ភ្នំពេញៈ ខណៈប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ត្រៀមនឹងដាក់ឱ្យអនុវត្តនូវលក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដា (Standard of Loan Agreement) សម្រាប់លក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីក្នុងវិស័យហិរញ្ញវត្ថុ អ្នកនៅក្នុង និងក្រៅវិស័យហិរញ្ញវត្ថុហាក់មានគំនិតផ្សេងគ្នាចំពោះការដាក់ចេញនូវស្តង់ដារួមនោះ។
លក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដានេះត្រូវបានផ្តួចផ្តើម និងបង្កើតដោយកិច្ចខិតខំរបស់សមាគមធនាគារនៅកម្ពុជា (ABC) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងឆ្នាំ ២០២២ ហើយលក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដានេះមានវិសាលភាពអនុវត្តលើគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យា។ នេះបើតាម លោក សុខ វឿន។
លោក សុខ វឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានគណៈកម្មាធិការបរិយាប័ន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា បានអះអាងថា កិច្ចសន្យាស្តង់ដានឹងមានព័ត៌មានចែងពីលក្ខខណ្ឌគឺដូចគ្នាស្ទើរតែទាំងស្រុងសម្រាប់លក្ខខណ្ឌនៃការខ្ចីប្រាក់។
លោកថ្លែងថា៖ «ខុសត្រង់ថា អត្រាការប្រាក់ (Interest Rate) អាចខុសគ្នា កម្រៃសេវាអាចខុសគ្នាមួយចំនួន ប៉ុន្តែលក្ខខណ្ឌទាំងអស់ក្នុងនោះគឺដូចគ្នា»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ថា ការដាក់ចេញលក្ខខណ្ឌស្តង់ដាតែមួយបែបនេះនឹងរួមចំណែកជួយការពារទាំងអតិថិជន និងស្ថាប័នផ្តល់ប្រាក់កម្ចីទាំងអស់ ជាពិសេសគឺការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព។
លោកថ្លែងថា៖«លុបបំបាត់នូវការប្រកួតប្រជែងមិនស្មើភាពគ្នា។ ម្យ៉ាងទៀត កាលណាយើងមានបទដ្ឋាន និងស្តង់ដាដូចគ្នា វានឹងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទៅ។ ចំពោះខ្ញុំជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករទាំងឡាយ យើងឃើញថា វាមានសារៈសំខាន់ណាស់ ព្រោះវាជួយការពារអតិថិជន ក៏ដូចជាជួយការពារស្ថាប័នដែលជាការពារស្មើភាពគ្នា»។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានអះអាងថា ការផ្តល់លក្ខខណ្ឌសម្រាប់ប្រាក់កម្ចីគួរតែធ្វើឡើងតាមរូបភាពផ្សេងៗគ្នា តាមលក្ខខណ្ឌខុសៗគ្នា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យនេះ។
លោកអះអាងថា៖«ស្ថាប័ននីមួយៗតែងតែមានលក្ខខណ្ឌផ្សេងៗគ្នានិងមានភាពបត់បែនតាមទម្រង់អាជីវកម្មរបស់ពួកគេ ដោយខ្លះមានសាខាច្រើន ខ្លះមានសាខាតិច។ ស្ថាប័នខ្លះមានសេវាកម្មខិតជិតប្រជាជន អ្នក [ស្ថាប័ន] ខ្លះក៏មិនមាន»។
លោកបន្ថែមថា មែនទែនទៅការផ្តល់លក្ខខណ្ឌកម្ចី គួរមានការបត់បែនតាមស្ថាប័ន៕