ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំនេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម។
បើតាម «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣» របស់ ADB ដែលចេញផ្សាយនៅក្នុងថ្ងៃទី ៤ ខែមេសា ការព្យាករនេះគឺស្រដៀងនឹងមន្ត្រីសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងកាលពីដើមឆ្នាំ ប៉ុន្តែរបាយការណ៍ដែលទើបចេញផ្សាយថ្មីរបស់ធនាគារពិភពលោកមានចំនួនទាបជាងនេះបន្តិច។
សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងកើនក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំ ២០២៣ នេះ ដែលបានពីការរួមចំណែកយ៉ាងខ្លាំងពីវិស័យទេសចរណ៍ដែលរំពឹងថានឹងមានកំណើន ៧,៣ ភាគរយ ទិន្នផលឧស្សាហកម្ម ធ្លាក់ចុះមកនៅត្រឹម ៥,៨ភាគរយនៅឆ្នាំនេះបើធៀបនឹងជាង ៨,៣ ភាគរយកាលពីឆ្នាំ ២០២២។ ទន្ទឹមនឹងនេះកំណើននៅក្នុងវិស័យសំណង់ត្រូវគេរំពឹងថា នឹងនៅតែយឺត ខណៈវិស័យកសិកម្មត្រូវបានព្យាករថា នឹងកើន ១,១ ភាគរយ។
របាយការណ៍របស់ ADB បានឱ្យដឹងថា ទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើន ៥,៨ ភាគរយក្នុងឆ្នាំ ២០២៣ មុននឹងហក់ឡើងដល់ ៧,៨ ភាគរយនៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវរំពឹងថា នឹងនៅតែយឺត ចំណែកឯវិស័យកសិកម្មត្រូវព្យាករថា នឹងកើន ១,១ ភាគរយនៅឆ្នាំនេះ និង ១,២ ភាគរយក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលសម្រាប់ការនាំចេញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីការចេញផ្សាយរបស់ ADO លោក Poullang Doung មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ ADB ទទួលបន្ទុកបេសកកម្មនៅកម្ពុជា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញឱ្យមានតម្រូវការ និងកំណើនក្នុងវិស័យសំណង់ដែលយឺតយ៉ាវនៅកម្ពុជា។
លោក Poullang ក៏បានលើកឡើងពីព្រឹត្តិការណ៍ធំៗចំនួន ២ គឺស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលប្រព្រឹត្តទៅក្នុងខែឧសភា និងការបោះឆ្នោតជាតិនៅខែកក្កដា ដែលនឹងជំរុញឱ្យមានការប្រើប្រាស់ច្រើននៅកម្ពុជា។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣ ឱ្យដឹងទៀតថា សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,០ ភាគរយក្នុងឆ្នាំ ២០២៣ និង ៤,០ ភាគរយនៅក្នុងឆ្នាំ ២០២៤។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានថ្លែងថា៖ «ទោះបីតម្រូវការពិភពលោកចុះខ្សោយក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំនៃឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ ២០២៣»។
លោកស្រី Jyotsana Varma បានបន្ថែមថា៖ «ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅអាមេរិក និងអឺរ៉ុបកម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់ភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងអាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម»។
របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំរបស់អាជ្ញាធរនៅក្នុងការបង្កើនការវិនិយោគបៃតងដើម្បីទទួលបានសក្ដានុពលកំណើនពេលវែង។
ការកើនឡើងនៃតម្រូវការខាងក្រៅសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជាដែលនាំឱ្យមានការរស់ឡើងវិញនៃតម្រូវការអាហារ កន្លែងស្នាក់នៅ និងកំណើននៃវិស័យដឹកជញ្ជូន និងទំនាក់ទំនងក្នុងស្រុកបានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងកម្រិតប៉ាន់ប្រមាណ ៥,២ ភាគរយក្នុងឆ្នាំ ២០២២។ នេះបើតាម ADO។
ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងអត្រា ៥,២ ភាគរយនៅឆ្នាំ ២០២៣ ដែលជំរុញដោយការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន ប៉ុន្តែបានកត់សម្គាល់ថា សេដ្ឋកិច្ចក្នុងតំបន់អាចរងផលប៉ះពាល់ដោយសារតែ «កំណើន សេដ្ឋកិច្ចពិភពលោកយឺត ការកើនឡើងតម្លៃទំនិញ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុក្នុងការឆ្លើយតបនឹងអតិផរណារយៈពេលយូរ»។
របាយការណ៍ធនាគារពិភពលោកក៏បានឱ្យដឹងទៀតថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនជួយឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៥ ខែមករា បាននិយាយថា រដ្ឋាភិបាលបានកែតម្រូវការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ មកនៅត្រឹម ៥,៦ ភាគរយធៀបនឹង ៦,៦ ភាគរយដែលខ្លួនបានព្យាករកាលខែតុលា ឆ្នាំ ២០២២ ដោយសារតែភាពមិនច្បាស់លាស់អំពីកំណើនសេដ្ឋកិច្ចពិភពលោកដែលជាប់ទាក់ទងនឹងជម្លោះអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងវិបត្តិការរីករាលដាលជំងឺកូវីដ ១៩៕