ភ្នំពេញៈ ស្ថាប័នគ្រប់គ្រងមូលនិធិវិនិយោគអន្តរជាតិ Incofin មានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក បានអះអាងថា វិស័យធនាគារនៅកម្ពុជា មានភាពរឹងមាំខ្លាំងមិនងាយនឹងដួលរលំនោះទេ ប៉ុន្តែព័ត៌មានអវិជ្ជមានកើតឡើងម្តងម្កាលក៏បានធ្វើឱ្យវិនិយោគិនបរទេសខ្លាចរអា និងចោទសួរត្រឡប់មកវិញចំពោះមូលនិធិដែលពួកគាត់បានទម្លាក់មក។
Incofin គឺជាក្រុមហ៊ុនគ្រប់គ្រងវិនិយោគបរទេសដែលផ្តល់កម្ចីដល់ក្រុមហ៊ុនក្នុងវិស័យកសិកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាំងពីឆ្នាំ ២០១៣ ដោយមកដល់ពេលនេះបានកៀរគរទុនប្រមាណ ១០០ លានដុល្លារសម្រាប់ការវិនិយោគបន្តនៅកម្ពុជា។
ក្នុងបទបង្ហាញដល់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី ជា វុទ្ធី អនុប្រធានថ្នាក់តំបន់នៃក្រុមហ៊ុន Incofin បានអះអាងថា ការកៀរគរទុនពីក្រៅប្រទេសឱ្យមកវិនិយោគក្នុងប្រទេសមិនមែនជារឿងងាយស្រួលទេ ព្រោះព័ត៌មានដែលផ្ទុះឡើងអវិជ្ជមាននៅលើបណ្តាញសង្គម ឬតាមមាតិកានៃសារព័ត៌មានល្បីគឺងាយនឹងទៅដល់ម្ចាស់លុយ ដែលនាំឱ្យមានចំណោទបញ្ហាជាច្រើនក្នុងការឆ្លើយតបទៅនឹងចម្ងល់របស់ម្ចាស់មូលនិធិ។
លោកស្រី ជា វុទ្ធី និយាយថា៖ «គាត់មិនមែនខ្លាចខ្មែរយើងខ្វះលទ្ធភាពសងនោះទេ និយាយឱ្យអស់ទៅ ព្រោះរបាយការណ៍ហិរញ្ញវត្ថុធនាគារនៅកម្ពុជារឹងមាំ។
របាយការណ៍របស់ធនាគារជាតិក៏បានបង្ហាញដែរថា ធនាគារនីមួយៗមានដើមទុនច្រើន និងបានបំពេញតាមគោលការណ៍របស់ធនាគារកណ្តាលបានត្រឹមត្រូវ។ បើនិយាយពីសកម្មភាពហិរញ្ញវត្ថុវិញ គាត់រឹងមាំហើយ ប៉ុន្តែបើនិយាយនៅក្នុងបណ្តាញសង្គមវិញ បើដាក់មូលនិធិវិនិយោគនោះមក ស្រាប់តែឃើញព័ត៌មានអាក្រក់វិញ។ ពិតណាស់គេខ្លាច គេរអា ហើយគេនឹងសួរថា មានរឿងអ្វីកើតឡើង? សូម្បីរឿងនោះជារឿងតូចក៏យើងមិនត្រូវមើលរំលងបានដែរ»។
លោកស្រីបានលើកឡើងផងដែរថា ព័ត៌មានលើបណ្តាញសង្គម និងនៅលើមាតិកាព័ត៌មានរបស់ក្រុមហ៊ុនព័ត៌មានអន្តរជាតិល្បីៗ ទោះរឿងតូចតាច ប៉ុន្តែវិនិយោគិនបរទេសតែងយកចិត្តទុកដាក់ និងតម្រូវឱ្យមានការដោះស្រាយ។
លោកស្រីនិយាយថា៖ «នៅពេលព័ត៌មានអវិជ្ជមានផ្ទុះឡើងចំពោះស្ថាប័នដែលយើងធ្វើការងារវិនិយោគជាមួយ បើគាត់មានជាប់ពាក់ព័ន្ធ តើគាត់មានជំហរដោះស្រាយយ៉ាងដូចម្តេច? យើងត្រូវហ៊ានទទួលខុសត្រូវ»។
កន្លងមកមានរបាយការណ៍ស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិល បង្ហាញពីការជំពាក់បំណុលវ័ណ្ឌករបស់អតិថិជនដែលប្រើប្រាស់កម្ចីពីស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏ភ្នាក់ងារឥណទានជនបទដែលធ្វើឱ្យអ្នកជាប់បំណុលមិនអាចមានលទ្ធភាពសងត្រឡប់។
