កម្ពុជា និងម៉ាឡេស៊ី បានពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និងទស្សនទានផ្សេងៗជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ និងការរៀបអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើដំណើរទស្សនកិច្ច ទៅប្រទេសម៉ាឡេស៊ី រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ៥-៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រង និងការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ភ្នាក់ងារសេវាកម្មពន្ធដារ របស់រដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនោះ លោក លឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងប្រធានគណៈប្រតិភូនៃប្រទេសកម្ពុជា ក៏បានចែករំលែកបទពិសោធន៍នៃកំណែទម្រង់របស់កម្ពុជាក្នុងការឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេស ការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ (Call Center, LiveChat, Facebook live, GDT News, Telegram Channel....) ព្រមទាំងកម្មវិធីវិក្កយបត្រនាំសំណាង (GDT L.ucky Draw)។
បន្ថែមពីនេះលោកក៏បានចែករំលែកនូវការគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ដែលបាននិងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
សេចក្តីប្រកាសបញ្ជាក់ថា៖«ជារួមភាគីនៃប្រទេសទាំងពីរបានជជែកពិភាក្សាប្លាស់ប្តូរគំនិតយោបល់ និងទស្សនទានផ្សេងៗជាច្រើនពាក់ព័ន្ធការគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ និងការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។
ប្រភពដដែលបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅប្រកបដោយទទួលផលផ្លែផ្កា ជាមួយនឹងការទទួលបាននូវចំណេះដឹង គំនិតច្នៃប្រឌិតថ្មីៗ បទពិសោធន៍ សម្រាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យកាន់តែប្រសើរឡើង។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជូនគណៈប្រតិភូនៃប្រទេសកម្ពុជាអំពី លិខិតបទដ្ឋានគតិយុត្ត ការស្នើសុំ សុពលភាព ក្រមសីលធម៌ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ៕