ភ្នំពេញៈ វិស័យឯកជន និងអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យមានការផ្តោតសំខាន់លើការអភិវឌ្ឍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឱ្យអស់សក្តានុពល ក៏ដូចជាលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍន៍ផ្នែកឯកជន ដើម្បីចូលមកវិនិយោគរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី ១១ ខែមេសា ថា កន្លងទៅ រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តែងតែផ្តល់ការលើកទឹកចិត្ត និងជំរុញដល់អ្នកវិនិយោគក្នុងនិងក្រៅប្រទេស ឱ្យមានការវិនិយោគបង្កើតរោងចក្រសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ចំពោះច្បាប់វិនិយោគ តែងផ្តល់ការលើកចិត្តដូចគ្នា មិនថា ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬការវិនិយោគនៅតំបន់ខាងក្រៅនោះទេ ទាំងការលើកលែងពន្ធប្រាក់ចំណេញពី៣ឆ្នាំទៅ៩ឆ្នាំ និងការរួចពន្ធនាំចូលសម្រាប់វត្ថុធាតុដើម ជាដើម គឺដូចគ្នាទេ គ្រាន់តែថា តំបន់សេដ្ឋកិច្ចពិសេស មានលក្ខណៈអំណោយផលជាង។
លោកលឹម ហេង បញ្ជាក់ថា៖«តំបន់សេដ្ឋកិច្ចពិសេស វាមានអំណោយផលជាង ដោយសារលក្ខខណ្ឌទទួលបាន ដូចជាច្បាប់សាងសង់ជាដើម មានលក្ខណៈងាយស្រួលជាង។ ទី២ការនាំចេញនាំចូលផលិផលផ្សេងៗ មានភាពងាយស្រួលជាង ដោយសារសេវាសាធារណៈនៅច្រកចេញចូលតែ១ទាំងគយ ទាំងផ្នែកផ្សេងៗទៀតនៅច្រកតែ ១ ដែលនេះជាការជំរុញលើកទឹកចិត្ត»។
លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគធំៗដូចជា រោងចក្រដំឡើងរថយន្ត ឬរោងចក្រឧស្សាហកម្មធំៗត្រូវការផ្ទៃដីសាងសង់ធំៗ ទើបមិនសូវមានរោងចក្រប្រភេទនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ។ ម្យ៉ាងវិញទៀត តំបន់សេដ្ឋកិច្ចពិសេសខ្លះ នៅមានបញ្ហាប្រឈមមួយចំនួន ដោយសារតែស្ថិតនៅតំបន់ដាច់ស្រយាល ដែលមានការប្រឈមនឹងបញ្ហាទឹក និងអគ្គិសនី រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លោកថា៖«ខ្ញុំសង្ឃឹមថា ការស្នើសុំអ្វីផ្សេងៗ នឹងមានការជួយសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល»។
ចំណែក លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជាលើកឡើងថា រាល់សកម្មភាពវិនិយោគទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។
លោកបានថ្លែងដូច្នេះថា ៖ «មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឱ្យអស់សក្កានុពលនៅឡើយ។ កត្តាចម្បងដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន មិនសូវមានសកម្មភាព និងសក្ដានុពល គឺដោយសារការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសក្នុងតំបន់ ទើបធ្វើឱ្យវិនិយោគិនមិនសូវមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ»។
លោកគី សេរីវឌ្ឍន៍ បានបន្តថា វិស័យមួយចំនួនដែលមានការចាប់អារម្មណ៍ពីវិនិយោគិនភាគច្រើន សុទ្ធតែនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ខណៈបច្ចុប្បន្នវិនិយោគិនភាគច្រើន បានងាកទៅចាប់អារម្មណ៍វិនិយោគនៅតាមតំបន់ជនបទច្រើនជាងទីប្រជុំជនវិញ។
«កត្តាដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា មិនសូវមានសកម្មភាពច្រើន គឺដោយសារការទាក់ទាញអ្នកវិនិយោគនៅមានកម្រិត ពិសេសវិស័យឧស្សាហកម្មនៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំងបើធៀបនឹងប្រទេសដទៃ»។ លោក គី សេរីវឌ្ឍន៍ បន្ថែម។
បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាង ៥០កន្លែង ដែលបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្មថ្មីៗ ចំនួន១៨៦គម្រោង ជាមួយទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ CDC បានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤៣គម្រោង ជាមួយទុនវិនិយោគសរុបជិត ៥៨៨លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១ពាន់៧រយកន្លែង៕