លោកស្រីក៏ជឿថា បញ្ហាអវិជ្ជមានមិនមែនគ្មានសម្រាប់អតិថិជនប្រើប្រាស់ប្រាក់កម្ចីរាប់សិបលាននាក់នោះឡើយ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនជឿថា អ្នកខ្ចីប្រាក់ទាំងប្រមាណ ៣ លាននាក់នោះគ្មានបញ្ហាទេ។ តិច ឬច្រើនគង់តែមាន។ ខ្ញុំឆ្លើយសំណួរច្រើនទៅវិនិយោគិនបរទេស ដែលសួរក្រោយឃើញព័ត៌មានអវិជ្ជមាននោះ។ គាត់ត្រូវសួរមកយើង ព្រោះយើងជាអ្នកគ្រប់គ្រងមូលនិធិសម្រាប់ពួកគាត់យកមកប្រើប្រាស់»។
ជំហរវិស័យហិរញ្ញវត្ថុនៅកម្ពុជាតែងត្រូវបានចោទសួរឡើងនៅពេលធនាគារក្រៅប្រទេសណាមួយដួលរលំ។ ជាក់ស្តែងកាលពីដើមខែមីនាកន្លងមក ការប្រកាសក្ស័យធនរបស់ធនាគារ Signature Bank (SBNY.O) និងធនាគារ Silicon Valley Bank ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរីកសាយភាយឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ទីផ្សារហិរញ្ញវត្ថុសកល។
ក្នុងពិធីចែកសញ្ញាបត្រនៅរាជធានីភ្នំពេញកាលពីពាក់កណ្តាលខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ករណីដួលរលំធនាគាររបស់អាមេរិកទាំង ២ មិនបានបង្កហានិភ័យដល់ប្រព័ន្ធធនាគារកម្ពុជាឡើយ។
លោកបន្ថែមថា បញ្ហាទាំងនេះធ្លាប់បានកើតលើកទី ១ ក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧ ដោយពេលនោះពិតជាច្របូកច្របល់ក្នុងប្រព័ន្ធធនាគារនៅតាមបណ្តាប្រទេសនានារាប់ទាំងកម្ពុជាផងដែរ។
លោកបន្តថា រហូតដល់ឆ្នាំ ២០០៨ វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលដែលផ្តើមចេញពីការដួលរលំនៃធនាគាររបស់អាមេរិកមួយដែរនោះ វាអត់បានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាឡើយ ហើយកម្ពុជាក៏បានខិតខំទប់ស្កាត់ហានិភ័យដោយដំឡើងអត្រាកាតព្វកិច្ចចុះបញ្ជីពី ៧ ទៅ ១២ ភាគរយកាលពីពេលនោះបម្រុងទុកនូវស្ថានភាពអាក្រក់។
លោកថ្លែងថា៖ «ឥឡូវនេះបន្ទាប់ពីបណ្តាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយទម្លាក់អត្រាទុនបម្រុងកាតព្វកិច្ចមកត្រឹម ៧ ភាគរយ។ អ៊ីចឹងទេ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងដែលបានដាក់ប្រាក់នៅក្នុងធនាគារសូមកុំស្លន់ស្លោ! ការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ»។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារកម្ពុជា មានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៤៕