ធនាគារ​ ABA ដែលជា​បុត្រ​សម្ពន្ធមួយ នៃ​ធនាគារ​ជាតិ​កាណាដា ទទួលបាន​ពាន «ធនាគារ​ដ៏ឆ្នើមបំផុត​នៅ​កម្ពុជា ប្រចាំ​ឆ្នាំ 2023» ពី​ទស្សនាវដ្តី Global Finance។ ពាន​រង្វាន់​ដ៏មានកិត្យានុភាព​នេះ ត្រូវបាន​ប្រគល់​ជូន ABA ​នៅក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ឲ្យធនាគារ​ឆ្នើមលំដាប់​ពិភពលោក​ប្រចាំ​ឆ្នាំ​លើកទី 30 ដែលប្រព្រឹត្ត​ទៅ​នៅទី​ក្រុងញូវយ៉ក។

ធនាគារ ABA ត្រូវបាន​ទស្សនាវដ្តី​នេះ​ទទួល​ស្គាល់​ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៅក្នុង​ទីផ្សារ​កម្ពុជា និង​ចំពោះ​ការប្ដេជ្ញា​ចិត្ត​ដ៏មុតមាំ​របស់ ABA ក្នុងការ​បំពេញ​តម្រូវការ​អតិថិជន​របស់​ខ្លួន។

គណៈ​វិនិច្ឆ័យ​របស់​ទស្សនាវដ្តី Global Finance បាន​សាទរ ABA ចំពោះ​លទ្ធផល​ដ៏ប្រសើរ​បំផុត ក្នុង​រយៈពេល​ពេញមួយ​ឆ្នាំ​កន្លងមក​នេះ​ ព្រមទាំង​បាន​កត់សម្គាល់​លើ​វឌ្ឍនភាព​ថ្មីៗ​ ជាច្រើន។

វឌ្ឍនភាព​ទាំង​នេះ រួមមាន​ការដាក់​ដំណើរការ​ម៉ាស៊ីន​បើកកាត​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែលមាន​ជម្រើស​ភាសា​ជាច្រើន​នៅ​លើ​ផ្ទៃ​អេក្រង់ ដែលអាច​ឲ្យ​អតិថិជន​បើកកាត​ឥណពន្ធ​អន្ដរជាតិ និង​កាត CSS ដោយប្រើ​ពេលត្រឹម​តែ 2 នាទី។ គិតតែ​ក្នុង​ឆ្នាំ 2022 ​អតិថិជន​បាន​បើកកាត តាម​ម៉ាស៊ីន​បើកកាត ABA ចំនួន 220,000 កាត។

ក្រៅពី​នេះ ធនាគារ ABA បាន​បញ្ចេញ​ផលិតផល គណនី Junior –ជាគណនី​អនីតិជន​ក្នុង​ទម្រង់​ឌីជីថល​ដែល​អនុញ្ញាត​ឲ្យ​កុមារ ឬ​ក្មេង​ជំទង់​ដែលមាន​វ័យ​ចាប់​ពី 10 ឆ្នាំ​ឡើងទៅ ប្រើប្រាស់​សេវាធនាគារ​ទំនើប និង​ឧបករណ៍​ទូទាត់​បែប​ឌីជីថល​តាម​កម្មវិធី ABA Mobile បាន​។

ធនាគារ​ក៏បាន​ដាក់បញ្ចូល​សេវាកម្ម និង​មុខងារ​ថ្មីៗ​ ជាច្រើន​ទៅក្នុង​កម្មវិធី ABA Mobile ផងដែរ ដូចជា​ទីមួយ មុខងារ​កម្ចី​ប្រាក់​បៀវត្ស សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ ដែល​ប្រើ​សេវា​បើក​ប្រាក់ខែ​ជាមួយ ABA អាច​ខ្ចី​ប្រាក់​បាន​ភ្លាមៗ ដោយ​មិនតម្រូវ​ឲ្យ​មាន​​​ទ្រព្យ​តម្កល់​អ្វី​ទាំងអស់ និង​ទីពីរ ផ្លែតហ្វម​ទិញ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​អតិថិជន​អាច​ទិញបាន​តាម ABA Mobile ក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​ក្រុមហ៊ុន Manulife។

បន្ថែមពី​នេះ ធនាគារ ABA បានពង្រីក​បណ្ដាញ​សាខា និង​ទីតាំង​ស្វ័យសេវា​របស់ខ្លួន​នៅទូទាំង​ប្រទេស ដែល​បច្ចុប្បន្ន មាន​សាខា​សរុប​ចំនួន 85 និង​ទីតាំង​ស្វ័យសេវា 24/7 ចំនួន 30​។ ម៉ាស៊ីន​ស្វ័យសេវា​សរុប​នៅក្នុង​ប្រព័ន្ធ​អេកូ​របស់​ធនាគារ​កើន​ដល់ 1,200 គ្រឿង។

