អាជ្ញាធរខេត្តមណ្ឌលគិរី បានជំរុញលើកទឹកចិត្តឱ្យកសិករ បង្កើនការដាំដុះបន្លែស្ពៃក្តោប ព្រោះតំបន់ខេត្តភូមិភាគឦសានមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំ ខណៈបន្លែស្ពៃក្តោបមានតម្រូវការទីផ្សារខ្ពស់ ដែលជាមធ្យមបន្លែនេះអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេសបានរហូតជាង ១២ តោនក្នុងមួយខែ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានលើកឡើងថា វិស័យកសិកម្មនៅខេត្តមណ្ឌលគិរី គឺមានសក្តានុពលខ្ពស់ ដោយសារតែកត្តាអាកាសធាតុ និងដីមានជីវជាតិអំណោយផល ពិសេសសម្រាប់ការដាំដុះបន្លែជាដើម។ ជាក់ស្តែង បច្ចុប្បន្នបន្លែស្ពៃក្តោបដែលទទួលបានឈ្មោះបោះសំឡេងពីអ្នកបរិភោគថាមានគុណភាពល្អដោយគ្មានសារជាតិគីមី ហើយរសជាតិស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោបពីកន្លែងដទៃទៀត ហើយដំណាំប្រភេទនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងទីផ្សារល្អប្រសើរឡើងបន្តបន្ទាប់។
លោកបន្តថា៖«គិតមកដល់សព្វថ្ងៃនេះ បន្លែស្ពៃក្តោបនៅក្នុងខេត្តមណ្ឌលគិរី ដោយសារការដាំដុះក្នុងអាកាសធាតុត្រជាក់ បានធ្វើឱ្យបន្លែនេះ ដាំដុះល្អជាងដំណាំផ្សេងៗ ហើយមានរសជាតិឆ្ងាញ់ ផ្អែម ស្រួយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ បានទទួលទិញបន្លែស្ពៃក្តោបក្នុងខេត្តមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តដដៃទៀត។ ជាមធ្យមគឺយើងអាចផ្គត់ផ្គង់បានក្នុងរង្វង់ជាង ១២ តោនក្នុងមួយខែ បើទោះជាទំហំនេះតិចតួច តែយើងអាចមានលទ្ធភាពផ្គត់ផ្គង់ទៅកាន់ទីផ្សារដទៃបាន»។
លោកបន្ថែមថា ក្រៅពីបន្លែស្ពៃក្តោប ខេត្តមណ្ឌលគិរី ក៏មានសក្តានុពលលើការដាំដុះបន្លែកាហ្វេ ស្វាយចន្ទី ដំឡូងមី ដំណាំប័រ ដំណាំក្រូចវល្លិ៍ (ផ្លែផាសិន) ដំណាំកៅស៊ូជាលក្ខណៈឧស្សាហកម្ម និងដំណាំកៅស៊ូជាលក្ខណៈគ្រួសារផងដែរ។
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តទៀតថា ដើម្បីបង្កើនបរិមាណទិន្នផលនៃបន្លែ និងដំណាំសក្តានុពលទាំងនេះ លោកក៏លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករខិតខំដាំដុះបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការ សំដៅលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ។
លោកបានថ្លែងបន្តថា៖«សូមឱ្យប្រជាពលរដ្ឋ បង្កើនការដាំដុះ តាមរយៈការកែប្រែទម្លាប់នៃការដាំដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីមានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់»។
ជាមួយគ្នានេះ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងដែរថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផល លើវិស័យទេសចរណ៍ បន្លែនិងដំណាំមួយចំនួនទៀតសម្រាប់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងបានបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។ លោកថាជាក់ស្តែង បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមានការទាក់ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុតជាដើម។
ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះបង្កបង្កើនផលដំណាំរួមផ្សំនានា និងចេះចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅកាន់តែរីកចម្រើនខណៈខេត្តក៏នឹងខិតខំកសាង និងកែលម្អប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការដាំដុះដំណាំកសិកម្មរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ឈានទៅបង្កើនគុណភាពនិងបរិមាណនៃផលិតផលកសិកម្មបន្ថែមទៀត៕