ភ្នំពេញៈ ហ្គោលដេន ទ្រី (Golden Tree) ដែលជាក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណបៃតងដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អកាលពីឆ្នាំមុន ចំពេលមានភាពតានតឹងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងការរីករាលដាលជំងឺកូវីដ១៩។
ក្រុមហ៊ុន Golden Tree Co Ltd (GT) នៅថ្ងៃទី១៩ខែមករា បានចុះបញ្ជី «សញ្ញាបណ្ណបៃតង» លើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) ដោយប្រមូលមូលនិធិបានចំនួន ៦,០៧២១ ពាន់លានរៀល (១,៤៦ លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។
យោងតាមឯកសាររបស់ក្រុមហ៊ុន GT ផ្ញើទៅ CSX នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ អត្រាកាន់កាប់ជាមធ្យមរបស់ក្រុមហ៊ុនមានចំនួន ៨៣ ភាគរយ បើប្រៀបធៀបទៅនឹងឧស្សាហកម្មចំនួន ៧២ ភាគរយ ខណៈដែលក្រុមហ៊ុនបានរក្សាប្រាក់ចំណេញមុនពេលបង់ការប្រាក់ ការបង់ពន្ធ និងការសងបំណុល ( EBITA) របស់ខ្លួនលើសពី ៧០ ភាគរយ ខណៈពេលដែលទទួលយកគំនិតផ្តួចផ្តើមជាច្រើន ដើម្បីរក្សាអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ពួកគេ។
លោក ហុង អ៊ុយ អភិបាលប្រតិបត្តិការ ក្រុមហ៊ុន Golden Tree Co.,Ltd បានឱ្យដឹងថា នៅក្នុងឯកសារនោះថា ក្នុងនាមជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈ ក្រុមហ៊ុន ហ្គោលដេន ទ្រី បានពង្រឹងនូវអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីបង្កើនបាននូវកំណើនប្រកបដោយនិរន្តរភាព និងដើម្បីបង្កើនទំនុកចិត្តជាមួយវិនិយោគិនសាធារណៈឱ្យបានប្រសើរឡើង។
លោកថ្លែងថា៖ «យើងចាប់ផ្ដើមផ្ដោតលើនិរន្តរភាព ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ អគារបៃតង និងធ្វើឱ្យមានលំហូរខ្យល់គ្រប់គ្រាន់ និងផាសុកភាពសម្រាប់អតិថិជន ដែលបានជួលអគាររបស់យើងទាំងអស់ ដែលជាផ្នែកសំខាន់មួយដែលអតិថិជនត្រូវការបំផុតក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩»។ លោកបន្តថា៖ «ការផ្តោតទៅលើនិរន្តរភាពបរិស្ថាន ធ្វើឱ្យយើងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដែលមិនបានគ្រោងទុក ហើយវាបានផ្ដល់ផលវិជ្ជមានច្រើនមកយើង។
យើងកំពុងបន្តដំណើរឆ្ពោះទៅរកនិរន្តរភាព ដោយរួមបញ្ចូលយុទ្ធសាស្ដ្រហិរញ្ញប្បទាននិរន្តរភាព។ យើងបានបោះផ្សាយមូលបត្របំណុលបៃតង ជាសាធារណៈ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាដោយជោគជ័យនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣»។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Golden Tree ក៏បានថ្លែង នៅក្នុងឯកសារនោះថា ឆ្នាំ២០២២ គឺជាឆ្នាំ ដែលគួរឱ្យកត់សម្គាល់មួយសម្រាប់ក្រុមហ៊ុន Golden Tree ដែលសម្រេចបាននូវសមិទ្ធផលដ៏សំខាន់ៗមួយចំនួន ដូចជា ខែមីនាឆ្នាំ២០២២ អគារពាណិជ្ជកម្មរបស់យើង វីត្រាស់ថៅវើ បានទទួលវិញ្ញាបនបត្រ EDGE ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាអគារបៃតង។