នា​ឱកាស​ទទួល​ពាន​រង្វាន់​នេះ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​៖ «យើងខ្ញុំ​មាន​កិត្តិយស​ណាស់ ដែលបាន​ទទួល​ពាន​រង្វាន់ ៩ ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី Global Finance ​ដែលនេះ​ ជាសក្ខីភាព​នៃការ​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​យើង ក្នុង​ការបម្រើ​សេវា​ធនាគារ​ដ៏ល្អបំផុត​ជូន​អតិ​ថិ​ជន។ យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ជូន​ដល់​អតិថិជន​ទាំងអស់​ ដែល​ជាចលករ​ដ៏សំខាន់ ​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ធនាគារ​យើង​ បន្ដ​រីកចម្រើន​ឥតឈប់ឈរ​ព្រមទាំង​ផ្ដល់​ឱកាស​​ឲ្យ​យើងខ្ញុំ​បម្រើ​សេវា​អតិថិជន​បាន​ល្អបំផុត​លើស​ពី​ការរំពឹងទុក​របស់​ពួកគាត់»។

លោកបាន​បន្ថែម​ថា៖ «នៅ ABA យើងខ្ញុំ​តែងតែ​ប្ដេជ្ញា​នាំយក​បច្ចេកវិទ្យា និង​នវានុវត្តន៍​សេវា​ធនាគារ​ថ្មីៗ រួមជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ​ក្នុងការបណ្តុះបណ្ដាល​ធនធាន និង​ពង្រីក​បណ្ដាញ​របស់​យើង។ យើងខ្ញុំ​មានគោលបំណង​ផ្ដល់​ជូន​ផលិតផល និង​សេវា​ធនាគារ​ដ៏ទំនើប​សម្បូរបែប មាន​លក្ខណៈ​ងាយស្រួល ប្រកបដោយ​នវានុវត្ត ដែលស្រប​ទៅតាម​តម្រូវការ​កំពុងតែ​កើនឡើង​របស់​អតិថិជន នៅ​ទូទាំង​ប្រទេស»។

យោង​តាម​ទស្សនាវដ្ដី​ Global Finance ម្ចាស់​ជ័យលាភី​សម្រាប់​ពាន​រង្វាន់​ឆ្នាំ​នេះ​ គឺ​ប្រគល់​ជូន​ធនាគារ​ទាំងឡាយ​ណា ដែល​យកចិត្ត​ទុកដាក់​យ៉ាង​ហ្មត់ចត់​លើ​តម្រូវការ​របស់​អតិថិជន​  ទោះបីជា​ធនាគារ​ទាំងនោះ​ស្ថិតនៅ​ក្នុង​ទីផ្សារ (ប្រទេស) ដែល​មានស្ថានភាព​សេដ្ចកិច្ច​ស្មុគស្មាញ​តែពួកគេ​សម្រេច​បាន​លទ្ធផល​ឈានមុខគេ​ ហើយថែម​ទាំងចាក់​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ភាព​ជោគជ័យ​នាពេល​អនាគត។ ធនាគារ ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ បាន​គ្រប់គ្រង​ទ្រព្យសកម្ម និង​បំណុល​របស់​ខ្លួន ប្រកបដោយ​ភាពឆ្លាតវៃ ដោយ​មើល​ឃើញ​ និង​គិតគូរ​ពី​ស្ថានភាព​នៃការផ្លាស់ប្តូរ​អត្រាការ​ប្រាក់​យ៉ាង​ឆាប់រហ័ស។

ABA គឺជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា គិតលើ​ទ្រព្យ​សកម្ម​ក៏ដូចជា​ ភាព​ឈាន​មុខគេ ក្នុង​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល​ទំនើប និង​ងាយស្រួល ​ទៅតាម​តម្រូវការ​របស់​អតិថិជន។ គិតត្រឹម​ថ្ងៃ​ទី 31 ខែធ្នូ ឆ្នាំ 2022 ធនាគារ​មាន​ទ្រព្យសកម្ម​សរុប​ជាង 9 ពាន់​លានដុល្លារ​អាមេរិក និង​មាន​អតិថិជន​ជាង 2.5 លាននាក់។

គិត​តែក្នុងឆ្នាំ 2022 ធនាគារ​ ABA បាន​ឈ្នះ​ពាន​រង្វាន់​អន្ដរជាតិ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន​ពាន​រង្វាន់​ធនាគារ​ដ៏ឆ្នើម​នៅ​កម្ពុជា​ពី​ទស្សនាវដ្ដី The Banker,Euromoney​,​Asiamoney និង Global Finance​។​

អំពីទស្សនាវដ្ដី Global Finance

ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មានការ​ចុះ​ផ្សាយ​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 193​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់​ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​