ភ្នំពេញៈ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ទោះបីជាមានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបានបង្កើនអត្រាការប្រាក់ទៅលើអត្រាការប្រាក់គោលរបស់អតិថិជនខ្លួនដោយសារតែប្រទេសនៅអឺរ៉ុប និងអាមេរិក ដែលជាប្រភពទុនដ៏សំខាន់នៃវិស័យធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅក្នុងស្រុកក៏ដោយ ក៏សមាជិករបស់សមាគម CMA ពុំបានដំឡើងអត្រាការប្រាក់ឡើយ។
លោក សុខ វឿង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមេសាថា ជាទូទៅទីផ្សារអន្តរជាតិ ពិសេសនៅអាមេរិក និងអឺរ៉ុបមានការកើនឡើងខ្ពស់ទាក់ទងនឹងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណានៅប្រទេសនីមួយៗ ដែលវាបានបង្កផលប៉ះពាល់មកដល់ប្រទេសកម្ពុជា ផងដែរ ដោយសារតែប្រភពទុននៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាក៏មានប្រភពពីក្រៅប្រទេសដែរ។
លោកអះអាងថា៖ «សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឬសមាជិករបស់សមាគមយើង ទោះបីមានការដំឡើងការប្រាក់លើទីផ្សារអន្តរជាតិដែលបានបង្កផលប៉ះពាល់ដល់យើងផងដែរនោះ គឺសមាជិករបស់សមាគមយើងពុំបានដំឡើងអត្រាការប្រាក់សម្រាប់អតិថិជនដែលមានស្រាប់នោះទេ»។
លោកបន្ថែមថា៖ «ការណ៍នេះមានន័យថា សម្រាប់អតិថិជនដែលមានស្រាប់គឺគាត់នៅតែបន្តបង់អត្រាការប្រាក់កម្ចីគាត់ដដែលៗរហូតដល់ឥណទាននោះបានបញ្ចប់ ប៉ុន្តែប្រសិនបើឥណទានថ្មី ឬធ្វើឡើងវិញ គឺអត្រាការប្រាក់នឹងត្រូវធ្វើឡើងវិញទៅតាមស្ថានភាពទីផ្សារ។ ដូច្នេះនេះគឺជាយុទ្ធសាស្ត្រ ឬជាកិច្ចការដែលសមាគមរបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិក ដើម្បីឱ្យរក្សាបានសណ្តាប់ធ្នាប់សង្គម ក៏ដូចជារក្សាបាននូវចីរភាព ឬលទ្ធភាពរបស់អតិថិជន។ យើងដឹងហើយថា បច្ចុប្បន្ន មនុស្សភាគច្រើនគឺទទួលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកម្ពុជាយើងក៏រងផលប៉ះពាល់ដែរ ដូច្នេះយើងរក្សាការងារប្រតិបត្តិការរបស់យើងបន្តទៅមុខប្រកបដោយចីរភាព ទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនរងផលប៉ះពាល់ក៏ដោយ ក៏យើងនៅតែធ្វើការជិតស្និទ្ធជាមួយអតិថិជនដើម្បីឱ្យទំនាក់ទំនងរបស់យើងមានភាពល្អប្រសើរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ការដំឡើងអត្រាការប្រាក់របស់ធនាគារខ្លះនាពេលនេះ គឺពុំបានឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នឡើយ ស្របពេលប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់ក៏កំពុងជួបស្ថានភាពថមថយប្រាក់ចំណូលផងដែរ ដូច្នេះការសម្រេចដំឡើងអត្រាការប្រាក់នេះនឹងដាក់បន្ទុកបន្ថែមដល់អ្នកខ្ចី។
លោកនិយាយថា៖ «ប្រសិនបើការដំឡើងអត្រាការប្រាក់នេះអនុវត្តទៅលើអ្នកខ្ចីដែលមានស្រាប់នោះ វាគឺជាការដាក់បន្ទុកបន្ថែមដល់ពួកគាត់។ ខ្ញុំយល់ថា បើសិនការដំឡើងអត្រាការប្រាក់សម្រាប់កម្ចីថ្មីនោះ វាជាកត្តាទីផ្សារដែលកំពុងតែកើតឡើងនៅទីផ្សារសកល»។
ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី ៤៣ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ នៅខេត្តព្រះសីហនុ នាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា ការប្រកាសដំឡើងអត្រាការប្រាក់របស់ធនាគារមួយចំនួននៅកម្ពុជា គឺដោយសារការរងឥទ្ធិពលដែលកម្ពុជាទទួលបន្តពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។
លោកស្រីបន្ថែមថា ការកើនឡើងនៃអត្រាការប្រាក់នេះ គឺដោយសារតែកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ និងបានផ្តល់ឥណទានច្រើនជាប្រាក់ដុល្លារអាមេរិក។ លោកស្រីបន្តថា ចាប់ពីខែមីនា ឆ្នាំ ២០២២ មក ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់គោលដើម្បីជួយបន្ទាបអត្រាអតិផរណាដែលបានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ បាននាំឱ្យអត្រាការប្រាក់នៅទីផ្សារអន្តរជាតិកើនឡើងផងដែរនៅដើមឆ្នាំ ២០២៣ នេះ ហើយឥទ្ធិពលនេះបានចាប់ផ្តើមឡើងនៅកម្ពុជា ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានបង្កើនអត្រាការប្រាក់ជាដុល្លារដល់អតិថិជន។
លោកស្រីថ្លែងថា៖ «ចំណុចនេះក៏ជាចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍ដែរនៅពេលយើងចាយលុយដុល្លារអាមេរិក ធនាគារកណ្តាលអាមេរិក និងរដ្ឋាភិបាលអាមេរិក គេសម្រេចចិត្តធ្វើឱ្យលុយគេថោក ឬថ្លៃគឺយើងអត់មានលទ្ធភាពទៅតវ៉ាអ្វីទាំងអស់ គឺយើងត្រូវទទួលយក»។
លោកស្រីក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័នសាធារណៈ គ្រឹស្ថានហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុនសហគ្រាស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបន្តប្រើប្រាក់រៀលឱ្យបានកាន់តែច្រើន។ បើប្រាក់រៀលប្រើក្នុងបរិមាណច្រើនវិញនោះ ធនាគារជាតិនៃកម្ពុជានឹងអាចមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអត្រាការប្រាក់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩, ធនាគារឯកទេស ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៤៕