ភ្នំពេញៈ គម្រោងវិនិយោគ ៥ ដែលមានទុនសរុប ១០៣,៣ លានដុល្លារ និងអាចបង្កើតការងារបាន ១ ១៦៨ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគ។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់ CDC។
CDC នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា តាមសំណើវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងវិនិយោគ ៥ រួមមាន គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំរបស់ក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd នៅស្រុកស្នួល ខេត្តក្រចេះ មានទុនវិនិយោគ ៧៣,៤ លានដុល្លារ, គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ នៃក្រុមហ៊ុន Rithy Rubber (Cambodia)Co., Ltd នៅតំបន់ប្រើប្រាស់ ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគ ១២ លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡារបស់ក្រុមហ៊ុន GE New Energy Technology (Cambodia) Co., Ltd នៅខណ្ឌកំបូល រាជធានីភ្នំពេញ ទុនវិនិយោគ ៧ លានដុល្លារ។
ចំណែកគម្រោង ២ ទៀតរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេររបស់ Jingmaoguoji (Cambodia) Gar-ment Co., Ltd នៅស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ៥,៧ លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារអេឡិចត្រូនិក របស់ក្រុមហ៊ុន Ebelno (Cambodia) Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,២ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែមេសា ថា ការមកដល់របស់គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ គឺដោយសារកម្ពុជាជាប្រទេសមានទីផ្សារអន្តរជាតិច្រើននៅចាំទទួលទិញទំនិញរបស់ខ្លួន នៅក្រោមលក្ខខណ្ឌពិសេសដោយមានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសធំៗដូចជា GSP ពីអាមេរិក EBA ពីសហភាពអឺរ៉ុប និងថ្មីៗនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាចុះហត្ថលេខាជាមួយប្រទេសចិន កូរ៉េ និងកិច្ចព្រមព្រៀងជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រទេសសមាជិកចំនួន ១៥ ក៏បានចូលជាធរមានផងដែរ។ លោកបន្តថា រឿងមួយទៀតដែលជាសក្តានុពលក្នុងការទាក់ទាញក្រុមអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននោះ គឺកម្ពុជាមានប្រភពនៃការផ្គត់ផ្គង់វត្ថុធាតុដើមសម្បូរបែប និងសម្បូរកម្លាំងពលកម្ម។
លោកបញ្ជាក់ថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះបន្ទាប់ពីសេដ្ឋកិច្ចពិភពលោកងើបចេញពីវិបត្តិកូវីដ ១៩។ សម្ទុះនេះនឹងមានចលនាកាន់តែខ្លាំងនៅពេលដែលស្ថានភាពកំពុងកើតក្នុងពេលនេះ (សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ) វិលទៅរកប្រក្រតីភាពឡើងវិញ។
លោកបន្តថា ក្រៅពីភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ច្បាប់វិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពល្អប្រសើរ កម្ពុជាក៏ជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំផងដែរ។
លោក វណ្ណៈ អះអាងថា៖ «ការមកដល់របស់គម្រោងវិនិយោគ គឺមិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានកាន់តែច្រើនផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា មូលហេតុដែលកម្ពុជានៅតែទទួលបានការបណ្តាក់ទុនថ្មីៗ គឺដោយសារកម្ពុជាមានភាពអនុគ្រោះច្រើនសម្រាប់អ្នកវិនិយោគ។ អ្នកវិនិយោគមុនសម្រេចចិត្តបណ្តាក់ទុននៅកន្លែងណាមួយគេតែងសិក្សាយ៉ាងលម្អិតលើលក្ខខណ្ឌទាំងអស់នោះ ដូច្នេះកំណើនក្រុមហ៊ុនដែលអនុម័ត CDC ឱ្យវិនិយោគ គឺមិនមែនជារឿងចៃដន្យឡើយ។
លោកបន្តថា ការខិតខំរបស់រដ្ឋាភិបាលក្នុងការរៀបចំច្បាប់ និងកិច្ចសហការល្អជាមួយនឹងបណ្តាប្រទេសនានាកំពុងផ្តល់ផលវិជ្ជមានកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា៖ «នេះជាសមិទ្ធផលដែលបានពីការខិតខំរបស់រដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជនក្នុងការទាក់ទាញអ្នកវិនិយោគឱ្យសម្លឹងឃើញពីកាលានុវត្តភាពនៅកម្ពុជា»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីសប្តាហ៍មុនក៏បានអនុម័តឱ្យគម្រោងវិនិយោគ ៦ ដែលមានទុនវិនិយោគសរុប ៧៣,៩ លានដុល្លារ និងបង្កើតការងារ ១ ៧២១ កន្លែងផងដែរ៕