ភ្នំពេញៈ អ្នកក្នុងវិស័យទេសចរណ៍លើកឡើងថា ទោះបីវិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់ប្រមាណ ៣ ឆ្នាំដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏ចំនួនភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិន ដែលទៅកម្សាន្តក្នុងខេត្តព្រះសីហនុនាត្រីមាសទី ១ ដើមឆ្នាំ ២០២៣ នេះគឺមិនទាន់មានច្រើនទេ។
ខេត្តព្រះសីហនុ ដែលជាខេត្តមានឆ្នេរសមុទ្រជាប់ចំណាត់ថ្នាក់ពិភពលោក កាលពីអំឡុងមុនឆ្នាំ ២០១៩ តែងទាក់ទាញភ្ញៀវបរទេសជាច្រើនឱ្យទៅកម្សាន្ត និងសម្រាកលម្ហែជារៀងរាល់ឆ្នាំ ពិសេសរយៈពេល ២-៣ ឆ្នាំចុងក្រោយមុនការលេចឡើងវត្តមានជំងឺកូវីដ ១៩ ដោយភាគច្រើនជាជនជាតិចិន។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមេសាថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកខេត្តព្រះសីហនុក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺមិនសូវកើនឡើងច្រើនទេបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ប៉ុន្តែបើនិយាយពីភ្ញៀវទេសចរផ្ទៃក្នុង (ខ្មែរ+ជនបរទេសរស់នៅធ្វើការនៅកម្ពុជា) គឺមានចំនួនច្រើនរៀងរាល់ថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ។ កំណើននេះ គឺបន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីខែតុលា ឆ្នាំ ២០២២ ព្រមទាំងការរៀបចំកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំឆ្នេរជាដើម។
លោកថ្លែងថា៖ «សម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសដែលមកដល់ខេត្តព្រះសីហនុភាគច្រើនចូលមកតាមកប៉ាល់ ដោយកើនឡើងស្ទើរ ១០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរតាមផ្លូវអាកាស (ហោះផ្ទាល់ពីក្រៅប្រទេសមកអាកាសយានដ្ឋានខេត្តព្រះសីហនុ) គឺមានចំនួនតិចតួចបំផុត»។ ភាគច្រើនភ្ញៀវមកតាមកប៉ាល់ គឺជនជាតិអាមេរិក កាណាដា និងអឺរ៉ុប ជាដើម។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ បច្ចុប្បន្នក្នុង ១ សប្តាហ៍ខេត្តព្រះសីហនុមានជើងហោះហើរពីបរទេសផ្ទាល់តែចំនួន ១ ជើងប៉ុណ្ណោះ គឺពីទីក្រុងគុនមីង ប្រទេសចិន។ ទោះយ៉ាងណាចំនួនជើងហោះហើរផ្ទាល់ពីក្រៅប្រទេសត្រូវបានរំពឹងថា នឹងមានចំនួនច្រើនចាប់ពីឆមាសទី ២ ខាងមុខតទៅ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និយាយថា ទោះបីកម្ពុជាប្រកាសបើកទទួលភ្ញៀវអន្តរជាតិតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ និងចិនដែលជាប្រទេសមានសេដ្ឋកិច្ច និងប្រជាជនច្រើនជាងគេលើពិភពលោកបានអនុញ្ញតឱ្យជនជាតិរបស់ខ្លួនធ្វើដំណើរមកកម្ពុជាពីដើមខែកុម្ភៈ ក៏ចំនួនភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិនមកកម្ពុជា គឺមានចំនួនតិចតួចនៅឡើយ។
លោកនិយាយថា៖ «ទោះយ៉ាងណាសម្រាប់ឆ្នាំ ២០២៣ ទាំងមូល ខ្ញុំគិតថា នឹងមានភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរទៅទីនោះ»។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរជនជាតិចិនឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងច្រើនដោយសារការរីករាលដាលជំងឺកូវីដ ១៩។ លំហូរភ្ញៀវទេសចរចិនមកកម្ពុជាក្នុងឆ្នាំនេះនឹងអាចមានចំនួនលើសឆ្នាំ ២០២២ ចំនួន ១០ ដង ព្រោះក្រៅពីលក្ខខណ្ឌខាងក្រៅ (ចិនជាប្រទេសធំ មានប្រជាជនច្រើន) រដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា ក៏បានអភិវឌ្ឍរចនាសម្ព័ន្ធផ្លូវថ្នល់ និងតំបន់កម្សាន្តជាច្រើន។ លោកបន្តថា ក្នុងឆ្នាំ ២០២៣ កម្ពុជានឹងអាចទទួលបានទេសចរបរទេសពី ៣,៥-៤ លាននាក់។
លោកប្រាប់ថា៖ «ការត្រៀមទទួលភ្ញៀវទេសចរចិន គឺយើងមានផែនការ និងកម្មវិធីច្បាស់លាស់»។ លោកបន្តថា៖«ខ្ញុំគិតថាសម្រាប់ឆ្នាំ ២០២៣ នេះនឹងបានភ្ញៀវទេសចរចិនប្រហែល ១ លាននាក់»។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨ លាននាក់ កើន ១ ០៥៩ ភាគរយធៀបឆ្នាំ ២០២១។ ដោយឡែកសម្រាប់ខែមករា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៤០២ ៩៤៣ នាក់ កើនឡើង ៧៩៧,២ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះភ្ញៀវតាមផ្លូវអាកាស ចំនួន ១៤៣ ១៧១ នាក់ កើនឡើង ៤៤៨ភាគរយ (ព្រលានយន្តហោះខេត្តព្រះសីហនុ មានចំនួន ១ ៣២១ នាក់ កើន ១៨៧,២ ភាគរយ), ផ្លូវគោក ២៥៤ ៥០១ នាក់ កើន ១ ២៨៣,១ ភាគរយ និងផ្លូវទឹក ៥ ២៧១ នាក់ កើនឡើង ១ ២៨៣,៥ ភាគរយ។ នេះបើតាមក្រសួងទេសចរណ៍៕