ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កំពុងបន្តពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលម្រេចគឺជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សាលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចរចាបើកទីផ្សារបន្ថែមថ្មីៗ សម្រាប់ផលិតផលម្រេចកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញ អភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖«កន្លងមកក្រសួងពាណិជ្ជកម្មបានខិតខំ និងដឹកនាំចរចាបើកទីផ្សារបន្ថែមថ្មីៗ ជាពិសេសក្នុងឆ្នាំ២០២២ កន្លងទៅ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន ៣ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងដឹកនាំបញ្ចប់ការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម»។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរកទីផ្សារថ្មីៗ ព្រោះថា នៅពេលម្រេចកម្ពុជាមានទីផ្សារថ្មីៗកាន់តែច្រើន ពិតជាអាចទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត លើការដាំដុះនឹងនាំចេញម្រេចទៅកាន់ប្រទេសផ្សេងៗទៀត ក្រៅពីវៀតណាម។
លោក ម៉ាក់ នី បញ្ជាក់ថា៖«សម្រាប់ខ្ញុំគឺមានសារៈសំខាន់ខ្លាំងមែនទែន ទីផ្សារបើកច្រើនកាន់តែល្អ សម្រាប់កសិករយើង។ មិនថា តែដំណាំម្រេចទេ ផលិតផលកសិកម្មជាច្រើនមុខទៀតរបស់កម្ពុជា ដែលមានតម្រូវការទីផ្សារសម្រាប់នាំចេញ។ យើងសប្បាយចិត្ត នៅពេលរាជរដ្ឋាភិបាល បានគិតគូរក្នុងការបើកទីផ្សារ ជាមួយបណ្តាប្រទេសផ្សេងៗកាន់តែច្រើន ងាយស្រួលសម្រាប់យើង»។
លោកបានឱ្យដឹងទៀតថា ក្នុងតំបន់អាស៊ាននេះ វៀតណាម គឺជាទីផ្សារដ៏ធំ សម្រាប់ម្រេចកម្ពុជា។ ម្យ៉ាងវិញទៀត បើទោះបីជា កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ និងទ្វេភាគីមួយចំនួនហើយក៏ពិតមែន តែបញ្ហារបាំងពន្ធមួយចំនួន និងភូតគាមអនាម័យ ជាដើម ដូច្នេះអ្នកនាំចេញនឹងធ្វើការប្រៀបធៀបថា តើការនាំចេញទៅតាមវៀតណាមចំណេញជាង ឬនាំចេញទៅប្រទេសផ្សេងទៀតដោយផ្ទាល់ តាមកិច្ចព្រមព្រៀងចំណេញជាង។
ប៉ុន្តែការមានជម្រើសកាន់តែច្រើន កាន់តែល្អសម្រាប់កម្ពុជា ព្រោះទីផ្សារក៏ល្អដែរ។ បែបនេះក្តី លោកថា បញ្ហាប្រឈមនៃផលិតផលម្រេចនៅតែមាន ទាក់ទងនឹងតម្លៃ និងអាកាសធាតុក្តៅខ្លាំង។
លោកបានបញ្ជាក់ដូច្នេះថា៖«បញ្ហាប្រឈមរបស់ម្រេចយើង នៅតែដដែលទេ ទី១ទាក់ទងនឹងម្រេចអត់ឡើងថ្លៃតម្លៃត្រឹម១០ ០០០ ទៅ១១ ០០០ រៀលក្នុង១គីឡូក្រាម ដែលបានធ្វើឱ្យកសិករមានការខាតបង់ ដោយកសិរកមួយចំនួនបានបោះបង់ការដាំដុះ។ និងបញ្ហា១ទៀត គឺអាកាសធាតុក្តៅខ្លាំងពេក ហើយកង្វះទឹកស្រោចស្រពផង ដែលបានធ្វើឱ្យម្រេចងាប់ច្រើនឆ្នាំនេះ ខណៈដែលតម្លៃក៏មិនសូវថ្លៃទៀត»។
លោក ម៉ាក់ នី បញ្ជាក់ថា ការប្រមូលផលម្រេចនៅទូទាំងប្រទេស ក្នុងរយៈពេល៣ខែដើមឆ្នាំ ដោយមិនរាប់បញ្ចូលម្រេចកំពត មានបរិមាណសរុបពី៥ ០០០ទៅ៦ ០០០តោន ដោយហេតុថា តម្លៃម្រេចមិនសូវបានថ្លៃ នាំឱ្យកសិករបោះបង់ការដាំដុះ គួបផ្សំនឹងបញ្ហាអាកាសធាតុ បរិមាណម្រេចនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយ អាចនឹងមានការធ្លាក់ចុះ៕