ភ្នំពេញៈ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេរសម្រេចបានក្នុងទំហំទឹកប្រាក់ ២ ៤៤៩,៤ លានដុល្លារ មានការថយចុះប្រមាណ ៧០៥,៦ លានដុល្លារអាមេរិក ត្រូវជា ២២,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរ (TAFTAC) បាននិយាយថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីមូលហេតុសេដ្ឋកិច្ចសកលដូចជា វិបត្តិអតិផរណា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិកូវីដ១៩ ជាដើម។
លោកបានប្រាប់ថា៖ «ខ្ញុំគិតថា វានឹងអាចបន្តចូលដល់ត្រីមាសទី២ នេះបើតាមការធ្វើការអង្កេតនៅក្នុងចំណោមសមាជិករបស់យើង។យ៉ាងណាក៏ដោយ គួររំឭកថា ស្ថានភាពនាំចេញរបស់យើងនៅដើមឆ្នាំមុន (២០២២) គឺល្អមែនទែន ដូច្នេះនៅពេលស្ថានភាពអាក្រក់ដូចពេលនេះកើតឡើង ការធ្លាក់ចុះក៏ឃើញខ្លាំងដែរ»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាកម្ពុជា បានលើកឡើងស្រដៀងគ្នានឹងលោក កាំង ម៉ូនីកា ដែរថា កត្តាសំខាន់ ដែលធ្វើឱ្យការនាំចេញក្នុងវិស័យកាត់មានការធ្លាក់ចុះនៅដើមឆ្នាំនេះ ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ ខណៈដែលធនាគារសហរដ្ឋអាមេរិក បន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។
លោកថ្លែងថា៖«នៅទីផ្សារអឺរ៉ុប និងអាមេរិក ការបញ្ជាទិញមានការធ្លាក់ចុះ ដោយសារតែចំណូលរបស់ប្រជាជននៅក្នុងប្រទេសទាំងនេះ មានការធ្លាក់ចុះច្រើនមែនទែន។បញ្ហាវិបត្តិអតិផរណា បានធ្វើប្រជាជនចាប់ផ្តើមកាត់បន្ថយការចំណាយមិនចាំបាច់របស់ពួកគេ ជាពិសេសការចំណាយលើសម្លៀកបំពាក់ ស្បែកជើង»។
លោកបន្តថា៖ «ម្យ៉ាងវិញទៀត ការបញ្ជាទិញកាលពីដើមឆ្នាំមុន(២០២២) មានក្រុមហ៊ុនខ្លះនៅសល់ក្នុងស្តុកមិនទាន់លក់អស់នៅឡើយ ទើបមិនមានការបញ្ជាទិញថ្មី ដែលនាំឱ្យដាក់បញ្ជាទិញនៅដើមឆ្នាំនេះ មានការធ្លាក់ចុះ»។
ចំណែក អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានថ្លែងថា វិបត្តិសកល ជាកត្តាសំខាន់ដែលអាចរុញច្រានឱ្យការនាំចេញផលិតផលកាត់ដេរកម្ពុជា មានការធ្លាក់ចុះ។
លោក លឹម ហេង បានថ្លែងថា៖«ការនាំចេញ មានសញ្ញាថយចុះនេះ វាមានកត្តា២ ដោយកត្តាទី១ គឺកត្តាអតិផរណានៅទីផ្សារដែលបានបញ្ជាទិញពីយើង ដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត។ដោយឡែកកត្តាទី២ គឺកត្តាទំនិញតាមរដូវកាល មានន័យថា ថ្វីដ្បិតតែដើមឆ្នាំនេះការនាំចេញធ្លាក់ចុះមែន ប៉ុន្តែវានឹងប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ ឬុចុងឆ្នាំនេះ»។
ចំណែកឯ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងដែរថា ការបន្តអូសបន្លាយនៃវិបត្តិសេដ្ឋកិច្ចសកល ជាពិសេសបញ្ហាដែលកើតដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុប និងអាមេរិក មានភាពទ្រុឌទ្រោម។
លោកថ្លែងថា ៖ «ភាពទ្រុឌទ្រោមនេះ វាមិនមែនជាការធ្លាក់ចុះយ៉ាងគំហុកដូចធ្លាក់ក្នុងវិបត្តិនោះទេ តែជាធ្វើឱ្យថមថយកម្លាំងសេដ្ឋកិច្ចបន្តិចម្តងៗ ដែលធ្វើឱ្យមានការធ្លាក់ចុះនៃការបញ្ជាទិញបន្តិចម្តងៗ ធ្វើឱ្យមានរបត់នៃការផ្លាស់ប្តូរ Fashion សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់អឺរ៉ុប និងអាមេរិក ទើបការបញ្ជាទិញថយចុះបែបនេះ»៕