ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​​​ ៦​ ​ម៉ឺន​នាក់ ​ដែល​បាននិងកំពុង​ធ្វើការ​នៅ​ប្រ​​ទេស​កូរ៉េ បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ជា​មធ្យម​ពី ៥០០​ ទៅជិត ៦០០​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ដែល​នេះ​ជាការ​រួមចំណែក​ជួយ​គ្រួសារ​របស់​ពួកគេ​ផង និង​ចូលរួម​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ​។

​លោក អ៊ិត សំហេង បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​មហាសង្ក្រាន្ត​កូរ៉េ រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​អឹ​យ​ចុង​ប៊ូ នៃ​សា​ធារ​ណ​រដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃទី​ ១៦ ខែ​មេសា ឆ្នាំ​ ២០២៣​។ លោក​បន្ថែមថា ពលករ​ខ្មែរ ដែល​បាន​ទៅធ្វើ​ការ​ប្រទេស​កូរ៉េ បាន​ចំនួន​ប្រមាណ​ជាង​ ៤ ​ម៉ឺន​នាក់​ក្នុងចំណោម​ប្រជាជន​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​សរុប​ជាង​៦​ម៉ឺន​នាក់​។​

​លោក​មានប្រសាសន៍ថា​៖ «​នៅ​ឆ្នាំ ​២០២៣ ​នេះ ដោយសារតែ​ពលករ​ខ្មែរ​យើង ខិតខំ​ធ្វើ​ការងារ​កន្ល​ង​ទៅ​បានល្អ​បានធ្វើឱ្យ​ការវាយតម្លៃ​របស់​ពល​ករ​ខ្មែរ​យើង ឈរ​នៅ​លំដាប់ថ្នាក់​ទី ​១ ក្នុងចំណោម​ពលករ​មកពី​ប្រទេស​ផ្សេងទៀត ដែល​បាននិងកំពុង​ធ្វើការ​នៅ​កូរ៉េ​នេះ​។ ភាគី​កូរ៉េ បាន​សន្យា​នឹង​បង្កើន​ចំនួន​ពលករ​ ១ ​ម៉ឺន​នាក់​បន្ថែមទៀត ឬ​លើសពីនេះ ដែល​នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​សម្រាប់​បងប្អូន​ពលករ​យើង​»​។

​លោក​បាន​សង្កត់ធ្ងន់ថា ក្នុងចំណោម​ពលករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស មានតែ​មក​កូរ៉េ​ទេ ដែល​ទទួលបាន​ប្រាក់​ខែ​ខ្ពស់​ជាងគេ​។ ម្យ៉ាងវិញទៀត ដោយសារតែ​ការធ្វើការ​នៅ​ប្រទេស​កូរ៉េ ជា​ការងារ​ដែលមាន​ជំនាញ​ខ្ពស់​ផង​នោះ ពលករ​ខ្មែរ​ទាំងអស់​មិន​ត្រឹមតែ​អាច​រកប្រាក់​ចំណូល​បានទេ​ប៉ុន្តែ​គួរ​គប្បី​សិក្សា​រៀនសូត្រ លើ​ជំនាញ​វិជ្ជាជីវៈ​នៅទីនេះ​បន្ថែម ដើម្បី​អាច​ទទួលបាន​ឱកាស​ការងារ ពេល​ត្រឡប់​ទៅ​ខ្មែរ​វិញ ឬ​សន្សំ​ថវិកា​បាន​ខ្លះ ដើម្បី​អាច​បើកមុខ​របរ​ដោយ​ខ្លួនឯងបាន​។​

​បើតាម​លោក អ៊ិត សំហេង រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​តាំងពី​ឆ្នាំ​ ១៩៩៧​ មក ដោយបាន​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា កូរ៉េ មានការ​រីកចម្រើន​ល្អ​ណាស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ការពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វិស័យ​នយោបាយ​ផ្សេងៗ​រវាង​កម្ពុជា​កូរ៉េ ប្រមុខ​រាជរដ្ឋាភិបាល តែងតែបាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ក្នុងការ​បើកឱកាស​ទីផ្សារការងារ​ឱ្យ​ខ្មែរ​យើង​មក​កូរ៉េ​»​។​

​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែមេសា​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ព្រោះ​ប្រ​ទេស​នេះ​បានផ្តល់​ប្រាក់បៀវត្សរ៍​ច្រើន ជាង​ប្រទេស​ដទៃទៀត ដល់​ពល​ករ​បរទេស​។

​លោក​ថ្លែងថា​៖« ​យើង​ឃើញ​បងប្អូន​ពលករ​យើង​ជាច្រើន ដែល​គាត់​បានចាប់ផ្តើម​អា​ជីវ​កម្ម​ផ្ទាល់ខ្លួន​ក្រោយពី​ត្រឡប់​មកពី​កូរ៉េ​វិញ ជាពិសេស​អ្នក​នៅ​ផ្នែក​កសិកម្ម ដូចជា​ការដាំដុះ​បន្លែ​តាមបែប​ទំនើប និង​ធម្មជាតិ​ជាដើម​។ ពួកគាត់​បាន​ប្រើ​ចំណេះ​ជំនាញ និង​បទពិសោធន៍ ដែល​បាន​ពី​ការ​ធ្វើការ និង​យល់ដឹង​នៅ​ប្រទេស​កូរ៉េ មក​អនុវត្ត​នៅ​ស្រុកកំណើត​។ ជាការ​ពិតណាស់ ប្រាក់ចំណូល​របស់​ពល​ករ​កម្ពុជា​យើង​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ផងដែរ​»​។

​លោក​ អន ប៊ុន​ហាក់ ឱ្យដឹងទៀតថា ពលរដ្ឋ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ទទួលបាន​ប្រាក់​ចំណូល​ច្រើន និង​ទទួលបាន​បទ​ពិសោធន៍​ការងារ​ដោយ​កន្លងទៅ​មាន​ពលករ​កូរ៉េ​ជាច្រើន មាន​ជីវភាព​ធូរធារ និង​មាន​ដើមទុន ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង នៅពេល​វិលត្រឡប់​មកពី​កម្ពុជា​វិញ​៕