ខែតុលា ឆ្នាំ២០២២ មូលបត្របំណុលបៃតងដំបូងគេ ក្នុងទីផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី ត្រូវបានអនុម័តដោយនិយតករមូលបត្រកម្ពុជា (នមក) និងចុះបញ្ជីនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ ហើយនៅខែធ្នូ ឆ្នាំ២០២២ យើងបានពង្រីកអាជីវកម្មទៅក្នុងវិស័យអាផាតមិនសេវាកម្ម ដោយបានទិញអគារ អមរ៉ា រេស៊ីដេន។
លោកលើកឡើងថា៖ «ក្នុងឆ្នាំនេះ យើងបានសម្រេចសមិទ្ធផលជាច្រើន បើទោះជាសេដ្ឋកិច្ ចនៅកម្ពុជា ទើបតែចាប់ផ្ដើមប្រសើរឡើងវិញក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានត្រៀមខ្លួនរួមជាស្រេច ដើម្បីចាប់យកឱកាសថ្មីៗនៅក្រោយពេល ដែលស្ថានភាពសេដ្ឋកិច្ចត្រឡប់មកដំណើរការល្អប្រសើរឡើងវិញ។ ម្យ៉ាងវិញទៀត យើងតែងតែប្រុងប្រយ័ត្នជានិច្ច ចំពោះហានិភ័យសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងគ្រប់ពេលវេលា។ បច្ចុប្បន្ននេះអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងលំហូរនៃការផ្គត់ផ្គង់ការិយាល័យថ្មីបន្ថែមទៀត អាចបង្កផលប៉ះពាល់ជាអវិជ្ជមានលើអត្រាជួល និងហិរញ្ញប្បទានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
លោកបញ្ជាក់ថា៖ «ទោះបីជាមានបញ្ហាប្រឈមទាំងនោះក៏ដោយក៏វាបានបង្កើតឱ្យមានឱកាសសម្រាប់អ្នកដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបំប្លែងបញ្ហាឱ្យទៅជាកាលានុវត្តន៍ភាពថ្មីៗ។ យើងបានកំណត់ផែនការធុរកិច្ច យុទ្ធសាស្ដ្រ និងគោលនយោបាយរបស់យើង ឱ្យមានភាពអាចបត់បែនបាន និងសម្របទៅគ្រប់ស្ថានការណ៍ ដើម្បីធានាបាននូវការរីកលូតលាស់ជាចីរភាព។ យើងមានទំនុកចិត្តថា ឆ្នាំ២០២៣ នឹងនាំមកនូវភាពជោគជ័យបន្ថែមទៀត»។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ខុនដូថ្មីប្រមាណ ១៥០០ យូនីត និងវីឡាថ្មីចំនួន ២០០ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយស្ពានដែលរំពឹងទុកខ្លាំងបំផុត ដែលតភ្ជាប់កោះពេជ្រទៅកោះនរា ទំហំ ១២៥ ហិកតា គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។
ការដាក់ឱ្យដំណើរការនៃការអភិវឌ្ឍពាណិជ្ជកម្មថ្មីចំនួន ៩ នៅឆ្នាំ២០២២ បានធ្វើឱ្យផ្ទៃក្រឡាលក់រាយសរុបនៅក្នុងរាជធានីភ្នំពេញ កើនឡើងដល់ជាង ៦១៣ ០០០ ម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
អគារថ្មីៗ បានបន្ថែមផ្ទៃក្រឡាលក់រាយជាង ២០០ ០០០ ម៉ែត្រការ៉េ នៅក្នុងរាជធានីភ្នំពេញ កើនឡើង ១៧៩ ភាគរយ ធៀបនឹងគម្រោងចំនួន ៧ ដែលមានផ្ទៃក្រឡាសរុបជាង ៧៣ ០០០ ម៉ែត្រការ៉េ ដែលបានបញ្ចប់ និងដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០១៩៕