ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីចងក្រងក្របខ័ណ្ឌបទដ្ឋានគតិយុត្តនានា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍហិរញ្ញវត្ថុ វិមជ្ឈការ (Decentralized Finance—Defi) ដែលត្រូវបានគេមើលឃើញថា កំពុងតែមាននិន្នាការកើនឡើង និងទទួលបានការចាប់អារម្មណ៍ទាំងក្នុងតំបន់និងសកល។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែង កាលពីថ្ងៃទី៤ ខែមេសា ក្នុងសិក្ខាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខ័ណ្ឌការពារទិន្នន័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា» ថា នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បច្ចេកវិទ្យាឌីជីថល បានដើរតួនាទីកាន់តែសំខាន់ ក្នុងការក្សានិរន្តរភាពនៃការធ្វើការងារការធ្វើធុរកិច្ចការរៀននិងបង្រៀនព្រមទាំងផ្លាស់ប្តូរទម្លាប់រស់នៅនិងជីវិតប្រចាំថ្ងៃផងដែរ។
លោកថា ក្នុងន័យនេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីឆ្នាំ២០២១ ដែលជាក្របខ័ណ្ឌរួម និងជាផែនទីចង្អុលផ្លូវក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គទាំងក្នុងសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជាទាំងមូល។
លោកបានថ្លែងថា៖«សិក្ខាសាលាក្នុងថ្ងៃនេះ ក៏ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបន្តប្រមូលធាតុចូលបន្ថែម ប៉ុន្តែត្រូវបានគិតគូរលើទិដ្ឋភាពហិរញ្ញវត្ថុវិមជ្ឈការ និងក្របខ័ណ្ឌការពារទិន្នន័យ។ ហិរញ្ញវត្ថុវិមជ្ឈការត្រូវបានកត់សម្គាល់ឃើញថាមាននិន្នាការកើនឡើង និងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើន ប៉ុន្តែមកដល់ពេលនេះ បច្ចេកវិទ្យា ដែលធ្វើឱ្យកើតមានហិរញ្ញវត្ថុវិមជ្ឈការនៅមានភាពមិនទាន់ច្បាស់លាស់ច្រើនអំពីតួនាទីរបស់វា និងកំពុង ស្ថិតក្នុងដំណាក់កាលនៃការសាកល្បង ដែលទាមទារឱ្យមានការគិតគូរ និងធានាថា នឹងផ្តល់នូវប្រយោជន៍ជាជាងហានិភ័យ»។
លោកក៏បានលើកឡើងដែរថា ក្របខ័ណ្ឌនៃការការពារទិន្នន័យ បានកំពុងក្លាយជាកម្មវត្ថុនៃការគិតគូរ និងការពិភាក្សានៅស្ទើរគ្រប់វេទិកាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។
លោក គង់ ម៉ារី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងក្នុងសិក្ខាសាលានោះដែរថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗបានកំពុងកែប្រែរបៀបនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាទម្រង់ផ្សេងៗ ខុសពីមុន និងបានលើកជាសំណួរថ្មី ពីរបៀបនៃការធ្វើនិយតកម្មបែបប្រពៃណី។
លោកថា សកម្មភាពថ្មីៗមួយចំនួន ដែលទើបលេចឡើង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនោះ កើតឡើងក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ឬ Defi។
លោកបានថ្លែងថា៖«សកម្មភាពនិងប្រតិបត្តិការហិរញ្ញវត្ថុបែបនេះ ត្រូវបានយល់ថាមិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយតកម្មនោះទេ ដោយហេតុថាបច្ចេកវិទ្យានេះដូចជាបច្ចេកវិទ្យាប្លុកឆេនមានសមត្ថភាពក្នុងការបង្កើនតម្លាភាពមិនអាចកែប្រែបាន និងមានសុវត្ថិភាពដោយខ្លួនឯង»។
លោកបានគូសបញ្ជាក់ថា ការយល់បែបនេះ បានបង្កើតឱ្យមានជាកង្វល់ថ្មីមួយ ក្នុងចំណោមនិយតករលើសកលលោក ក្នុងការគិតគូររៀបចំគោលនយោបាយ ឬក្របខ័ណ្ឌ ដើម្បីម្ខាងអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ និងម្ខាងទៀត ដើម្បីធានាបាននូវការគ្រប់គ្រងផងដែរ។
លោកបានថ្លែងថា៖«ក្នុងន័យនេះ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាការចាំបាច់ ដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌនៃការគ្រប់គ្រងសកម្មភាពបែបនេះផងដែរ»។
បើយោងតាមលោក គង់ ម៉ារី នាពេលបច្ចុប្បន្ន ការប្រើប្រាស់ប្រព័ន្ធទូទាត់ សងប្រាក់ឌីជីថល បាន និងកំពុងបន្តកើនឡើង។ គិតត្រឹមឆ្នាំ២០២២ គណនីប្រាក់បញ្ញើមានចំនួន ១៤,៣លានគណនី, គណនីឥណទានមានចំនួន ៣,៧ លានគណនី,គណនីកាបូបលុយអេឡិចត្រូនិកមានចំនួន ១៧,៩ លានគណនី និងចំនួនប្រតិបត្តិការសេវាទូទាត់ សងប្រាក់បានកើនឡើងដល់ប្រមាណ ១ ប៊ីលាន ប្រតិបត្តិការក្នុងទំហំទឹកប្រាក់ ២៧២,៥ ប៊ីលានដុល្លារអាមេរិក។
ដោយឡែកក្នុងវិស័យមិនមែនធនាគារ ក្នុងដំណាក់កាលចុងក្រោយនេះ ទីផ្សារធានារ៉ាប់រង នៅកម្ពុជា កំពុងមានការវិវឌ្ឍឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដោយបុព្វលាភដុលកើនដល់ប្រមាណ ៣០០ លានដុល្លារ ក្នុងឆ្នាំ២០២១ និងមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្មក្នុងទីផ្សារធានារ៉ាបរង ជាមួយនឹងទ្រព្យសកម្មប្រមាណ៨៤៥ លានដុល្លារ និងមូលនិធិភាគហ៊ុនប្រមាណ ៣១៧ លានដុល្លារ។
ជាងនេះទៅទៀត សម្រាប់វិស័យមូលបត្រក្នុងឆ្នាំ២០២២ មានមូលធននីយកម្មទីផ្សារ សម្រាប់ទីផ្សារមូលបត្រសរុបចំនួន ១,៨៧ ប៊ីលានដុល្លារ, ការប្រមូលសាច់ប្រាក់ពីទីផ្សារមូលបត្រសរុបចំនួន ៣១៧,៥៥ លានដុល្លារនិង ទំហំជួញដូរនៃទីផ្សារឧបករណ៍និស្សន្ទសរុបចំនួន ៣០០,៥១ លានដុល្លារ៕