ភ្នំពេញៈ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅលក់នៅទីផ្សារអន្តរជាតិរយៈពេល៣ខែដំបូងឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៨៩,៥៥ លានដុល្លារ ថយចុះជិត ១០ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ខណៈមន្ត្រីជំនាញប្រាប់ថា តម្លៃកៅស៊ូនៅកម្ពុជាគឺពឹងផ្អែកស្ទើរទាំងស្រុងលើទីផ្សារអន្តរជាតិ។
របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១៩ ខែមេសា ឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ កម្ពុជាប្រមូលប្រាក់បាន ៨៩ ៥៥៦ ១០០ ដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយក្នុងនោះការនាំជ័រកៅស៊ូចេញមានបរិមាណ ៦៥ ៩២១តោន កើនឡើង ៤ ១៨២ តោន (ស្មើ ៦,៨ ភាគរយ) បើធៀបត្រីមាសទី ១ ឆ្នាំ ២០២២ ដែលមានទឹកប្រាក់ ៨៩ ០៧៥ ៨៣៩ ដុល្លារ និងការនាំចេញឈើកៅស៊ូ បាន ៤៨០ ២៦១ ដុល្លារ (២ ៣០៦ ម៉ែត្រគុប)។
របាយការណ៍ឱ្យដឹងទៀតថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ជ័រកៅស៊ូមានតម្លៃជាមធ្យម ១៣៥១ ដុល្លារក្នុង ១ តោន ថយចុះ ២៤៣ដុល្លារ ឬស្មើនឹង ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមេសាថា ដោយសារទីផ្សារកៅស៊ូកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះបើទីផ្សារអន្តរជាតិមានស្ថានភាពមិនល្អ វាក៏ធ្វើឱ្យតម្រូវការ និងតម្លៃធ្លាក់ចុះដែរ។ ជាក់ស្តែងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចពិភពលោកនាពេលនេះ គឺបានធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូមិនមានច្រើនដូចនៅពេលមុនឡើយ។ លោកបានបន្តទៀតថា ការធ្លាក់ចុះតម្លៃកៅស៊ូ ១ រយៈនេះ គឺដោយសារតែកត្តាមួយចំនួនដូចជា កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដែលកំពុងមាននិន្នាការធ្លាក់ចុះ (តម្រូវការតិចជាងមុន), ការដំឡើងអត្រាការប្រាក់របស់អាមេរិកក្នុងន័យរឹតបន្តឹងចរាចរណ៍ប្រាក់ដុល្លារ, បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន ព្រមទាំងបញ្ហាមួយចំនួនទៀត។
លោកលើកឡើងថា៖ «ទោះបីទឹកប្រាក់នាំចេញកៅស៊ូរបស់កម្ពុជាពេលនេះធ្លាក់ចុះ ប៉ុន្តែតាមការព្យាកររបស់សមាគមផលិតកៅស៊ូធម្មជាតិ គឺតម្លៃកៅស៊ូ ក្នុងឆ្នាំ ២០២៣ នេះនឹងមិនអាក្រក់ខ្លាំងទេ»។
យោងតាមលោក ហ៊ឹម អូន ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ក្នុងស្រុក គឺភាគច្រើនផលជ័រកៅស៊ូដែលប្រមូលបានត្រូវឈ្មួញនាំយកទៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងសហគមន៍អឺរុប ជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពការដាំដុះ និងពង្រីកផ្ទៃដីថ្មីដាំកៅស៊ូនៅកម្ពុជា គឺមានតិចតួចបំផុត។ នេះតាមលោក ហ៊ឹម អូន។
ប្រធានក្រុមហ៊ុន សុភ័ក្ត្រនីកា ដែលជាក្រុមហ៊ុនវិនិយោគ និងនាំចេញជ័រកៅស៊ូ លោក ម៉ែន សុភ័ក្ត្រ កាលពីចុងឆ្នាំ ២០២២ធ្លាប់បានឱ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន-តៃវ៉ាន់ គឺជាហេតុផលមួយដែលធ្វើឱ្យតម្លៃជ័រកៅស៊ូសកលធ្លាក់ចុះ ព្រោះប៉ះពាល់ដល់តម្រូវការ។
លោកលើកឡើងថា៖ «កត្តាសេដ្ឋកិច្ចសកល និងភូមិសាស្ត្រនយោបាយដែលបានបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន និងតៃវ៉ាន់ ក៏ជាមូលហេតុចម្បងនៃការធ្លាក់ចុះតម្រូវការកៅស៊ូផងដែរ។ យើងដឹងហើយថា ទីផ្សារប្រទេសចិនតំណាងឱ្យភាគច្រើននៃតម្រូវការសរុបរបស់ពិភពលោក និងបញ្ហានៅអឺរ៉ុបបានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ»។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមចុងឆ្នាំ ២០២២ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១៥ ៣៣២ ហិកតា ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ ក្នុងឆ្នាំ ២០២២ ទឹកប្រាក់បានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានសរុប ៥៣១ ៨៦៣ ៨៤២ ដុល្លារ ក្នុងនោះជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងឈើកៅស៊ូ ៤ ០៨៩ ២៧៣ ដុល្លារ៕