
លោកស៊ុន ចាន់ថុល និងតំណាងIFCរបស់ធនាគារពិភពលោកពេលចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១៩ មេសា ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ កម្ពុជាបានចុះកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មថ្មី ដើម្បីលើកកម្ពស់ការតភ្ជាប់និងសមាហរណកម្មក្នុងតំបន់។
កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល និង តំណាង IFC របស់ធនាគារពិភពលោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ (IFC) នៃធនាគារពិភពលោកបង្ហាញថា កិច្ចព្រៀងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងនេះក៏ធ្វើឡើងដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារណៈនិងវិស័យឯកជន (PPP) សម្រាប់មជ្ឈមណ្ឌលភ័ស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុផងដែរ។
ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌលភ័ស្តុភារកម្ម និង គាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃ ដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជន ដែលមានគុណវុឌ្ឍិស្របតាមច្បាប់ប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបង្ហាញថា គម្រោងនេះ ត្រូវបានគេរំពឹងថានឹងដំណើរការឡើងជាដំណាក់កាលដោយប្រើដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ មជ្ឈមណ្ឌលភ័ស្តុភារកម្មថ្មីនេះមានទីតាំងនៅភាគនិរតីតាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការតភ្ជាប់ល្អជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។
មជ្ឈមណ្ឌលមណ្ឌលភ័ស្តុភារកម្មនេះអាចបំពេញបន្ថែមទៅឱ្យកំពង់ផែក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និង ពាណិជ្ជកម្មតែមួយគត់របស់កម្ពុជាដែលគ្រប់គ្រង ២ ភាគ ៣ នៃចំនួនកុងតឺន័រ ទាំងអស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភ័ស្តុភារកម្មអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌលភ័ស្តុភារកម្មអាទិភាពចំនួន២ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើងគឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្ទេរភ័ស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោកបន្ថែមថា ៖«តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសកលរបស់ពួកគេនៅពេលដែលយើងស្វែងរកជម្រើសដ៏ល្អបំផុតដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្មដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា»។
តំណាងរបស់ IFC ប្រចាំកម្ពុជាលោក Asad Yaqub បានថ្លែងថាការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជួយដល់វិស័យផលិតកម្មដែលផ្តោតលើការនាំចេញរបស់កម្ពុជា ជំរុញចង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយនឹងតំបន់។
លោកបន្ថែមថា៖ «ដោយមានការគាំទ្រពី IFC នេះគឺជា គម្រោងមួយដែលនឹងត្រូវរៀបចំឡើងស្របតាមឧត្តម្មានុវត្តន៍សកលដើម្បីបង្កើតទីផ្សារដែលមានលក្ខណ:ប្រកួតប្រជែងនិងទាក់ទាញវិនិយោគិនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ការនាំមកនូវហិរញ្ញប្បទានពីវិស័យឯកជននឹងជួយកាត់បន្ថយបន្ទុកលើហិរញ្ញប្បទានរបស់ប្រទេស ហើយក៏ជាគំរូមួយសម្រាប់ការអភិវឌ្ឍប្រតិបត្តិការដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងភាពជាដៃគូរវាងវិស័យសាធារណ:និងវិស័យឯកជន (PPP) នៅក្នុងប្រទេស»។
សេចក្ដីប្រកាសព័ត៌មានរបស់ IFC បញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មទំនើបរួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយពន្លឿនចលនានៃការនាំចេញ ការនាំចូលនិងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេសដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់បំផុតនៅអាស៊ីបូព៌ានិងជាឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង និងការធ្វើពិពិធកម្ម។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថា នឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារ និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រោមកិច្ចសន្យារយៈពេលវែងក្នុងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។
ការផ្តល់កិច្ចសន្យាទៅឱ្យអ្នកដេញថ្លៃឈ្នះទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៤ ដោយមជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ឆ្នាំ៕