក្យ​ស្លោកថា ''ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា''»។

វត្តមាន​របស់​ធនាគារ វីង គឺមាន​គោលដៅ​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហាប្រឈម​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា មិនថា​រស់នៅ​តាម​តំបន់​ប្រជុំ​ជន និង​នៅតាម​តំបន់​ជនបទ​នោះឡើយ។ ធនាគារ វីងជឿជាក់ថា ការផ្តល់​លទ្ធភាព​ឲ្យ​ប្រជាជន​គ្រប់រូប​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ នោះនឹង​មានផល​ជាវិជ្ជមាន​យ៉ាងធំធេង ចំពោះ​ជីវភាព​រស់នៅ​របស់​ពួកគាត់។​

ហើយ​ជាមួយនឹង​ការបើក​សម្ពោធ​សាខាថ្មី​នេះ ធនាគារ​ វីង មាន​គោលបំណង​រួមចំណែក​ដល់​ការ​បិត​គម្លាត​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​ការផ្តល់​នូវ​ឧបករណ៍​ច្ចេកវិទ្យា​ឌីជីថល ដែលងាយ​ស្រួល​ប្រើប្រាស់​តួរយ៉ាង​គឺកម្មវិធី Wing Bank App ដែល​ប្រើប្រាស់​បាន ២៤ ម៉ោង ​ក្នុង​មួយ​ថ្ងៃ និង ៧ ថ្ងៃ​ក្នុង​សប្តាហ៍ នៅគ្រប់​ទីកន្លែង គ្រប់ពេលវេលា​ទាំងអស់។

​លោក ហាន ប៉េងក្វាង បានបន្ថែម​ថា៖ «យើង​ចង់ជួយ​ដល់​អតិថិជន​របស់​យើង ដើម្បី​ដោះស្រាយ​នូវ​បញ្ហាប្រឈម​នានា​ ហើយ​សាខាថ្មី​នេះបាន​បង្ហាញ​ពី​ការបេ្តជ្ញា​ចិត្ត​របស់យើង​ដើម្បី​ធ្វើឲ្យ​មានការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​នៅ​កម្ពុជា»។

ធនាគារ វីង ប្តេជ្ញាចិត្ត​ជួយ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ ទទួលបាន​សេវាកម្ម​ធនាគារ ហើយ បានចាត់ទុក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺជា​ចំណុច​ស្នូល ដើម្បី​ជំរុញ​ការប្រើប្រាស់​សេវាកម្ម​ធនាគារ​ឲ្យបាន​កាន់តែ​ទូលំទូលាយ។ តួយ៉ាងកម្ម​វីធី Wing Bank App ផ្តល់​ភាពងាយ​ស្រួល​ក្នុង​ការប្រើប្រាស់​និង​មាន​សុវត្ថិភាព​ខ្ពស់ ដែល​អនុញ្ញាត​ដល់​អតិថិជន​អាចប្រើប្រាស់​គណនីយ​ធនាគារ​របស់​ពួកគេ ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក-ភ្លើង និង​ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ទៀត បាន​យ៉ាងងាយស្រួល​ដោយមិនបាច់​ចាកចេញ​ពី​ផ្ទះ។

ជាមួយនឹង​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី Wing Bank App កើនឡើង​ដល់​ជាង ១ លាននាក់ ហើយ​ភ្នាក់ងារ វីង មាន​រហូត​ដល់​ទៅជាង ១១.០០០ កន្លែង បាន​ធ្វើ​ឲ្យ​ធនាគារ វីង ក្លាយជា​អ្នក​ផ្តល់​សេវា​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នាំមុខគេ​នៅ​កម្ពុជា។

ធនាគារ វីង បានពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស គឺត្រឹម​រយៈពេល​ជិត ២ ឆ្នាំ ​គិតចាប់តាំង​ពីធនាគារ​នេះ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជាធនាគារ​ពាណិជ្ជ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន ដោយបាន​ពង្រីក​ដល់​ទៅ ១៥ ទីតាំងដែលសុទ្ធ​តែ​ជាទីតាំង​យុទ្ធសាស្រ្ត​ នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​វត្តមាន​ទូទាំង​ រាជធានី​ភ្នំពេញ ហើយក៏​បានពង្រីក​ខ្លួន​ទៅដល់​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម​។

សាខា​ខេត្ត​បន្ទាយមានជ័យ​របស់​ធនាគារ វីង គឺជា​សមិទ្ធិផល​ដ៏អស្ចារ្យ​មួយទៀត ដែលជា​មោទកភាព​ធនាគារ​ក្នុង​ស្រុក បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន ហើយ​ផ្តល់​ផលិតផល​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពច្នៃ​ប្រឌិត​ខ្ពស់​ដែលនេះ​ជាគំរូ​ដ៏សំខាន់​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។

ដោយទទួល​បានប្រាក់​បញ្ញើ​ជាងកន្លះ​ពាន់លាន​ដុល្លារអាមេរិក ធនាគារ វីង កំពុង​វិវឌ្ឍ​ខ្លួនជា​ស្ថាប័ន​នាំមុខគេ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែលមាន​អត្រាការ​ប្រាក់​ ប្រាក់​បញ្ញើ​ដ៏គួរឲ្យ​ទាក់ទាញ និង​សេវាកម្ម​កម្ចី​ឌីជីថល​ប្រកបដោយ​ភាពច្នៃ​ប្រឌិត​ខ្ពស់ បានជួយ​ឲ្យ​ធនាគារ វីង ទទួលបាន​ទំនុកចិត្ត​កាន់តែ​ច្រើន​ពី​អតិថិជន​នៅទូទាំង​ប្រទេស​កម្ពុជា។

ធនាគារ វីង ប្តេជ្ញា​ចូលរួម​ចំណែក​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន ដោយធ្វើ​ឲ្យ​ប្រាកដ​ថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែលជា​ការរួម​ចំណែក​ដ៏សំខាន់​ដល់​ការលើក​កម្ពស់​កម្រិត​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា៕

ធនាគារ វីង ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា!