ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (SERC) និងធនាគារវិនិយោគ Maybank បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ និងក្របខ័ណ្ឌជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាដើម្បីឈានទៅរកភាពល្អប្រសើរនៃទីផ្សារនេះមួយកម្រិតទៀត។
MoU ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៣១ ខែមីនា រវាងលោក ស៊ូ សុជាតិ អគ្គនាយក SERC និងលោក Michael OhLau នាយកប្រតិបត្តិនៃធនាគារ Maybank IBG នៅអគារ Maybank ក្នុងរាជធានីភ្នំពេញ។
លោក ស៊ូ សុជាតិ បានថ្លែងក្នុងពិធីនោះថា ការស្វែងយល់ពីតួនាទីសំខាន់ៗរបស់ទីផ្សារមូលបត្រក្នុងការអភិវឌ្ឍ និងសមាហរណកម្មសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការអភិវឌ្ឍន៍ទីផ្សារមូលបត្រតាមរយៈផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០០១-២០១០។ ផែនការអភិវឌ្ឍន៍ទីផ្សារត្រូវបានដាក់ឱ្យដំណើរការ ហើយច្បាប់ស្តីពីការចេញ និងជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងអនុក្រឹត្យស្តីពីការប្រតិបត្តិ និងការរៀបចំគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ត្រូវបានអនុម័តក្នុងឆ្នាំ ២០០៧ និង ២០០៨ រៀងគ្នា។
លោកបន្ថែមថា ការបន្តកិច្ចសហការនៃ MOU នេះ គឺដើម្បីអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា រួមមាន ការធ្វើអនុលោមភាព ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម ស្តង់ដា និងប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យ ការទាក់ទាញការវិនិយោគដោយប្រយោលពីបរទេសនៅក្នុងទីផ្សារមូលបត្រកម្ពុជា ការអភិវឌ្ឍឧបករណ៍និស្សន្ទន៍ និងការអភិវឌ្ឍផលិតផលថ្មីសម្រាប់ទីផ្សារមូលបត្រកម្ពុជា។
លោកបានថ្លែងថា៖ « MOU នេះបង្ហាញពីទំនាក់ទំនងដែលអាចទុកចិត្តបានរវាងភាគីទាំង ២។ ឧស្សាហកម្មមូលបត្រកម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ដូច្នេះយើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរបស់យើងជាមួយនឹង Maybank នឹងនាំមកនូវអត្ថប្រយោជន៍រយៈពេលវែងក្នុងទម្រង់នៃការផ្ទេរចំណេះដឹងឧស្សាហកម្ម និងជំនាញអភិវឌ្ឍន៍ផលិតផល ពិសេសការទទួលបានបទពិសោធន៍ និងការត្រួតពិនិត្យប្រកបដោយភាពច្នៃប្រឌិតក្នុងគម្រោងវិនិយោគរួម ដែលនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំនេះ»។
លោក Michael OhLau នាយកប្រតិបត្តិនៃធនាគារ Maybank IB បានឱ្យដឹងថា ជាមួយនឹងការកើនឡើងនៃតម្រូវការរបស់អ្នកវិនិយោគសាធារណៈនៅទីផ្សារមូលបត្រកម្ពុជា គឺទាមទារឱ្យមានភាពប្រសើរឡើងនៃដំណោះស្រាយផ្នែកបច្ចេកវិទ្យា ប្រកបដោយការច្នៃប្រឌិត ដែលផ្តល់សេវាទាន់ពេលវេលាសម្រាប់ពួកគេ។
លោកអះអាងថា៖ «យើងជឿថា តម្រូវការរបស់អ្នកវិនិយោគសម្រាប់ដំណោះស្រាយវិនិយោគប្រកបដោយភាពច្នៃប្រឌិតនឹងកើនឡើងនៅពេលចំនួនអ្នកវិនិយោគដែលមានភាពសម្បូរបែប និងទំនើបក្នុងប្រទេសនៅបន្តកើនឡើង។ ក្នុងនាមជាសមាជិកនៃក្រុមធនាគារធំលំដាប់ទី ៤ របស់អាស៊ានផ្អែកលើទ្រព្យសម្បត្តិ យើងមានក្តីសោមនស្សរីករាយដែលត្រូវបានផ្តល់ឱកាសដើម្បីនាំយកបទពិសោធន៍ស៊ីជម្រៅរបស់យើងចំពោះភាពជាដៃគូនេះ។ យើងនៅតែប្តេជ្ញាចិត្តគាំទ្រ SERC នៅក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា»។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា (CSX) បច្ចុប្បន្ន CSX មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១៨ ដែលក្នុងនោះក្រុមហ៊ុនចំនួន ៩ បោះផ្សាយមូលបត្រកម្មសិទិ្ធ និង ៩ ផ្សេងទៀតបោះផ្សាយមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះបានប្រមូលកៀរគរនូវមូលនិធិសរុបពីផ្សារមូលបត្រចំនួន ៣១៧ លានដុល្លារ៕