ភ្នំពេញៈ ភាព​ធូរស្បើយ​នៃ​ការរីក​រាលដាល​កូ​វីដ ​១៩ ទូទាំង​ពិភពលោក​បានធ្វើឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២៣ មាន​ចំនួន​ជាង ២៣,៦ ​ម៉ឺន​នាក់ ​ដែល​ជួយ​ឱ្យ​អង្គភាព​នេះ​ប្រមូល​ចំណូល​បាន​ជាង ១១,១ ​លាន​ដុល្លារ កើន​ ១ ពាន់​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ចំណូល​ពី​ការលក់​សំ​បុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះ​កេរ និង​កំពង់ផែ​ចុង​ឃ្នៀ​ស មាន​ទឹកប្រាក់ ២៤៤ ៥៤៩ ​ដុល្លារ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែល​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិតក្រោម​អា​ណា​ព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ ថ្ងៃ​ មានតម្លៃ ៣៧ ​ដុល្លារ​, ៣​ ថ្ងៃ តម្លៃ ៦២​ ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២​ ដុល្លារ​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ទើប​ចេញផ្សាយ ឱ្យដឹងថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ២៣៦ ៣៤១ ​នាក់ កើនឡើង ១ ០៩១,២៣ ​ភាគរយ​ពី​ចំនួន ១៩ ៨៤០​ នាក់​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​។ ទឹកប្រាក់​ដែល​ទទួលបាន​ចំនួន ១១ ១៣៥ ៤៩២ ​ដុល្លារ កើនឡើង ១ ២៦៥,៣៥​ ភាគរយ​។​

​ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ​ ២០២៣ ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៧៩ ៣៩០​ នាក់ កើន ​៨៧០,៨៩ ​ភាគរយ និង​ទទួលបាន​ប្រាក់ ៣ ៧៤៨ ៧០០​ដុ ល្លារ កើន ១ ០១០,៧៣​ ភាគរយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹង​ទៀតថា ក្រៅពី​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​អន្តរ​ជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​មួយ​នេះ​ក៏បាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ ចំនួន ៦៥ ៣៨៥​ ដុល្លារ និង​ការលក់​សំបុត្រ​ទូក​(​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​) ចំនួន ១៨០ ១៦៤​ ដុល្លារ​ផងដែរ​។​

​លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែ​មេសា​ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប បាន​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​ចាប់ពី​ដើមឆ្នាំ​ ២០២៣ មក​។

​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ជួយ​ឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ទទួល​បានការ​ងារ និង​ចំណូល​ឡើងវិញ​ជា​បណ្តើរៗ​ហើយ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងអំឡុង​ឆ្នាំ​ ២០២០ និង​ ២០២១ ដោយ​សារ​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។ លោក​បន្តថា ចំនួន​នេះ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​អំឡុង​ខែមេសា និង​ឧសភា ជា​ពេលដែល​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅក្នុង​ខេត្តសៀមរាប និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ថ្លែងថា​៖ «​ទោះ​ពេលនេះ​ភ្ញៀវ​អន្តរជាតិ​មិន​ច្រើន​ដូច​មុន​កូ​វីដ ប៉ុន្តែ​វា​កំពុងស្ថិត​លើ​ដំណើរ​កើន​ឡើងជា​បណ្តើរៗ​។ បើ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ជម្លោះ​អន្តរជាតិ​ធំៗ​ឆាប់​បញ្ចប់ កម្ពុជា​រំពឹង​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន​»​។​

​បើតាម​លោក ខៀវ ធី ភ្ញៀវ​​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ពេលនេះ គឺ​ភាគច្រើន​នៅក្នុង​តំបន់​អាស៊ី​។​

​អ្នកនាំពាក្យ​នៃ​រដ្ឋលេខា​ធិ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា កាលពី​ខែ​មករា បាន​និយាយថា វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ល្អជា​លំដាប់​ចាប់ពី​រដ្ឋាភិបាល​បើកទទួល​ភ្ញៀវ​​អន្តរជាតិ​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ឆ្នាំ​ ២០២៣ នេះ​វិស័យ​អាកាសចរណ៍​កម្ពុជា​រំពឹង​ទទួលបាន​អ្នកដំណើរ​ប្រមាណ​ជាង ៤,៦​ លាន​នាក់ ខណៈ​ចំនួន​ជើងហោះហើរ​នឹង​កើន​ដល់​ជាង ៤៥ ០០០​ ជើង​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុង​ពិធីបើកការដ្ឋាន​សាង​សង់ស្ពាន​ឆ្លងទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី ​២ ខែ​មករា បានប្រកាសថា កម្ពុជា​នឹង​បើកទទួល​ភ្ញៀវ​បរទេស​ពី​គ្រប់​តំបន់​ដោយ​មិន​មានការ​​រើសអើង​។ លោក​បាន​បន្ថែមថា នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវទេសចរ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិប្រមាណ​ជិត ២,២៨​ លាន​នាក់ កើនឡើង ១ ០៥៩​ ភាគ​រយ​ធៀប​ឆ្នាំ​ ២០២១៕