ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ជំរុញឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតករនៅក្នុងស្រុក។
លោក យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ថ្លែងក្នុងពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ នាខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ មេសា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ»។
លោកថ្លែងថា លោកនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈ សមស្របតាមភូមិឋាន។ពិសេសស្រូបយកផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១។
តាមរយៈសារលិខិត លោក យឹម ឆៃលី បានបញ្ជាក់ថា៖«គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង»។
លោកថ្លែងថា គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១រាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិ១ ផលិតផល១ ឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់-ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។
ម្យ៉ាងវិញទៀតត្រូវបញ្ជ្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ។ នេះបើតាមការបន្ថែមពីលោក យឹម ឆៃលី។
កញ្ញា ប៊ុន សៀង តំណាងកសិដ្ឋានភូមិកសិផលធម្មជាតិ និងបានយកផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួនទៅដាក់បង្ហាញនៅក្នុងព្រឹត្តការណ៍ជំរុញចលនាភូមិ១ ផលិតផល១ ខេត្តស្វាយរៀង ដែរនោះ បានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍នេះ ជាឱកាសល្អសម្រាប់ផលិតករក្នុងស្រុកទាំង ក្នុងការដាក់បង្ហាញពីផលិតផល ដែលខ្លួនផលិតបានជូនដល់សាធារណជន ឱ្យបានដឹងថាផលិតមួយចំនួន ខ្មែរធ្វើបានល្អជាងផលិតនាំចូលទៅទៀត។
កញ្ញាបានបញ្ជាក់ដូច្នេះថា៖«ភូមិកសិផលធម្មជាតិ ស្ទើរតែមិនដែលខកខានឡើយ ក្នុងការចូលរួមផ្សព្វផ្សាយពីផលិតក្នុងស្រុក ពិសេសប្រភេទបន្លែផ្លែឈើសរីរាង្គ ដែលកសិករខ្មែរដាំដុះបាន។ខ្ញុំឃើញមានផលិតផលខ្មែរយើងកាន់តែច្រើន ដែលបានតាំងបង្ហាញនិងដាក់លក់ ក្នុងព្រឹត្តិការណ៍ទាំងនោះ ដែលនេះជាមោទនភាពមួយដែរ ព្រោះថា ខ្មែរយើងអាចផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ មិនចាញ់ផលិតនាំចូលឡើយ»។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបរិវេណសួនវិមានឯករាជ្យ ខេត្តស្វាយរៀង។
ក្រៅពីការរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ដូចជា ការដង្ហែក្បួនទូងស្គរផ្សព្វផ្សាយផលិតផលសំខាន់ៗ វេទិកាផ្គូផ្គងអ្នកទិញ-អ្នកលក់ ការប្រគំតន្ដ្រីនៅតាមដងផ្លូវមាត់ព្រែកកំពង់ចម្លង និងកម្មវិធីកម្សាន្តផ្សេងៗទៀតផងដែរ៕